ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី បាននាំយកសម្ភារៈ បរិក្ខានិងថវិកាមួយចំនួនប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យសង្គមថ្មី ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលនៅកម្ពុជា។
ពិធីប្រគល់ទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័សង្គមថ្មី ស្រុកសង្គមថ្មី។
លោក សំ លាងទ្រី នៅក្នុងឱកាសនោះបានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាល តែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានមានប្រសាសន៍លើកឡើងថា អំណោយដែលនាំមកប្រគល់ជូននៅពេលនេះ គឺមួយផ្នែក បានមកពីការចូលរួមពីលោក ចាន់ នន្នវិទ្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មីនិងមួយផ្នែកទៀតជាការចូលរួមរបស់ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី។
លោកបន្តទៀតថា អំណោយទាំងនេះ គឺបានបញ្ជាក់អោយឃើញពីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដែលកំពុងឆ្លងរាលដាលនៅក្នុងប្រទេសរបស់យើង។
លោកប្រធានក្រុមការងារ ក៏បានថ្លែងណែនាំដល់អាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកសង្គមថ្មី ត្រូវបន្តណែនាំ អប់រំ ដល់បងប្អូនប្រជាពលរដ្ឋ អោយមានការយល់ដឹងពីជំងឺកូវីដ-១៩ ពិសេសណែនាំពីវិធីការពារ កុំអោយឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល«៣កុំនិង៣ការពារ»ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើងនិងសហគមន៍របស់យើង។
លោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី បានថ្លែងប្រាប់អោយដឹងផងដែរថា៖សម្រាប់ស្រុកសង្គមថ្មី មានមណ្ឌលធ្វើចត្តាឡីស័កចំនួន២កន្លៃង ដោយអាជ្ញាធរស្រុកគ្រោងនឹងរៀបចំទីតាំងមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែងទៀត។ក្នុងស្រុកទាំងមូលមានពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន១៧០នាក់ មានអ្នកឆ្លងជំងឺកូវីដ.១៩ ចំនួន១០នាក់ និងបានបិទខ្ទប់ទីតាំងនិងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។
គួរបញ្ជាក់ថា អំណោយដែលនាំយកទៅប្រគល់ជូននៅពេលនេះរួមមាន ម៉ាស់ចំនួន៤០០០ម៉ាស់ អាល់កុលចំនួន៤កាន ទឹកបរិសុទ្ធចំនួន៥០កេសនិងថ្នាំផ្តាសាយចំនួន៥០ប្រអប់និងឧបត្ថម្ភថវិកាចំនួន១លានរៀល៕
អត្ថបទ ៖ ស្រីរ័ត្ន