Connect with us

ព័ត៌មានជាតិ

លោក កែ គឹមយ៉ាន ស្នើខេត្តនីមួយៗកំណត់ឱ្យរួចរាល់ ភូមិ ស គ្មានគ្រឿងញៀន ដើមឆ្នាំ ២០២២

បានផុស

នៅ

លោក ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើខេត្តនីមួយៗ កំណត់ឱ្យបានរួចរាល់នូវភូមិ ស គ្មានគ្រឿងញៀន នៅដើមឆ្នាំ២០២២ ដើម្បីចាប់ផ្តើមអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ៦ ខែធ្នូនេះ នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ចំពោះការពង្រឹងយន្តការថ្នាក់ក្រោមជាតិ ត្រូវរៀបចំបញ្ចូលសមាភាពគណៈកម្មការភូមិ-ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន  ទៅក្នុងសមាសភាពគណៈកម្មការដឹកនាំនិងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិ-ភាពឱ្យបានចប់សព្វគ្រប់។ ស្នើខេត្តនីមួយៗ កំណត់ឱ្យបានរួចរាល់នូវភូមិ ស គ្មានគ្រឿងញៀន នៅដើមឆ្នាំ ២០២២ ដើម្បីចាប់ផ្តើមអនុវត្តការងារ។ ពង្រឹងយន្តការ BLO និងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ១៥១១ សម្រាប់ខេត្តជាប់ព្រំដែន។

លោកជំរុញ ឱ្យបញ្ចប់ការរៀបចំចងក្រងគោលនយោបាយភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមព្រំដែន។ បន្តសម្រេចការងារសហប្រតិបត្តិការជាមួយភាគីចិន ស្តីពីជំនួយការរៀបចំបណ្តាល័យអប់រំគ្រឿងញៀន នៅតាមសាលារៀនគោលដៅសំខាន់ ក្នុងនោះបានរៀបចំជិតរួចរាល់ចំនួន០១ នៅវិទ្យាល័យបឹងត្របែក។ បន្តអនុវត្តស្មារតីនៃអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពី បញ្ហាគ្រឿងញៀនលើកទី៧ ដែលកម្ពុជា ជាម្ចាស់ផ្ទះ។ ត្រៀមរៀបចំគោលនយោបាយលើកសរសើរពហុវិស័យ ចំពោះអង្គភាពពាក់ព័ន្ធ លើការងារត្រួតពិនិត្យគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវត្រៀមឯកសារពាក់ព័ន្ធទាំងអស់ ដេីម្បីត្រៀមធ្វេីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំអាស៊ាន។

លោក កែ គឹមយ៉ាន បានស្នើឱ្យដល់ស្ថាប័ន អង្គភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធទាំងអស់បន្តជម្រុញអនុវត្តសកម្មភាពប្រតិបត្តិការ នៅក្នុងផែនការយុទ្ធនាប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី ៦ ឱ្យបានកាន់តែផុលផុសថែមទៀត ជាពិសេសជំរុញការងាររបស់គណៈកម្មការទទួលបន្ទុកតាមវិស័យនីមួយៗ។ បន្តការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់គ្រឿងញៀនតាមមុខសញ្ញាដែលត្រូវអប់រំ និងគោលដៅសំខាន់ៗ។ រៀបចំពង្រឹងជនបង្គោលអប់រំគ្រឿងញៀនតាមសាលារៀន និងរោងចក្រ សហគ្រាសដទៃទៀត ស្របពេលស្ថានភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ច និងសាលារៀនឡើងវិញជាបណ្តើរៗ។

ជាមួយគ្នានេះដែរ ត្រូវបន្តពន្លឿនប្រសិទ្ធភាពការងារអនុវត្តច្បាប់ ដូចជា ការពន្លឿននីតិវិធីការកាត់ទោសជនល្មើសពាក់ព័ន្ធគ្រឿងញៀនធំៗ និងនីតិវិធីរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ឱ្យបានលឿន។ បន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុគីមីផ្សំ រៀបចំការបណ្តុះបណ្តាលឱ្យបានទូលំទូលាយ ដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសារធាតុគីមីផ្សំឱ្យបានហ្មត់ចត់។ ត្រូវពង្រឹងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុ។ រៀបចំឱ្យបានរួចរាល់នូវលក្ខខណ្ឌគោលសម្រាប់អ្នកញៀនគ្រឿងញៀន ដែលត្រូវយកទៅព្យាបាលរយៈពេលវែងនៅមជ្ឈមណ្ឌលជាតិ។ ពង្រឹងរចនាសម្ព័ន្ធធនធានមនុស្ស និងការគ្រប់គ្រងនៅមជ្ឈមណ្ឌលជាតិ និងពង្រឹងគុណភាពគ្រូពេទ្យផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលសុខភាពសហគមន៍ទាំង ៣៥៥ កន្លែង។

ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានថ្លែងកោតសរ​សើ​រ និងអរគុណគ្រប់គណ:កម្មការក្រសួង ស្ថាប័ន អាជ្ញាធរដែនដី គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន សាសនា និង​គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទោះបីជាមានការរីករាល​ដា​ល​នៃ​ជំងឺកូវីដ-១៩ ​​ក៏សកម្មភាពត្រួតពិនិត្យគ្រឿងញៀន​រប​ស់​​​​ក្រសួង​ស្ថាប័ន អង្គភាពពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជា​​​តិ និង​វិស័​យ​​ពា​ក់​​ព័​ន្ធ​នៅតែមានសកម្មភាពផុលផុស។ ការផ្សព្វផ្សាយអប់រំតាមរ​យៈ​បណ្តាញសង្គម ប្រព័ន្ធអ​ន​ឡាញ និង​ប្រព័​​ន្ធព័ត៌​មា​ន​​កាន់​តែ​សកម្ម ជាពិសេសតាមរយៈ Page រប​ស់​​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន អង្គភាពពាក់ព័ន្ធ​ ប្រតិបត្តិ​ការ​​ នៃ​ការ​អនុ​វត្ត​​ផែ​ន​​កា​រ​​ប្រយុទ្ធប្រឆាំងគ្រឿង​ញៀ​​ន​លើក​ទី​​៦ ទទួល​បា​ន​​​លទ្ធ​ផ​ល​ល្អប្រសើរ។

ចំណែកកងកម្លាំងអនុវត្ត​ច្បា​ប់ កាន់តែមានសមត្ថភាពក្នុងការស្រាវជ្រាវ ​និងបង្ក្រាបករ​ណី​​​​​ធំ​ៗ ទាំងករណីជួញដូរគ្រឿងញៀនឆ្លងដែន និងករណីចរាចរ​ណ៍ជួញដូរគ្រឿងញៀននៅក្នុងប្រទេស។ ការព្យាបាល និងស្តារ​នី​តិ​​​សម្បទាអ្នកញៀនគ្រឿងញៀន ទោះបីជាមានបញ្ហា​ប្រឈម​ដោ​យ​សារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏យើង​នៅតែអាចរក្សាបាននូវការផ្តល់សេវាព្យាបាលដល់អ្នកញៀន​ទាំងនៅក្នុងមណ្ឌលបណ្តោះអាសន្ន​ និងក្នុង​សហគមន៍។ កិច្ចសហ​ប្រ​តិ​​បត្តិ​ការអន្តរ​ជាតិ​នៅតែបន្ត​សកម្មភាពធម្មតា តាមរយៈកិច្ចប្រជុំ​និ​ង​​​ទំនា​ក់​ទំ​ន​​ង​អនឡាញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម