Connect with us

ព័ត៌មានជាតិ

ត្រី​កា​ម៉ុង លក់​បាន​ថ្លៃ​លើ​ទីផ្សារ គ្រា​មាន​ព្យុះភ្លៀង​២​សប្តាហ៍​កន្លងទៅ

បានផុស

នៅ

កោះកុង​ ៖ ក្រុម​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ហាក់​រីករាយ​នឹង​ការលក់ដូរ​ត្រី​កា​ម៉ុង​បាន​ថ្លៃ​ជូន​អតិថិជន​ដែល​និយម​បរិភោគ​ប្រភេទ​មួយ​នេះ គ្រា​អ្នកនេសាទ​ផ្សេងទៀត​ពុំ​ហ៊ាន​ចេញទៅ​នេសាទ​ដោយសារ​ខ្លាច​ព្យុះភ្លៀង​២​សប្តាហ៍​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ត្រី​កា​ម៉ុង​នៅលើ​ទីផ្សារ​ក្នុងស្រុក មានការ​ហក់​ឡើង​ខ្ពស់​ចាប់ពី​ចន្លោះ​១៥,០០០​រៀល ទៅ​១៨,០០០ រៀល ក្នុង​មួយ​គីឡូក្រាម បើ​ធៀប​នឹង​អាកាសធាតុ​អំណោយផល​សម្រាប់​ការចេញ​នេសាទ​សមុទ្រ​។ ទិន្នផល​នេសាទ​ត្រី​កា​ម៉ុង​របស់​ប្រជា​នេសាទ ទោះ​រកបាន​តិច ឬ​ច្រើន​ដឹង​តែមាន​ឈ្មួញ​ទទួល​ទិញយក​អស់​តែម្តង​។

​អ្នកស្រី ស៊ី វ៉ើ ម្ចាស់​ទូក​ត្រី​កា​ម៉ុង និង​ជា​អ្នកទទួល​ទិញ​ត្រី​កា​ម៉ុង​តាម​ទូក​នេសាទ​ដូចគ្នា នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​ឲ្យ​ដឹង​ថ្ងៃទី​១៨ ខែតុលា​នេះ​ថា ពេល​មាន​ព្យុះភ្លៀង​ប៉ុន្មាន​អាទិត្យ​មកនេះ ទិន្នផល​គ្រឿង​សមុទ្រ​ថយចុះ ព្រោះ​គ្មាន​អ្នកចេញ​រក​ដូច​ពេល​សព្វដង​។ រីឯ​អ្នក​ហ៊ាន​ចេញ​នេសាទ​តែង​ទទួល​ប្រមូល​ផល​តិច​ឬ​ច្រើន​តាម​លទ្ធភាព​របស់​ពួកគេ ដើម្បី​យកមក​ផ្គត់ផ្គង់​អាហារ​ជូន​អតិថិជន​ប្រចាំថ្ងៃ​។

អ្នកទទួល​ទិញ​ត្រី​កា​ម៉ុង​បោះ​ដុំ អះអាង​ទៀត​ថា បើ​ការ​នេសាទ​បាន​ច្រើន​តម្លៃ​ទិញ​ចូល​ពី​ប្រជា​នេសាទ ត្រឹម​៩,០០០​រៀល ហើយ​ប្រសិន​ពេលណា​ខ្សត់ នោះ​តម្លៃ​ទិញ​ចូល​ពី​ប្រជា​នេសាទ ហក់​ឡើងដល់​១២,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ដោយឡែក​ចំពោះ​តម្លៃ​លក់​ចេញ​នៅលើ​ទីផ្សារ​វិញ គឺមាន​ចន្លោះ​ពី​១៥,០០០​រៀល​ទៅ​១៨,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។

គួរ​ជម្រាប​ថា ត្រី​កា​ម៉ុង ជា​ត្រី​សមុទ្រ​មួយ​ប្រភេទ ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ទទួលស្គាល់ថា មាន​នៅតែ​ក្នុង​ខេត្ត​ចំនួន​៤ ជាប់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ គឺ​ខេត្តកោះកុង កំពត កែប និង​ខេត្ត​ព្រះសីហនុ​។ ទោះ​យ៉ាង​ត្រី​ប្រភេទ​នេះ ក៏​កំពុង​ទទួលរង​ហានិភ័យ​ខ្ពស់​ពី​ការនេសាទ ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​ធ្វើការ​នេសាទ​ក្នុង​អំ​ឡុង​ត្រី​នេះ​កំពុង​ពង​កូន​ផងដែរ​។

លោក សេង ប៊ុណ្ណា អនុប្រធាន​ជលផល​ខេត្តកោះកុង ក៏​ទទួលស្គាល់​ដែរ​ថា ប្រភេទ​ត្រី​កា​ម៉ុង​បច្ចុប្បន្ន កំពុង​ប្រឈម​និង​ការ​នេសាទ​ខុសច្បាប់​គ្រប់​រដូវ​កាល ជាហេតុ​នាំឱ្យ​ផល​ត្រី​កាន់តែ​ថមថយ​ទៅៗ​។ ពី​១​ឆ្នាំទៅ​១​ឆ្នាំ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ចុះ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជា​នេសាទ ឱ្យ​បញ្ឈប់​ការនេសាទ​ខុសច្បាប់ ពោលគឺ​ក្នុង​រដូវ​កាល​ត្រី​កំពុង​ពង​កូន​។

តំបន់​សហគមន៍​នេសាទ​សមុទ្រ ដែល​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កាត់​បញ្ចូល ជា​តំបន់​គ្រប់គ្រង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង គឺ​មួយ​ផ្នែកធំ​ស្ថិតនៅ​សហគមន៍​ព្រៃកោងកាង​ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា និង​មួយផ្នែក​ទៀត ស្ថិតក្នុង​ឃុំ​កោះ​កាពិ ស្រុក​កោះកុង មាន​ទំហំ​១,២៨៣​ហិកតា៕

អត្ត​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម