ព័ត៌មានជាតិ
អង្គជំនុំជម្រះតុលាការកំពូល សាលាក្តីខ្មែរក្រហម បដិសេធសំណើសុំបញ្ជូនសំណុំរឿង មាស មុត ទៅជំនុំជម្រះ
នៅថ្ងៃទី១៧ ខែធ្នូ នេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំបញ្ជូនសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត ទៅជំនុំជម្រះប្រឆាំងនឹង មាស មុត ដោយចៅក្រមបានអះអាងថា សំណុំរឿងនេះគប្បីត្រូវបញ្ចប់។
អង្គជំនុំជម្រះបានសម្រេចថា “បណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ស្តីពីការខកខានរបស់អង្គបុរេជំនុំជម្រះ ក្នុងការបញ្ជូនសំណុំរឿង០០៣ ទៅជំនុំជម្រះ ដូចបានតម្រូវដោយក្របខណ្ឌគតិយុត្តរបស់ អ.វ.ត.ក មិនអាចទទួលយកបាន ដោយសំឡេងភាគច្រើន ៦ សំឡេងទល់នឹង១ សំឡេង។ ក្នុងការបដិសេធសំណើសុំនេះ សំឡេងភាគច្រើន បានឆ្លើយតបចំពោះអំណះអំណាងជាច្រើន ក្នុងគោលបំណងផ្តល់នូវ “ការបំភ្លឺ និងសច្ចភាពផ្លូវច្បាប់ ដើម្បីផលប្រយោជន៍យុត្តិធម៌” និង៖
១, បានបដិសេធការយល់ឃើញដែលថា អង្គបុរេជំនុំជម្រះបានតម្កល់ជាឯកច្ឆ័ន្ទនូវសុពលភាពនៃដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង មាស មុត នៅក្នុងសេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយរបស់ខ្លួន។
២, បានបញ្ជាក់ថា អង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង ០០៣ នៅពេលអង្គជំនុំជម្រះនេះបានចេញសេចក្តីពិចារណារបស់ខ្លួន។
៣, បានបញ្ជាក់បំភ្លឺថា សំណុំរឿង០០៣ ត្រូវបានបញ្ចប់ ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែលអាចអនុវត្តបាន។
លោកស្រីចៅក្រម Maureen Harding Clark បានធ្វើការសន្និដ្ឋាននៅក្នុងមតិជំទាស់របស់លោកស្រីថា “សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះត្រូវតែបដិសេធចោល ហើយសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត គប្បីត្រូវបញ្ចប់”។
មាស មុត ត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ចោទប្រកាន់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងការរំលោភបំពានក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។ លោកមានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។ ជនជាប់ចោទអាយុ៨៣ឆ្នាំរូបនេះ ធ្លាប់ជាកម្មាភិបាលជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ដោយមានតួនាទីជាសមាជិកគណៈមជ្ឈិមបក្ស និងជាមេបញ្ជាការកងទ័ពជើងទឹក១៦៤ ប្រចាំការនៅកំពង់សោម។
នៅចុងឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានសម្រេចបញ្ជូនសំណុំរឿងរបស់លោក មាស មុត ទៅជំនុំជម្រះដោយអះអាងថា មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា លោក មាស មុត ស្ថិតក្នុងចំណោមជនដែលទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែសហចៅក្រមស៊ើបអង្កេតជាតិវិញបានជំទាស់ ដោយយល់ថា លោក មាស មុត មិនស្ថិតនៅក្នុងចំណោមជនត្រូវចោទនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមនោះទេ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


