ព័ត៌មានជាតិ
មន្ទីរអប់រំភ្នំពេញ នឹងបិទអាជីវកម្មថតចម្លង និងបំពងសំឡេងនានានៅជុំវិញមណ្ឌលប្រឡងបាក់ឌុប
ប្រធានមន្ទីរ អប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា មន្ទីរនឹងសហការជាមួយសមត្ថកិច្ចចុះបិទអាជីវកម្មថតចម្លង និងអាជីវកម្មដែលបំពងសំឡេងនានានៅជុំវិញមណ្ឌលប្រឡង ដើម្បីឱ្យដំណើរការប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយរលូន និងលទ្ធផលអាចទទួលយកបានទាំងអស់គ្នា។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានអះអាងនៅរសៀលថ្ងៃទី២២ ខែធ្នូ នេះថា៖ «នៅក្នុងដំណើរការប្រឡងបាក់ឌុបនេះ យើងនឹងបិទអាជីវកម្មថតចម្លងនៅជិតមណ្ឌលប្រឡង១ថ្ងៃ មុនការប្រឡង ហើយសកម្មភាពអាជីវកម្មដែលបញ្ចេញសំឡេងឮខ្លាំងដែលធ្វើឱ្យមានការរំខានដល់បេក្ខជនក៏ត្រូវបានបិទដូចគ្នាដែរ»។ លោកប្រធានមន្ទីរ បានបន្តថា ចំពោះកម្លាំងការពារមណ្ឌលប្រឡង រួមមាន មន្ត្រីប៉ូលីស និងមន្ត្រីកងរាជអាវុធហត្ថ ត្រូវបានដាក់ការពារនៅជុំវិញមណ្ឌលប្រឡង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ ដល់បេក្ខជនពេលមកប្រឡង និងចេញពីមណ្ឌប្រឡង។

លោកប្រធានមន្ទីរ ក៏បានបន្តទៀតថា ចំពោះដំណើរការប្រឡង គឺមន្ទីរអប់រំអនុវត្តដូចមុនពេលឆ្លងជំងឺកូវីដ១៩ដដែលទេ មិនមានការប្រែប្រួលឡើយ ហើយអ្វីដែលក្រសួង បានដាក់ចេញ គឺមន្ទីរបានប្រជុំផ្សព្វផ្សាយរួចរាល់ហើយ ដើម្បីឱ្យមន្ត្រីអប់រំអនុវត្តប្រកបដោយទទួលខុសត្រូវខ្ពស់។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២០ ខែធ្នូថា ក្រសួងនឹងមិនបន្ធូរបន្ថយចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះនោះទេ ទាំងកម្រិតការដាក់វិញ្ញាសារ និងការរឹតបន្តឹងវិន័យ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបណ្តាលឱ្យបិទសាលាមួយរយៈក៏ដោយ។ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការរៀបចំការប្រឡងទៅតាមស្តង់ដារនៃការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិនេះ គឺដើម្បីធ្វើឱ្យសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា នៅតែមានតម្លៃ និងមានគុណភាព ទោះបីជាប្រឡងនៅពេលណាក៏ដោយ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី២៧ខែធ្នូខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់។ ដោយឡែក មណ្ឌលប្រឡង មានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ បេក្ខជន នឹងត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
ដោយឡែក លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ ចំនួន២០៧៧៩នាក់ មាន២៨មណ្ឌល ចែកជា៨៤០បន្ទប់។ តួលេខនេះ មានការថយចុះ៩២៧នាក់ បើធៀបទៅនឹងឆ្នាំមុន ដែលមានបេក្ខជនចំនួន២១៧០៦នាក់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


