ព័ត៌មានជាតិ
លោក ថោង ខុន ប្រាប់គណៈអភិបាលរាជធានី ខេត្ត រៀបចំដើម្បីបើកអាជីវកម្មកន្លែងកម្សាន្ត និង KTV ឡើងវិញ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន តាមរយៈលិខិតចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រាប់ឱ្យគណៈអភិបាលរាជធានី ខេត្ត ទាំងអស់ត្រៀមខ្លួន ដើម្បីបើកដំណើរការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែកឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឱកាសសម្ពោធអគារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យអ្នកពាក់ព័ន្ធ តាមដានស្ថានភាព នៃជំងឺកូវីដ-១៩ រហូតដល់ចុងខែវិច្ឆិកា មុននឹងមានការសម្រេចឱ្យអាជីវកម្ម ដែលមានហានិភ័យខ្ពស់ ដូចជា ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក អាចបើកអាជីវកម្មឡើងវិញ។

បើតាមលោក ថោង ខុន ក្រសួងទេសចរណ៍ កន្លងមកបានដាក់ចេញប្រកាស ស្តីពី ការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីត្រៀមរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតិ នៅក្រោយថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។
ដើម្បីសម្រេចផែនការនេះ លោករដ្ឋមន្ត្រី ថោង ខុន បានធ្វើសេចក្តីណែនាំមួយចំនួនរួមមាន៖
ដំណាក់កាលទី១៖ ការត្រៀមលក្ខណៈមុន នឹងបើកដំណើរការខាងណាវិញ អាជ្ញាធរត្រូវត្រួតពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់នូវការត្រៀមលក្ខណៈសម្បត្តិ សម្បទា និងការអនុវត្តរបស់អាជីវកម្ម មុននឹងសម្រេចអនុញ្ញាតឱ្យបើកដំណើរការ ដោយត្រូវជូនដំណឹងដល់ប្រតិបត្តិករជាមុន ដើម្បីឲ្យប្រតិបត្តិករដាក់ពាក្យស្នើសុំដំណើរការអាជីវកម្ម និងត្រូវបណ្ដុះបណ្ដាលឱ្យបានហ្មត់ចត់ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក នូវវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក។
ដំណាក់កាលទី២៖ ក្រោយការសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំយន្តការ ដើម្បីបន្តការត្រួតពិនិត្យជាប្រចាំ និងឱ្យបានហ្មត់ចត់លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម ក្រោយពេលសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ហើយក្នុងករណីដែលម្ចាស់អាជីវកម្មមិនបានអនុវត្តត្រឹមត្រូវ រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការនានាបន្ថែម ដោយតម្រូវឲ្យបិទអាជីវកម្ម និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គួររំលឹកថា ថ្វីត្បិតតែរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ លើគ្រប់វិស័យកាលពីថ្ងៃទី ១ ខែវិច្ឆិកា ក៏ដោយ ប៉ុន្តែដើម្បីបន្តទប់ស្កាត់ និងកាត់បន្ថយអាជីវកម្មដែលមានហានិភ័យខ្ពស់ រដ្ឋបាលរាជធានី-ខេត្ត នៅតែបន្តហាមឃាត់អាជីវកម្មមួយចំនួនដែលដែលមានហានិភ័យខ្ពស់ដដែល។ អស់រយៈពេល១ឆ្នាំ និង៨ ខែជាងហើយ ដែលអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ត្រូវបាន រដ្ឋាភិបាលសម្រេចផ្អាកអាជីវកម្ម បន្ទាប់ពីកម្ពុជាបានរកឃើញជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ពន្លឺនៃការត្រលប់មករកភាពប្រក្រតីតាមគន្លងថ្មី នៃអាជីវកម្មទាំងនេះត្រូវបានបង្ហាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបើកប្រទេស កាលពីថ្ងៃទី ១ ខែវិច្ឆិកា កន្លងទៅ ក៏ដូចជាការសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


