Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការងារ ប្រកាសបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) ឡើងវិញ បន្ទាប់ពីទទួលបានការឯកភាពពីសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជារួចមក។ ការប្រកាសនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Zoom) នៅព្រឹកថ្ងៃទី១២ ខែតុលានេះ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិត សំហេង រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីបានបន្តថា មុននឹងឈានដល់ការទទួលការអនុញ្ញាតឱ្យបើកដំណើរការសិក្សាឡើងវិញ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ពីប្រមុខរាជរដ្ឋាភិបាល គឺអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្រ្ត នៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានពិនិត្យនិងវាយតម្លៃ លើការរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) រួចដាក់ឆ្លងការប្រជុំសម្រេចពីគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដោយផ្អែកលើហេតុផលពីរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ទី១. ក្រសួងបានរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមានយន្តការច្បាស់លាស់ក្នុងការពិនិត្យវាយតម្លៃហានិភ័យ លក្ខណៈវិនិច្ឆ័យក្នុងការបិទ និងបើក និងមានប្រព័ន្ធរាយការណ៍ច្បាស់លាស់។

ទី២. គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូចគ្នានឹងឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាដែរ ម្យ៉ាងទៀត បុគ្គលិក សាស្រ្តាចារ្យ គ្រូបច្ចេកទេស ព្រមទាំងសិក្ខាកាម សិស្ស និស្សិត (មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ) បានទទួលវ៉ាក់សាំងស្ទើរតែ ១០០ភាគរយ និងកំពុងបន្តទទួលដូសជំរុញ ឬដូសទី៣។

លោករដ្ឋមន្ត្រី លើកឡើងបន្តថា៖ “ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជន ការពារនូវសុខភាព និងសេចក្តីសុខរបស់ប្រជាជនរួចផុតពីជំងឺរាតត្បាតជាសកល កូវីដ-១៩ ហើយយើងអាចរៀបចំដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់យើងជាបណ្តើរៗឡើងវិញ ធានាបាននូវការរស់នៅមួយដែលយើងអាចរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ហើយបានខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដែលបានធ្វើឱ្យមានភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍”។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគ្រឹះស្ថាន អ.ប.វ. ចំនួន ១៩៩ ក្នុងនោះគ្រឹះស្ថាន អ.ប.វ. សាធារណៈ ចំនួន៣៨ និងឯកជន អង្គការ/សមាគម ចំនួន ១៦១ ដែលមានសិក្ខាកាម សិស្ស និស្សិត ប្រមាណជាង ៦០.០០០ នាក់ បានបញ្ចប់ការសិក្សា និងចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម