Connect with us

ព័ត៌មានជាតិ

តុលាការ ចោទប្រកាន់លោក សម រង្ស៊ី និងគូកនពីបទ “រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម”

បានផុស

នៅ

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ​ដោយបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមមាន៖ ឈ្មោះ សម រង្ស៊ី, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ មូរ សុខហួរ, ឈ្មោះ ហូរ វ៉ាន់, និងគូកន ពីបទ “រួមគំនិត​ក្បត់ និងបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម” តាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធនឹងអង្គហេតុនៃសេចក្ដីអំពាវនាវ របស់​បុគ្គល សម រង្ស៊ី បានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដែល​មាន​​ខ្លឹមសារបង្កប់នូវ “ការរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា” ដោយប្រើប្រាស់ព័ត៌មាន​បំផ្លើស​ខុសពីការ​ពិត ក្រោមឧបាកល អំពាវនាវ ញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឲ្យផ្ដួលរំលំរាជរដ្ឋាភិ​បាលស្រប​ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ផែនការទុច្ចរិត ក្នុងការញុះញង់កង​កម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋ ឲ្យផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមឧក្រិដ្ឋជន ឈ្មោះ សម រង្ស៊ី, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ មូរ សុខហួរ, ឈ្មោះ ហូរ វ៉ាន់,​ ព្រមទាំងគូកន គឺជាឧក្រិដ្ឋកម្ម ដែលប៉ះពាល់ដល់​​សន្តិ​សុខជាតិធ្ងន់ធ្ងរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម