Connect with us

ព័ត៌មានជាតិ

តើអ្នកវិភាគ មើលឃើញបែប ណា ចំពោះដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រី ការបរទេសចិន មកកម្ពុជាលើកនេះ?

បានផុស

នៅ

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ត្រូវបានសារព័ត៌មានបរទេសផ្សព្វផ្សាយថា នឹងមក បំពេញទ​ស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងប្រទេស៣ផ្សេងទៀត ចាប់ពីថ្ងៃទី១០​ ដល់ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០​២​១​។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់ព្រះរាជាណាចក្រកម្ពុជា មិនទាន់ បានចេញ​សេចក្ដីជូន​ព័ត៌​មាន ជុំវិញ​ដំ​ណើរ​ទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ នៅឡើយទេ គិតត្រឹម ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០​២១នេះ។

ប៉ុន្តែបើតាមសារព័ត៌មានបរទេស បានចុះផ្សាយថា ដំណើរទស្សនកិច្ច របស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរ ទេសចិន ​លោក វ៉ាង យី នៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង គឺដើម្បីធ្វើការ ទំនាក់ទំនងយុទ្ធសាស្ត្រស៊ីជម្រៅ បង្កើនកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងជំរុញការកសាងសហ គមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះលោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅ ទីក្រុងប៉េកាំងថា «ប្រទេសកម្ពុជា ក៏ដូចជាប្រទេស៣ផ្សេងទៀត មានភាពជិតស្និទ្ធនឹងភូមិសាស្ត្រ របស់ ប្រទេសចិន ហើយដំណើររបស់លោក វ៉ាង យី គឺនិយាយពីភាពស្មោះត្រង់របស់ចិន និងសារៈសំខាន់ ដែល ខ្លួនបានភ្ជាប់ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញ ទៅមក យ៉ាងជ្រាលជ្រៅ»។

លោក Wang Wenbin បានថ្លែងបន្តថា «ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយ ប្រទេសកម្ពុជា និងប្រទេស៣ផ្សេងទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ នៅក្នុងទំនាក់ទំនងទ្វេភាគី និងរួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌អន្តរជាតិ ក៏ដូចជាយុត្តិធម៌ រួមបញ្ចូលថាមពលវិជ្ជមានបន្ថែម ទៀត សម្រាប់លើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកទាំង មូល»។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នក វិភាគ​បញ្ហា​​នយោបាយជាតិ និងអន្តរជាតិ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី៨ ខែកញ្ញា នេះថា ដំ​ណើរទស្សនកិច្ច របស់ការបរទេសចិននេះ គឺជាខ្សែសង្វាក់នៃដំណើរទស្សនកិច្ចមួយ មកកាន់អាស៊ី ជារួម និងអាស៊ី​អាគ្នេយ៍​ជាពិសេស ហើយត្រូវបានធ្វើឡើងជាបន្តបន្ទាប់គ្នា ដែលកាលពីពេលថ្មីៗនេះ មាន ដំណើរទស្សនកិច្ច របស់​អនុប្រធានាធិបតី សហរដ្ឋអាមេរិក ទៅកាន់ប្រទេសិង្ហបុរី និងវៀតណាម។ កាលពី ពេលកន្លងទៅថ្មីៗនេះ ក៏មាន​ដំ​ណើរ​​​​ទស្សនកិច្ច របស់អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក មកកាន់ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោកបណ្ឌិត គិន ភា បានលើកឡើងថា ដំណើរទស្សនកិច្ច របស់លោក វ៉ាង យី គឺជាដំណើរទស្សនកិច្ចដ៏​មាន​​សា​រៈ​សំខាន់ ជាពិសេសប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជារួម ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា និយាយដោយឡែក។ មានសារៈសំាន់ ដោយសារពេលនេះ ស្ថិតក្នុងបរិបទនៃការប្រកួតប្រជែង ខាងភូមិ សាស្រ្ដនយោបាយ រវាងមហាអំ​ណា​ច​ទាំងពីរ ចិន និង​សហរដ្ឋអាមេរិក ដែលកំពុងមានលក្ខណៈស្រួចស្រាល ហើយដំណើរទស្សនកិច្ច របស់រដ្ឋ​មន្ត្រី​ការបរទេសចិននេះ វាគឺជាការជំរុញ ពង្រឹង និងពង្រីកទំនាក់ទំនង ទ្វេភាគី រវាងចិន ជាមួយនឹងបណ្ដារដ្ឋនៅ​អាស៊ីអាគ្នេយ៍ ក៏ដូចជាជាមួយប្រទេសកូរ៉េខាងត្បូង​ ដែលជាសម្ព័ន្ធ មិត្តរបស់សហរដ្ឋអាមេរិកផងដែរ។

សម្រាប់ប្រទេសកម្ពុជា អ្នកវិភាគរូបនេះ យល់ថា ក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានច្រើន យន្ត​ការ ទាំងយន្តការទ្វេភាគី និងយន្តការពហុភាគី ហើយជាការកត់សម្គាល់ ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ ទំនងមួយ ដ​ល់​កម្រិតកំពូល ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ដ។​ ការកត់សម្គាល់យ៉ាងដូច្នេះ គឺផ្ដោតទៅ លើវិស័យនយោ​បា​យ ដែលមានដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ជាញឹកញ៉ាប់ ដែលខុស ពីទំនាក់ទំនងកម្ពុជា-ស​ហរដ្ឋអាមេរិក ដោយកម្រឃើញមានដំណើរទស្សនកិច្ចផ្លូវការ ឬក៏ដំណើរទស្សន កិច្ចផ្លូវរដ្ឋ រវាងថ្នាក់ដឹកនាំកំពូល នៃ​ប្រទេសទាំងពីរញឹកញ៉ាប់ ដោយដូចកម្ពុជា-ចិននោះឡើយ។

លោកបណ្ឌិត គិន ភា បានលើកឡើងបន្តថា នៅក្នុងទិដ្ឋភាពនយោបាយដដែលនេះ គឺការគាំទ្រគ្នាទៅវិញ ទៅមក ក្នុង​វេទិកាអន្តរជាតិ វេទិកា​តំបន់ ក៏ដូចជាពិភព​លោក យើងឃើញថា កម្ពុជា-ចិន បានគាំទ្រគ្នាទៅវិញ ទៅ​មក​ច្រើន​ករណី ហើយជាទិដ្ឋភាពសេដ្ឋកិច្ច យើងឃើញថា​ប្រទេសទាំងពីរ មានទំនាក់ទំនងកិច្ចសហប្រតិ បត្តិការស៊ីជម្រៅ ទៅលើពាណិជ្ជកម្ម ដែលប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេ សម្រាប់ប្រទេសកម្ពុជា ជាអ្នកវិនិយោគធំជាងគេ​នៅ​កម្ពុជា និងក៏ជាម្ចាស់ជំនួយធំជាងគេផងដែរ សម្រាប់ប្រទេសកម្ពុជា។

ចំណែកឯទិដ្ឋភាពប្រវត្តិសាស្រ្ដវិញ កម្ពុជា-ចិន មានប្រវត្តិទំនាក់ទំនង ជាមួយគ្នាយូរអង្វែងណាស់មកហើយ ថ្វីបើ​ទំនា​ក់​ទំនងជាមួយផ្លូវការ ទើបតែមាននៅឆ្នាំ១៩៥៨ក៏ពិតមែន តែកេរ្ដិ៍ដំណែលប្រវត្តិសាស្រ្ដ គឺទំនាក់ ទំនងរវាង​ប្រ​ទេ​ស​ទាំងពីរ មានតាំងពីរាប់ពាន់ឆ្នាំមកហើយ។​ ម្យ៉ាងទៀត ទៅលើទិដ្ឋភាពវប្បធម៌វិញ យើង ឃើញថា វប្បធម៌ និង​ទំនៀម​ទម្លាប់ ប្រពៃណី របស់ប្រទេសចិនមួយចំនួន ហាក់បីដូចជា ត្រូវរ៉ូវគ្នា ស៊ីគ្នា ជា មួយប្រពៃណី ទំនៀមទម្លាប់ ដែលប្រជាពលរដ្ឋខ្មែរយើង ប្រតិបត្តិនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។

រីឯទំនាក់ទំនងលក្ខណៈឯកជន រវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរកម្ពុជា-ចិនវិញ ដោយលោកបណ្ឌិត គិន ភា បាន​រំ​លឹ​ក​អំពី​វត្ត​មាន របស់ព្រះករុណា ព្រះបាទ ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ តែ ព្រះអង្គតែង​តែ​ចំណាយពេលវេលា ជាច្រើននៅប្រទេសចិន ហើយទំនាក់ទំនង មនោសញ្ចេតនារវាងថ្នាក់ ដឹកនាំចិន ជាមួយព្រះ​បរម​រ​តន​កោដ្ឋ ក៏មានលក្ខណៈស៊ីជម្រៅ។ នៅពេលបច្ចុប្បន្ននេះ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏តែងតែធ្វើ ដំណើរទស្សនកិច្ចជាច្រើន នៅក្នុងប្រទេស​ចិន​ដែរ។

សម្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាវិញ ក៏មានទំនាក់ទំនងលក្ខណៈឯកជនល្អ ជាមួយ នាយក​រដ្ឋ​មន្ត្រី និងប្រ​ធានាធិ​​បតី​​ចិនផងដែរ ដែលនេះសបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនងកម្ពុជា-ចិន មាន លក្ខណៈស៊ី​ជ​ម្រៅ។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងក្នុងការបង្កើត សហគមន៍ដែល ជោគវាសនារួមគ្នា រវាង​ប្រទេសទាំងពីរ នៅខែមេសា ឆ្នាំ២០១៩ ហើយចុងឆ្នាំ២០២០កន្លងទៅ ក៏យើងមាន ចុះកិច្ចព្រមព្រៀង ពាណិជ្ជ​កម្មសេរីជាមួយគ្នាដែរ ដែលទាំងនេះ គឺសបញ្ជាក់ឲ្យឃើញ ពីទំនាក់ទំនងស៊ីជម្រៅ រវាងកម្ពុជា-ចិន។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងបន្ថែមថា «ទិដ្ឋ ភាព​មួយ​ទៀត ដំណើរទស្សនកិច្ចនេះ ក៏យើងដឹងថា វាមិនអាចកាត់ផ្ដាច់ចេញបាន ពីគេហៅថា តួនាទីរបស់ កម្ពុជា ជាប្រធាន​អាស៊ាន​នៅឆ្នាំ២០២២ខាងមុខនេះ យើងឃើញថា មហាអំណាចផ្សេងៗ គាត់តែងតែផ្ដោត ការចាប់អារម្មណ៍ ជា​ពិ​សេ​ស ចំពោះតួនាទីជាប្រធានអាស៊ាន របស់កម្ពុជា ព្រោះយើងដឹងថា តួនាទីនេះវា មានសារៈសំខាន់ ជាយុទ្ធសាស្រ្ដ សម្រាប់ទំនាក់ទំនង នៃអាស៊ាន ជាមួយនឹងមហាអំណាចនៅក្នុងតំបន់ និងពិភពលោក ជាពិសេសចិន សហរដ្ឋ​អា​​មេរិក​ ហើយនិងជប៉ុន កូរ៉េ ដែលសុទ្ធជាដៃគូសន្ទនា របស់អាស៊ាន ដែលយើងមានយន្តការអាស៊ានបូកបី អាស៊ា​ន​បូកមួយ កិច្ចប្រជុំកំពូលអាស៊ាន-អាស៊ីបូពា វេទិកាតំបន់ អាស៊ាន អីជាដើម គឺសុទ្ធតែយន្តការទម្រង់ពហុភាគី ដែល​ប្រទេសមហាអំណាច​ទាំងហ្នឹង មានការចាប់ អារម្មណ៍ ពីព្រោះផលប្រយោជន៍ជាយុទ្ធសាស្រ្ដ របស់មហាអំណាច ហាក់ដូចជាកំពុងតែស្ថិត នៅក្នុង អាស៊ីអាគ្នេយ៍ហ្នឹង​គឺច្រើនមែនទែន»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម