Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​បង្ក្រាប​ បទល្មើស​គ្រឿងញៀន​ សរុបជាង​ ២តោន​

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំង​បទល្មើសគ្រឿង​ញៀនបានឱ្យដឹងថា បើគិតរហូតមកដល់រសៀលថ្ងៃទី ១៤ ខែធ្នូនេះ ករណីបទ​ល្មើស​គ្រឿងញៀនដែលទើបរកឃើញបន្ថែមទៀត សរុបជាង ២ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី សរុប ១៤នាក់ ក្នុង​នោះមានអ្នកយាម ចុងភៅ អ្នកបោសសំអាតអនាម័យផងដែរ ប៉ុន្តែរកឃើញតែ ៤នាក់ទេ ដែល​ពាក់​ព័ន្ធទៅ នឹងបទល្មើសគ្រឿងញៀនដ៏ធំមួយនេះ។
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ លើកឡើង នៅ រសៀលថ្ងៃទី ១៤ ខែធ្នូ​ នៅ មន្ទីរប្រឆាំង​គ្រឿង​ញៀន នៃការបង្ហាញមុខក្រុមជនសង្ស័យ​ក្នុងករណីផលិតកែច្នៃគ្រឿង​ញៀនដ៏ធំនៅ ខេត្តកំពង់ស្ពឺ។

សូមរំឭកថា កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការ ជាមួយស្នង​ការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត ព្រះសីហនុ និងរាជធានីភ្នំពេញ បើកយុទ្ធនាការ ប្រតិបត្តិការ បង្ក្រាបករណីកែច្នៃគ្រឿង​ញៀនជាទ្រង់ទ្រាយធំមួយ ដែលមិនធ្លាប់មាន ស្ថិតក្នុង​រោងចក្រ​ដំណាប់ស្វាយ ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាម្ចាស់ករណី ដោយមាន​ការចូល​រួមសហការ ជាមួយនគរបាល ខេត្ត និងរាជធានីភ្នំពេញ ក្រោមការ​សម្របសម្រួល​ពីស្ថាប័ន​អយ្យការផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ទុះអាវុធ ដើម្បីទប់ទល់ជាមួយការបាញ់ប្រហារ ពីសំណាក់ឈ្មួញគ្រឿងញៀនមកលើសមត្ថកិច្ច នៅត្រង់ចំណុច លើផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យ​ឧក្រិដ្ឋជន​ដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួន​ជាមួយ រថយន្ត ១ គ្រឿង។

ក្នុងនោះសមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំ ញៀនប្រភេទ (កេតាមីន) ជាង១៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជន បានផលិត និង កែច្នៃ នៅក្នុងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិ មួយនោះ។

ប្រតិបត្តិការបង្ក្រាបបានគ្រឿងញៀនជាង១៤០០ គីឡូក្រាមនេះ ដោយអនុវត្តតាមបទ​បញ្ជាររបស់​លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹក​នាំផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅ វេលាម៉ោង១៖៣០ នាទីរំលងអាធ្រាតយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្តកិច្ច បានពួនស្ទាក់បង្រ្កាបនៅ ចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់​សិលា ខេត្តព្រះសីហនុ ទើបមានការផ្ទុះអាវុធដាក់គ្នាមួយប៉្រាវ រវាងសមត្ថកិច្ច និងឈ្មួញ​គ្រឿងញៀន បណ្តាលឲ្យស្លាប់ជនសង្ស័យម្នាក់នៅកន្លែង និងចាប់ខ្លួន ២ នាក់។

ជនសង្ស័យ ទាំង៣ នាក់មាន ១.ឈ្មោះ LEE TSUNG HAN អាយុ៣២ ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ (ស្លាប់)។ ២.ឈ្មោះ LY POHAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន តៃវ៉ាន់ (អ្នកបើកបររថយន្តដឹកគ្រឿងញៀន)។ ៣.ឈ្មោះ LY YONG ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។
ក្រោយពីចាប់ខ្លួនជនសង្ស័យ២នាក់បានសារភាព នូវទីតាំងដែលពួកគេដឹកចេញ គឺជាកន្លែងផលិត និងកែច្នៃ គ្រឿងញៀន។

បន្ទាប់មកកម្លាំងសមត្តកិច្ចសហការ អមដោយស្ថាប័នអយ្យការ បានចុះទៅ ឆែកឆេរនៅទីតាំងនោះ ក៏បានរកឃើញ និងរឹបអូសគ្រឿង ដូចមាន៖ 
១.ម្សៅសសង្ស័យ កេតាមីន (KE- TAMIN) ចំនួន ៧៤ ការ៉ុង ក្នុង ១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០ គីឡូក្រាម ទាំងសំបក។
២.អាវុធខ្លីម៉ាក់ K៥៤ ១ដើម  ៣. រថយន្ត ២គ្រឿង សារធាតុគីមីនិងឧបករណ៍​កែច្នៃគ្រឿងញៀន​មួយចំនួនធំ៕
អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម