ព័ត៌មានជាតិ
ទោះកូវីដតែថៃជម្នះបញ្ហា សាងសង់អគារសង្រ្គោះបន្ទាន់បែបទំនើប ជូនមន្ទីរពេទ្យខេត្តកោះកុង ដែរ
អគារសង្រ្គោះបន្ទាន់ និងអគារបោកគក់សម្លាប់មេរោគរួម ត្រូវបានទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិថៃជម្នះរាល់បញ្ហា មិនថាតែជំងឺកូវីដ-១៩ នោះទេ ដើម្បីសាងសង់ជូនមន្ទីរពេទ្យខេត្តកោះកុង ក្នុងន័យរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តជាប់ព្រំដែនគ្នា។
មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលជំនួយជាអគារសង្រ្គោះបន្ទាន់ និងអគារបោកគក់សម្លាប់មេរោគរួមចន្លោះឆ្នាំ ២០២០ និង ២០២១ ដែលអំឡុងពេលនោះ ជាពេលដែលមេរោគកូវីដ-១៩ កំពុងវាយលុកខ្លាំង ក្នុងសហគមន៍ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក។
នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២២ លោកស្រី ឧរីវ៉ាត់ ចះរើនតូ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការបរទេសថៃ បានឲ្យដឹងក្នុងពិធីសម្ពោធអគារ បម្រើវិស័យសុខាភិបាល ដែលស្មើនឹងតម្លៃសរុបប្រមាណ ៦.៨១០.០០០បាតថា ទោះបរិបទលំបាកនោះក៏ដោយចុះ ក៏ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិរបស់ថៃ នៅតែជម្នះរាល់បញ្ហាធ្វើយ៉ាងណា ឲ្យគម្រោងស្ថាបនាអគារព្យាបាលបែបទំនើបនេះឡើង ជូនមន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលដៅលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា ព្រមទាំងអបអរសាទរខួបលើកទី ៧០ឆ្នាំ នៃការពង្រឹងមិត្តភាពទំនាក់ទំនង សាមគ្គីការទូត រវាងប្រទេសទាំងពីរ។
លោកស្រីអគ្គនាយកដ្ឋាន ជឿជាក់ថា អគារសង្រ្គោះបន្ទាន់ និងអគារបោកគក់សម្លាប់មេរោគរួម នឹងចូលរួមចំណែកគាំទ្រ លើកកម្ពស់ដល់វិស័យសុខាភិបាល នៅខេត្តកោះកុង ប្រកបដោយជោគជ័យ តម្លាភាព និងជាគុណប្រយោជន៍ ជូនអ្នកជំងឺជាប្រជាពលរដ្ឋកម្ពុជា។ ទៅថ្ងៃមុខ លោកស្រី និងដៃគូអភិវឌ្ឍន៍ បន្តសិក្សាលម្អិតបន្ថែមទៀត ពីអ្វីដែលជាតម្រូវការរបស់មន្ទីរពេទ្យខេត្ត ប្រសិនបើមានអ្វីខ្វះខាតចង់បាន។
ចំណែកឯលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្តក៏បានចាត់ទុកថា អគារដ៏ថ្មីស្រឡាងមួយនេះ ជាសក្ខីភាពនៃការរឹតចំណងមិត្តភាពល្អ និងសហប្រតិបត្តិការយ៉ាងជិតស្និត រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងនាមជាមន្ទីរពេទ្យដៃគូរវាងខេត្តជាប់ព្រំដែនគ្នា។
លោកអភិបាលរងខេត្តកោះកុង រំពឹងដែរថា អគារព្យាបាលដ៏ទំនើប មិនធ្លាប់មាននៅក្នុងខេត្ត នឹងជួយសម្រួលទុក្ខលំបាក ជូនអ្នកជំងឺទូទៅបានយ៉ាងច្រើន តាមរយៈការផ្តល់សេវាថែទាំ និងព្យាបាលបានទាន់ពេលវេលា ប្រកបដោយគុណភាពខ្ពស់។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លើកឡើងដែរថា អគារសង្រ្គោះបន្ទាន់ ដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺផ្តើមស្ថាបនានៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩ ហើយបញ្ចប់គម្រោងជាស្ថាពរនៅខែមករា ឆ្នាំ ២០២០។ ជាប្រភេទអគារជាន់ផ្ទាល់ដីទំហំ ១៨.៦ម៉ែត្រគុណ ២៦.២ម៉ែត្រ មានបន្ទប់ចំនួន ៧បន្ទប់ និងមានគ្រែសម្រាប់អ្នកជំងឺចំនួន ១៤គ្រែ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្ថែមថា ឧបករណ៍បរិក្ខារពេទ្យទំនើប រួមមាន៖ ម៉ាស៊ីនតាមដានសញ្ញជីវិតចំនួន២គ្រឿង ម៉ាស៊ីនថតកាំរស្មីអ៊ិចចំនួន ១គ្រឿង ម៉ាស៊ីនថតសង្វាក់បេះដូង ១គ្រឿង ម៉ាស៊ីនឆក់បេះដូង ១គ្រឿង ឧបករណ៍តាមដានដំណេកសេរ៉ូមចំនួន ៦គ្រឿង និងរទេះរុញអ្នកជំងឺសង្រ្គោះបន្ទាន់ជាច្រើនគ្រឿងផ្សេងទៀត។
ទន្ទឹមនោះលោកវេជ្ជបណ្ឌិត ថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅ ជូនចំពោះទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិថៃ មន្ទីរសុខាភិបាលខេត្តត្រាត មន្ទីរពេទ្យខ្លងយ៉ៃ និងអាជ្ញាធរថៃពាក់ព័ន្ធ ចំពោះដៃគូសហការយ៉ាងល្អ ប្រកបដោយគុណតម្លៃខ្ពស់ លើវិស័យសុខាភិបាល ក្នុងការចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក ចំពោះដំណើរការពង្រឹងប្រព័ន្ធ ការបញ្ចូនអ្នកជំងឺជាដើម។
មន្ទីរពេទ្យខេត្តកោះកុង ប្តេជ្ញាចិត្តថា គ្រប់ការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅ នៅក្នុងមន្ទីរពេទ្យ កាន់តែផ្តល់ទំនុកចិត្តខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងសាធារណជនទូទៅ ខណៈមានអគារសង្រ្គោះបន្ទាន់ថ្មីទំនើប ដែលជាជំនួយរបស់ប្រទេសថៃ៕
អត្ថបទ៖ សិរី វឌ្ឍនៈ









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី