ព័ត៌មានជាតិ
នៅកម្ពុជា ដំរីអាស៊ី មានចំនួនប្រមាណ ពី៤០០ ទៅ៦០០ ក្បាល
នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ី មានចំនួនប្រមាណ ពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះ ដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណ ជាង៧០ក្បាល។ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានណ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
សម្រាប់ទិវាដំរីពិភពលោក ១២ សីហានេះ លោក នេត្រ ភក្ត្រា បានថ្លែងឲ្យដឹងថា ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រករបស់វា ក្នុងសកលលោកដោយសារតែ នៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្ស និងសត្វដំរី និងការចាប់ផ្ស៊ាំ យកមកចិញ្ចឹមក្នុងស្រុក ដែលយើងទាំងអស់ចាំបាច់ចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។

លោកថា ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម ជាមួយប្រទេសនានាលើពិភពលោក ក្នុងការអភិរក្សសត្វដំរី ដែលនៅលេសសល់ នៅលើពិភពលោក ហើយត្រូវបានចាត់បញ្ចូល ជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN) ដោយបានអំពាវនាវឲ្យបញ្ឈប់សកម្មភាពទាំងឡាយ ដែលមានលក្ខណៈគំរាមកំហែង ដល់ដំរីជាពិសេសកាត់បន្ថយ ជម្លោះរវាងមនុស្សនិងដំរី។
លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា យោងតាមការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ី នៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វា បានបាត់បង់អស់ ជិត៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ី សរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។

លោកបានថ្លែងបន្តថា ការរិចរិលនៃទីជម្រក បានធ្វើឲ្យដំរីអាស៊ី រស់នៅបែកខ្ញែកពីគ្នា និងបង្កជាឥទ្ធិពលអវិជ្ជមាន ដល់ស្ថេរភាពយូរអង្វែង របស់ប្រភេទដ៏សំខាន់នេះ។ យោងតាមទិន្នន័យ ពីម៉ាស៊ីនថតស្វ័យ
ប្រវត្តិ ដែលបានដាក់ នៅក្នុងតំបន់ការពារធម្មជាតិនានា បានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។ វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹម របស់ក្រុមអ្នកអភិរក្សនិងក្រុមអ្នកបរិស្ថាន។
ទោះបីជាស្ថានភាព នៃការអភិរក្សតំបន់ការពារធម្មជាតិ មានភាពល្អប្រសើរផ្តល់ទីជម្រក ប្រភពទឹក និងចំណីសម្រាប់សត្វដំរីរស់នៅ តែកត្តាគំរាមកំហែងមួយចំនួន នៅតែមានជាពិសេស ជម្លោះរវាងមនុស្ស និង ដំរី ពោលគឺការរុករានទន្ទ្រាន កាន់កាប់ដីព្រៃរដ្ឋ ខុសច្បាប់របស់ក្រុមជនខិលខូច បានប៉ះពាល់ដល់ទីជម្រករបស់សត្វដំរី និងកន្លែងដែលដំរី ធ្លាប់រស់នៅនិងរកចំណី និងប្រភពទឹក ដែលពេលខ្លះ មានការជាន់កម្ទេចដំណាំដាំដុះ របស់ប្រជាពលរដ្ឋ ពីសំណាក់សត្វដំរីជាដើម។ ម្យ៉ាងទៀត គេក៏បានរកឃើញថា កូនដំរីព្រៃ កំពុងទទួលរងការគំរាមកំហែង ដោយសារតែការដាក់អន្ទាក់ និងការចាប់ដំរីព្រមកចិញ្ចឹម និងហ្វូងដំរីព្រៃ មានចំនួនតិចតួច ជាកត្តាគំរាមកំហែងផងដែរ។

ចំពោះមុខនៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី។ លោកបានបញ្ជាក់ថា ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងអង្គការផ្សេងៗទៀត ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឲ្យមានកំណើនចំនួនប្រភេទសត្វដំរីនេះ នៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឲ្យនៅគង់វង្ស ត្រូវបានរៀបចំឡើង សម្រាប់រយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់ នូវបញ្ហាអាទិភាពចំនួន៦។ ក្នុងនោះរួមមាន៖ ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឲ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥) បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦) អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះ៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


