Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តកំពត អញ្ជើញ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិភូ​ក្រសួងមហាផ្ទៃ ក្រោម​វត្តមាន ឯកឧត្តម សក់ សេដ្ឋា​

បានផុស

នៅ

កំពត ៖ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិភូ​ក្រសួងមហាផ្ទៃ ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ខេត្តកំពត ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​អំពី​វឌ្ឍនភាព​ទូទៅ ដោយ​បាន​ផ្ដោត​សំខាន់​ពាក់ព័ន្ធ ការរៀបចំ​ក្របខណ្ឌ​មន្ត្រីរាជការ ការរៀបចំ​ថវិកា ការ​ជ្រើសរើស​ទីតាំង​បណ្ដោះអាសន្ន​សម្រាប់​បម្រើ​ការងារ​រដ្ឋបាល និង​ការ​ជ្រើសរើស​ទីតាំង​ជាក់លាក់​សម្រាប់​សាងសង់​អគារ​ថ្មី​រដ្ឋបាល​ក្រុង​ផង​ដែរ​។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា កិច្ចប្រជុំ​ពេលនេះ វត្ថុបំណង​សំខាន់ គឺ​ការពិនិត្យ វឌ្ឍនភាព និង​ការជំរុញ​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ​នេះ​ឲ្យ​បាន​លឿន​ឆាប់រហ័ស ដោយ​ផ្អែក​តាម​អនុលោម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​និង​តាម​ការ​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ដែល​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​នៅ​ថ្ងៃទី​២៥​ ខែកក្កដា ​២០២១​នេះ​។ ហើយ​បន្ទាប់មក​ការប្រកាស​ចូលកាន់​មុខតំណែង តួនាទី​ក្រុមប្រឹក្សា​និង​គណៈ​អភិបាលក្រុង ក៏​នឹង​ជំរុញ​ឲ្យ​បាន​លឿន​យ៉ាងយូរ​នៅ​ថ្ងៃទី​០១​ខែសីហា​២០២១ ខាងមុខនេះ​។​

ឯកឧត្តម សក់ សេដ្ឋា ក៏បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ក៏​ដូច​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​រៀបចំ​ក្របខ័ណ្ឌ​មន្ត្រីរាជការ រដ្ឋបាល​ក្រុង​បូកគោ​នេះ ជា​ជំហាន​ដំបូង​ឲ្យ​ស្រប​ទៅ​នឹង​ទំហំ​ការងារ​ចាំបាច់​ចៀសវាង​មន្ត្រី​តែ​ម្នាក់ ទទួលបន្ទុក​ជំនាញ​ច្រើន​វិស័យ​ដែល​នាំ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការងារ​បម្រើសេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​។ ទាក់ទិន​នឹង​ការងារ​ផ្ទេរ​ក្របខណ្ឌ​និង​ការជ្រើសរើស ត្រូវអនុវត្ត​តាម​នីតិ​វិធី ដោយមាន​ការទំនាក់ទំនង​ពី​ក្រសួង​មុខងារសាធារណៈ ហើយ​ការតែងតាំង​ក៏​សូម​ឱ្យមាន​ទៅតាម​ការិយាល័យ​ចំណុះ​តាម​ចំនួន​កម្រិត​ជាក់ស្ដែង​ដើម្បី​និរន្តរភាព​ការងារ រង់ចាំ​ពេល​ក្រោយ​បន្តបន្ទាប់​ជ្រើសរើស​បន្ថែម​តាម​ភាពជាក់ស្ដែង​នៃ​តម្រូវការ​ទំហំ​ការងារ​ជាក់ស្ដែង​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​បញ្ជាក់ដែរ​ថា​ ការ​អភិវឌ្ឍ​នៅក្នុង​តំបន់ ទីក្រុង​បូកគោ​គឺ​អភិវឌ្ឍន៍​ទៅតាម​អ្វីដែល​ប្លង់គោល​របស់​ក្រសួង​រៀបចំ​ដែនដី​និង​នគររូបនីយកម្ម បានអនុម័ត​។ ក៏ប៉ុន្តែ​តំបន់ការពារធម្មជាតិ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ចូលរួម​សហការគ្នា​ឲ្យ​បានល្អ​ដើម្បី​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ជៀសវាង​កាប់ឆ្កា​អនាធិបតេយ្យ​ខុសច្បាប់​កំណត់​។

បន្ទាប់មក​ប្រតិភូ​ក្រុមការងារ​ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​នៅ​ជិត​ផ្លូវ​ឡើង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​និង​ទីតាំង​អាគារ​រដ្ឋបាល​បណ្ដោះអាសន្ន​នៅ​ជិត​នោះ​ផងដែរ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម