ព័ត៌មានជាតិ
លោក ម៉ៅ សុផាន់ ណែនាំអាជ្ញាធរខេត្តព្រះវិហារ យកចិត្តទុកដាក់គ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អ
អញ្ជើញបិទសន្និបាតការងាររបស់រដ្ឋបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ៅ សុផាន់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានណែនាំឱ្យអាជ្ញាធរខេត្តនេះ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លីប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបិទសន្និបាតនេះ លោក គីម រិទ្ធី បានរាយការណ៍ជូនលោក ម៉ៅ សុផាន់ អំពីលទ្ធផលការងារដែលសម្រេចបាន ក្នុងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះវិហារ មានដូចជា ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី ព្រៃឈើ ជលផល ការផ្តល់សេវាសង្គម ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម ជាដើម។
បន្ទាប់ពីបានស្ដាប់ការរាយការណ៍នេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះវិហារ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នាយ៉ាងល្អបំពេញតួនាទី ភារកិច្ច ការទទួលខុសត្រូវ រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។

ក្នុងនាមជាប្រធានក្រុមការងារចុះមុលដ្ឋានខេត្តព្រះវិហារ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានផ្ដល់គោលការណ៍ណែនាំដល់រដ្ឋបាលខេត្តព្រះវិហារលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន សម្រាប់ជាទិសដៅបន្តអនុវត្តនៅក្នុងឆ្នាំ២០២៤ មានដូចជា ការពង្រឹងខឿនការពារជាតិ និងការពារសន្តិសុខជាតិ ឱ្យបានរឹងមាំ បន្តជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពង្រឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងពង្រឹងរបៀបរបបការងារ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង។
បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅឆ្នាំ២០២៤ខាងមុខនេះ ជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាព វៃឆ្លាត និងស្អាតស្អំ។ លោក បានបន្តថា ទាំងនោះក៏ជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ ដែលនឹងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត៕


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?