ព័ត៌មានជាតិ
ប្រមុខកាទូតកម្ពុជា-អូស្រ្តាលី ប្តេជ្ញាពង្រឹងបន្ថែមដើម្បីផលប្រយោជន៍ទៅវិញទៅមក
ការប្តេជ្ញាពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអូស្រ្តាលីនេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី កលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។
នៅក្នុងជំនួបតាមទូរស័ព្ទនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគី អូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS) ដែលទើបត្រូវបានបង្កើតឡើងនាពេលថ្មីនេះផងដែរ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដោយរួមបញ្ចូលទាំងវឌ្ឍនភាពស្ថិតក្រោមភាពជាដៃគូមេគង្គ-អូស្រ្តាលីផងដែរ។ ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំក្រោយ។
ចំពោះបញ្ហាតំបន់ លោកស្រី ម៉ារីស ផេន បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីបញ្ហានានាពាក់ព័ន្ធនឹងភាពជាដៃគូ AUKUS និងគោលបំណងរបស់ភាពជាដៃគូនេះ។ លោកស្រីបានសង្កត់ធ្ងន់ថា AUKUS ត្រូវបានបង្កើតឡើងដើម្បីប្រយោជន៍ទូទៅ ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយគ្មានចេតនាណាមួយ ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ និងសមត្ថភាពនុយក្លេអ៊ែរស៊ីវិលនោះទេ។ បន្ថែមលើនេះផងដែរ AUKUS មិនមែនជាការបន្ថែមទៅលើការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់នោះទេ។ ជាផ្នែកមួយនៃ AUKUS ប្រទេសអូស្ត្រាលី នឹងអាចទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីបង្កើនសមត្ថភាពរបស់កងនាវាចរអូស្ត្រាលី។ លោកស្រីបានបញ្ជាក់ជាថ្មីថា ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្ត ចំពោះកាតព្វកិច្ច នៃការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ។
លោកស្រី ម៉ារីស ផេន ក៏បានអះអាងជាថ្មីនូវការបន្តគាំទ្ររបស់អូស្រ្តាលីចំពោះមជ្ឈភាពអាស៊ាន និងគោលការណ៍នានាដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP) ។ លោកស្រីសង្កត់ធ្ងន់ថា ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) សន្ធិសញ្ញាតំបន់ប៉ាស៊ីហ្វិកខាងត្បូងគ្មានអាវុធនុយក្លេអ៊ែរ (SPNWFZ) និងតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ លោកស្រី ម៉ារីស ផេន សម្រាប់ព័ត៌មានពាក់ព័ន្ធ AUKUS ។ លោកបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់អូស្រ្តាលីក្នុងការគាំទ្រមជ្ឈភាពអាស៊ាន និងពង្រីកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង និងសន្ធិសញ្ញានានា ជាពិសេសសន្ធិសញ្ញា TAC SEANWFZ និងតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត (ZOPFAN)។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អូស្រ្តាលី ឱ្យមានការចូលរួមប្រកបដោយស្ថាបនាជាមួយអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន នៅក្នុងការ កសាងការទុកចិត្ត និងជំនឿជាក់លើគ្នាទៅវិញទៅមក សំដៅការពារបាននូវនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព ប្រកបដោយបរិយាប័ន្ន និងឈរលើគោលការណ៍ច្បាប់។

លោកបានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម ការបំផ្លិចបំផ្លាញ និងការឈឺចាប់រាប់មិនអស់ជាច្រើនទសវត្សរ៍ ចង់ឃើញតំបន់ទាំងមូលនៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព ហើយនិងបានសង្ឃឹមថា AUKUS នឹងមិនបន្ថែមសាំងទៅលើការប្រកួតប្រជែង ដែលកំពុងមានស្ថានភាពមិនល្អស្រាប់ និងបង្កើនភាពតានតឹងបន្ថែមទៀតនោះទេ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អូស្រ្តាលី និងដៃគូខាងក្រៅរបស់អាស៊ានឱ្យគាំទ្របន្ថែមទៀត ដល់វិស័យអាទិភាពទាំងបួន នៃកិច្ចសហប្រតិបត្តិការ ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមាន កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់បន្ទាន់ ដែលមានសារៈសំខាន់ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ រួមមានស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


