Connect with us

ព័ត៌មានជាតិ

ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាននៅក្រុងព្រះសីហនុ

បានផុស

នៅ

តាមកម្មវិធីដែលបានគ្រោងទុក គឺនៅវេលាម៉ោង៦ នាល្ងាចថ្ងៃទី១៨ ខែមករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ទី២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ”។ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ ATF 2022 នេះ នឹងមានប្រតិភូជាតិ-អន្តរជាតិ ចូលរួមកិច្ចប្រជុំដោយផ្ទាល់ប្រមាណ១០០រូប (អន្តរជាតិ៨០រូប) ហើយក៏មានការតាំងពិព័រណ៍ទេសចរ​ណ៍ (TRAVEX) ផងដែរ។

ការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ដែលជាកម្មវិធីធំនេះ នឹងមានអ្នកលក់ (Sellers) ចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២០ស្ថាប័ន សរុបចំនួនភ្ញៀវចូលរួមក្នុងកម្មវិធីទាំងមូលមានប្រមាណ៣៥០នាក់ មកពីបណ្ដាប្រទេសជិត៣០ប្រទេស។ ទិដ្ឋភាពទូទៅនៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍នេះ គេឃើញមានកងកម្លាំងសមត្ថកិច្ចកំពុងប្រចាំការការពារសុវត្ថិភាព សម្រួលចរាចរណ៍ សន្តិសុខ និងសណ្ដាប់ទាំងនៅតាមដងផ្លូវ នៅលើផ្ទៃសមុទ្រ នៅមុខនិងនៅក្នុងសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ដែលជាទីតាំងប្រារព្ធកម្មវិធីនេះ។

ចូលទៅក្នុងបរិវេណសណ្ឋាគារឆ្នេរសុខា គេឃើញមានការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (Rapid test) ដើម្បីបង្ការការពារសុវត្ថិភាពសុខាភិបាលអ្នកចូលរួមក្នុងកម្មវិធីទាំងមូល ពោលគឺគ្រប់អ្នកចូលរួមទាំងអស់គ្មានម្នាក់ណាគេចវេចពីកាតព្វកិច្ចសុខាភិបាលនេះបានឡើយ។ គណៈប្រតិភូថ្នាក់រដ្ឋមន្ត្រី អ្នកលក់ (Buyers) អ្នកទិញ (Sellers) អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងក្រុមការងារគ្រប់ផ្នែកក៏កំពុងធ្វើដំណើរចូលទៅក្នុងទីតាំងរៀបចំកម្មវិធី និងទីកន្លែងប្រចាំការរៀងៗខ្លួន ជាមួយនឹងទិដ្ឋភាពមមាញឹកគួរសម។

ចំណែកនៅក្នុងសាលធំៗ និងអគារមួយចំនួន គេឃើញមានក្រុមការងារកំពុងមមាញឹកនឹងការរៀបចំស្ដង់ពិព័រណ៍ និងឆាកកម្មវិធីនានា ខណៈស្ដង់មួយចំនួនធំក៏បានរៀបចំរួចរាល់ផងដែរ។ តាមរយៈស្ដង់ទាំងនេះគេឃើញមានរំលេចបង្ហាញនូវគោលដៅទេសចរណ៍នៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងតំបន់អាស៊ាន។

តាមរយៈវេទិកានេះ គេរំពឹងថា នឹងទទួលបានលទ្ធផលមួយចំនួន ដើម្បីរួមចំណែកជំរុញដល់វិស័យទេសចរណ៍នៅក្នុងប្រទេសតំបន់អាស៊ាន។ ផលដែលរំពឹងទុកនោះរួមមាន៖ ទី១. នឹងអនុម័តលើគោលការណ៍ណែនាំស្តីពីយន្តការទទួលស្គាល់ការសិក្សាពីមុនសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន (The Guidelines on RPL Mechanism for ASEAN Tourism Professionals) ដែលរៀបចំដោយកម្ពុជាផ្ទាល់។ ទី២. នឹងអនុម័តលើបច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន (the 2nd Edition ASEAN Community-Based Tourism Standard) ដែលរៀបចំដោយកម្ពុជាផ្ទាល់។

ទី៣. នឹងអនុម័តលើសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបំលែងកម្មនៃទេសចរណ៍អាស៊ាន (Phnom Penh Declaration on Transforming ASEAN Tourism) (រៀបចំដោយកម្ពុជា) ដើម្បីដាក់ស្នើសុំការអនុម័តដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ & ៤១ ក្រោមភាពជាប្រធានអាស៊ាន របស់កម្ពុជា ដែលជាសមិទ្ធិផលអាទិភាពរបស់កម្ពុជា២០២២។ ទី៤. នឹងអនុម័តលើគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែលអាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព (ASEAN Stamp: Warm & Safe) ដឹកនាំសម្របសម្រួលដោយកម្ពុជា

ទី៥. នឹងកត់សម្គាល់លើវឌ្ឍនៈភាព នៃការចុះហត្ថលេខាលើពិធីសារស្តីពីវិសោធនកម្មនៃកិច្ចព្រមព្រៀងយោគយល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (Amendment of ASEAN Protocol of MRA-TP)៖ ពិធីសារនឹងដាក់ឱ្យចូលជាធរមាននូវមុខជំនាញទេសចរណ៍អាស៊ានស្ប៉ា (ដឹកនាំរៀបចំដោយកម្ពុជា) ចំនួន ៦ជំនាញ និងជំនាញម៉ាយចំនួន ៣២ជំនាញ នៅក្នុងកិច្ចព្រមព្រៀង MRA ដែលនឹងមានជំនាញអាស៊ានសរុបចំនួន៧០ជំនាញ សម្រាប់ធ្វើការបណ្តុះបណ្តាលតាមស្តង់ដារួមអាស៊ាន ដើម្បីអាចបម្លាស់ទីការងារក្នុងតំបន់អាស៊ាន។ ទី៦.នឹងអនុម័តឯកសារផ្សេងៗទៀតដែលមានក្នុងកម្មវិធីវេទិកាទេសចរណ៍អាស៊ានដូចជា៖ របាយការណ៍ សេចក្តីប្រកាសព័ត៌មានជាដើម៕ 

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម