ព័ត៌មានជាតិ
គ្រឿងចក្ររបស់ក្រុមហ៊ុនកំពតផត កំពុងឈូសឆាយលើដីរបស់ប្រជាពលរដ្ឋតាមអំពើចិត្ត
កំពត ៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន១៩គ្រួសារ ថាក្រុមហ៊ុនកំពតផត បានយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីរបស់ពួកគេ នៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១នេះ អភិបាលរងស្រុកទឹកឈូបានដឹកនាំក្រុមការងារ និងកងកម្លាំងចម្រុះចុះទៅធ្វើការហាមឃាត់បញ្ឈប់សកម្មភាពឈូសឆាយសិន រង់ចាំការដោះស្រាយឲ្យជ្រះស្រឡះ។ ប៉ុន្តែក្រោយផ្អាកគ្រឿងចក្រមិនបានប៉ុន្មានម៉ោងផង ក្រុមហ៊ុនក៏បញ្ជាឲ្យឈូសឆាយឡើងវិញ។

អភិបាលរងស្រុកទឹកឈូ លោក អ៊ឹម ចាន់សោធន បានមានប្រសាសន៍ថា ការចុះមកហាមឃាត់សកម្មភាពឈូសឆាយដីនៅចំណុចភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាពេលនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ បានចោទប្រកាន់ថា ក្រុមហ៊ុនកំពតផតកំពុងធ្វើសកម្មភាពរំលោភលើដីរបស់ខ្លួន។

លោកអភិបាលរងស្រុក បានបន្តថា ការចុះមកពេលនេះ ដើម្បីហាមឃាត់សកម្មភាពគ្រឿងចក្រសិន ដោយរង់ចាំការដោះស្រាយ ពីសំណាក់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ រួចរាល់ទើបអាចបន្តធ្វើសកម្មភាពបាន ចំពោះករណីនេះលោកនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំ ដើម្បីរិះរកវិធានការដោះស្រាយបន្តទៀត។

លោក អ៊ឹម ចាន់សោធន បានបញ្ជាក់ដែរថា ក្រុមហ៊ុនកំពតផតហាក់មានចេតនាមិនចង់ចូលរួមសហការជាមួយនឹងអាជ្ញាធរនោះទេ ហើយកន្លងមក អាជ្ញាធរបានកោះអញ្ជើញតំណាងក្រុមហ៊ុនជាច្រើនសារ ឲ្យចូលរួមពិភាក្សាដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តែត្រូវខាងក្រុមហ៊ុនបដិសេធ ហើយចេះតែបន្តធ្វើសកម្មភាពឈូសឆាយលើដីប្រជាពលរដ្ឋដែលនៅជាប់ និងនៅក្បែរនោះរហូតគ្មានក្រែងរអា ព្រោះអះអាងថាជាដីរបស់ក្រុមហ៊ុន។

តំណាងប្រជាពលរដ្ឋ១៩គ្រួសារ បានប្រាប់ឲ្យដងថា ដីរបស់ពួកគេមានប័ណ្ណកាន់កាប់ត្រឹមត្រូវ និងបានអាស្រ័យផលជាច្រើនឆ្នាំ។ ហើយពីមុនមកមិនដែលមានបញ្ហាអ្វីកើតឡើងទេ ប៉ុន្តែចាប់ពីដីកំពតឡើងថ្លៃនៅឆ្នាំ២០១៩រហូតមក ក្រុមហ៊ុនចេះតែវាទព្រំរបស់ខ្លួនកាន់តែធំទៅៗ រំលងភ្នំ ឆ្លងអូរ រហូតមកដល់ដីរបស់ពួកគេទៀត។ ជាមួយនេះ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ជួយជំរុញ និងពន្លឿនការដោះស្រាយជូនពួកគេឲ្យបានឆាប់រហ័សបំផុត ព្រោះបច្ចុប្បន្នក្រុមហ៊ុនមិនត្រឹមតែបំផ្លាញដំណាំ និងវាយកម្ទេចរបងព្រំដីនោះទេថែមទាំង យកគ្រឿងចក្រមកឈូសឆាយតាមអំពើចិត្តទៀតផង។

ជុំវិញករណីដដែល បើតាមការបញ្ជាក់ពី លោកអភិបាលរងស្រុកទឹកឈូបានបញ្ជាក់បន្ថែមថា ដីរបស់ក្រុមហ៊ុនដែលបានប្រមូលទិញពីប្រជាពលរដ្ឋ ៥៨គ្រួសារ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ អំឡុងឆ្នាំ២០១៥ និងមានគំនូសប្លង់កំណត់ព្រំត្រឹមត្រូវ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានពលរដ្ឋជាច្រើននាក់ បានដាក់ពាក្យប្តឹងដល់អាជ្ញាធរ ដោយចោទប្រកាន់ថាក្រុមហ៊ុនកំពតផត បានប្រើ គ្រឿងចក្រឈូសឆាយលើដីរបស់ពួកគេ។

តាមប្រភពពីប្រពលរដ្ឋមានលំនៅឋានក្បែរទីតាំងដីជម្លោះបានប្រាប់ឲ្យដឹងថា ក្រោយការចុះទៅហាមឃាត់មិនបានប៉ុន្មានម៉ោងផង ខាងក្រុមហ៊ុនក៏បានបញ្ជាគ្រឿងចក្រឲ្យមកឈូសឆាយឡើងវិញតែដដែលហ្នឹង មើលទៅខាងក្រុមហ៊ុនហាក់មិនខ្លាចញញើតអ្វីទាំងអស់។ ចំពោះសកម្មភាពបែបនេះ គេសង្ស័យថាក្រុមហ៊ុនកំពតផត ប្រហែលជាមានខ្នងបង្អែកមិនស្តើងនោះទេ៕
ដោយ ៖ សេង ណារិទ្ធ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


