Connect with us

ព័ត៌មានជាតិ

ច្បាប់ចែងច្បាស់ណាស់ ដឹក​លើស​ទម្ងន់​ចាប់​ពី ២០% ពិន័យ​ជាប្រាក់ ឃាត់ទុកមួយ​ឆ្នាំ​

បានផុស

នៅ

មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បានចែងថា រាល់យានយន្តដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ រើទំនិញចេញ និងឃាត់យានជំនិះទុក ១ឆ្នាំ។

មន្រ្តីក្រសួង​សាធារណការ​ បាន​ចុះ​ផ្សព្វផ្សាយ​ពន្យល់ដល់ម្ចាស់អាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ និងរណ្តៅដី អំពីច្បាប់ស្តីពីផ្លូវថ្នល់ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ​លើ​បណ្តាញផ្លូវថ្នល់ និងលិខិតបទដ្ឋានផ្សេងៗទៀតដែលមានជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនៃផ្សព្វផ្សាយនេះ ក្នុងគោលបំណងឱ្យម្ចាស់យានយន្ត ម្ចាស់អាជីវកម្មកិនថ្ម ខ្សាច់ និងដីនៅទូទាំងប្រទេស ចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ចៀសឲ្យបាន​ការដឹកលើស​ទម្ងន់​ដែលនាំឲ្យផ្លូវថ្នល់ឆាប់ខូច និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដើម្បីអប់រំជុំវិញច្បាប់ចរាចរណ៍ផ្លូវ​គោក ការផាកពិន័យ និងការឃាត់ទុកយានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់។

ក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បានចែងថា រាល់យានយន្តដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ឆ្នាំ។

ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមអំពាវនាវចំពោះក្រុមហ៊ុន និងឯកជនដែលប្រកបអាជីវកម្មផ្នែកដឹកជញ្ជូនតាមរថយន្តធុនធ្ងន់ទាំងអស់ ប្រកបមុខរបរទទួលទានដោយ​ទទួលខុសត្រូវ ជៀសវាងផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់ដែលនាំឱ្យខាតបង់ថវិកា ពេលវេលារកស៊ីរបស់ខ្លួន និង​ដើម្បី​រួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តាមអាយុកាលកំណត់៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម