Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែកសម្តេចតេជោ ​ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ភូមិកុមារ SOS ព្រៃវែង

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការភូមិកុមារ SOS ព្រៃវែង ដែលជាសមិទ្ធផលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការភូមិកុមារ SOS អន្តរជាតិ។

ផ្អែកតាមទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការភូមិកុមារ SOS អន្តរជាតិ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីឆ្នាំ ១៩៩៩ មកអង្គការភូមិកុមារ SOS អន្តរជាតិ បានកសាងភូមិកុមារចំនួន ៧ នៅតាមបណ្តរាជធានី ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និង ខេត្តព្រៃវែង ដែលសម្ពោធនៅថ្ងៃស្អែកនេះ។

ក្រៅពីការកសាងភូមិកុមារដើម្បីផ្តល់ការស្នាក់នៅ និងផ្តល់ការថែទាំសម្រាប់រយៈពេលវែង អង្គការបានអនុ​​វត្តគម្រោងដទៃទៀតរួមមាន៖ កម្មវិធីពង្រឹងគ្រួសារតាមសហគមន៍ ការបង្កើតផ្ទះសម្រាប់យុវជន​​ ការបង្កើតមត្តេយ្យសាលា និងសាលារៀន ហ័រម៉ាន ម៉ៃន័រ ការបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌល វេជ្ជសាស្ត្រ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងមជ្ឈមណ្ឌលសង្គមកិច្ច។

គម្រោងខាងលើនេះ បានផ្ដល់ឱកាសការងារដល់អ្នកគ្រប់គ្រងបុគ្គលិក អ្នកម្តាយថែទាំកុមារ លោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៤៥នាក់ និងបានផ្តល់សេវាដល់កុមារ និងយុវជនកំពុង ស្នាក់នៅសរុប ៧៥៥ នាក់និងបានផ្តល់ឱកាសសិក្សា ដល់សិស្សចំនួន ១៤៩៦ នាក់។ ក្នុងការអនុវត្តគម្រោងកន្លងមក រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្នុងនាមសមាជិកភាព នៃភូមិកុមារ SOS ក៏បានផ្តល់ភាគទានចំនួន ១ម៉ឺនដុល្លារអាមេរិកក្នុង ១ឆ្នាំ ផងដែរ។

ភូមិកុមារ SOS ព្រៃវែងជាភូមិមួយ របស់អង្គការភូមិកុមារ SOS កម្ពុជា ដែលបាននិងកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល និងកុមារដែលមិនមានការថែទាំសមរម្យ ដែលមានទីតាំងស្ថិតនៅភូមិ ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មានទំហំផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រការ៉េ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចក្រឡា​​ហោម ស ខេង ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលចំណាយថវិកាសាងសង់សរុប ១.៥៣១.២៤៨ដុល្លារអាមេរិក និងចាប់ផ្តើមបើកឲ្យកុមារចូលមកស្នាក់នៅ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ ដែលមានកុមារចំនួន ២៧នាក់ កំពុងស្នាក់នៅក្រោមការថែទាំរបស់អ្នកម្តាយ ៥នាក់ និងបុគ្គលិកចំនួន ១០នាក់។

ភូមិកុមារ SOS ព្រៃវែងមានអគារសរុបចំនួន ៩ខ្នង ដែលក្នុងនោះ ៖ កម្ពស់ ២ជាន់​។ ​អគារការិយាល័យនិងសាលសិល្បៈ ១ខ្នង អគារផ្ទះគ្រួសារ ៤ខ្នងកម្ពស់ ២ជាន់។ អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ ខ្នងកម្ពស់ ២ជាន់។ អគារផ្ទះសហគមន៍ និងផ្ទះភ្ញៀវ ១ខ្នង កម្ពស់ ២ជាន់។ អគារផ្ទះអាហារូបត្ថម្ភ ១ ខ្នងកម្ពស់ ២ជាន់ និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ ១ខ្នង ជាន់ផ្ទាល់ដី៕

អត្ថបទ៖ ​ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម