ព័ត៌មានជាតិ
វឌ្ឍនភាព អាជ្ញាធរជាតិអប្សរាសម្រេចការងារអភិវឌ្ឍរមណីយដ្ឋានអង្គរ
ក្នុងឆ្នាំ២០២១ នេះ អាជ្ញាធរអប្សរាដែលទទួលបន្ទុកគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរបានសម្រេចការងារជាច្រើន ជាពិសេសលើការកែលម្អ លើកសោភណភាព ដែលបានផ្លាស់ប្ដូរមុខមាត់ថ្មីតំបន់បេតិកភណ្ឌអង្គរ ខណៈកម្ពុជាក៏ដូចជាខេត្តសៀមរាបត្រៀមបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញនៅពេលខាងមុខនេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា រយៈពេលមួយឆ្នាំ២០២១ នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរាបានដាក់គោលដៅអភិវឌ្ឍតំបន់ឧទ្យានអង្គរតាមរយៈការធ្វើកិច្ចការជាច្រើន ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ទទួលបានការលើកមុខមាត់ឲ្យស័ក្ដិសមជាតំបន់ទេសចរណ៍ធំបំផុត សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា។
បើតាមមន្រ្តីអ្នកនាំពាក្យ ការងារដែលសម្រេចបានមានដូចជាការងារផ្នែកអភិរក្សដោយបានជួសជុលប្រាសាទកណ្ដាលស្រះស្រង់បានជោគជ័យ ជួសជុលទ្វារទន្លេអ៊ុំ សម្រេចជោគជ័យការជួសជុលប្រាសាទទន្លេស្ងួត ធ្វើការជួសជុលស្រះទឹកខាងជើងប្រាសាទអង្គរ និងជួសជុលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត និងជ្រុងរ៉ូតទី ៣ នៃប្រាសាទអង្គរវត្ត។
លើការងារអភិវឌ្ឍន៍ប្រកបដោយចិរភាព ដោយបានស្តារនិងកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តាមវង់តូច វង់ធំ ផ្លូវទៅព្រលាន ផ្លូវ ៦០ ម៉ែត្រ រួមទាំងផ្លូវសម្តេចវិបុលបញ្ញា សុខ អាន និងការលើកសោភណភាពទេសភាពមុខប្រាសាទអង្គរវត្ត ព្រលានជល់ដំរី និងកំពុងរៀបចំកន្លែងចំណតនៅភ្នំបាក់ខែង និងជួសជុលរហាត់ទឹក រួមទាំងការងារស្តារប្រឡាយ និងការដាំកូនឈើឡើងវិញ។ ជាមួយគ្នានេះ ក៏មានជួសជុលឧបករណ៍សម្ភារៈបរិក្ខារវិស័យទេសចរណ៍។


លោកឡុង កុសលបានបន្តថា អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការកែលម្អសោភណភាពនៅមុខប្រាសាទអង្គរវត្ត និងបន្តរៀបចំនៅត្រពាំងសេះក្លាយជាកន្លែងទេសភាព។
លោកថា ពីមុននៅបរិវេណមុខប្រាសាទអង្គរវត្ត និងតំបន់ត្រពាំងសេះមានការលក់ដូររញ៉េរញ៉ៃ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។ ប៉ុន្តែបន្ទាប់ពីអាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តគម្រោងកែប្រែតំបន់នេះ រៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីតដើមផ្កាព្រៃ និងរុក្ខជាតិលម្អ កន្លែងទាំងនេះបានកែប្រែទៅជាភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងមានសណ្តាប់ធ្នាប់។
បើតាមលោក ឡុង កុសល នៅចុងឆ្នាំនេះក៏នឹងមានការរៀបចំពិធីអបអរសាទរ ដែលសៀមរាបក្លាយជាទីក្រុងវប្បធម៌អាស៊ាន និងព្រឹត្តិការណ៍សំខាន់ៗផ្សេងៗទៀត ដើម្បីទទួលភ្ញៀវទេសចរណ៍ឡើងវិញ។

មុនមានជំងឺកូវីដ-១៩ រមណីយដ្ឋានអង្គរទទួលបានទេសចរប្រមាណ ៥ ទៅ ៦ លាននាក់ ទាំងទេសចរក្នុងស្រុក និងក្រៅប្រទេស។ អាជ្ញាធរអប្សរា គ្រោងរៀបចំដំណើរទេសចររបៀបថ្មី គឺចង់ឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដឹងពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗរបស់អ្នកស្រុកអង្គរ និងបានយល់ពីបេតិកភណ្ឌមានជីវិត ក្រៅពីទស្សនាប្រាសាទតែមួយមុខនោះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


