Connect with us

ព័ត៌មានជាតិ

ពិធី​ផ្ទេរ និង​ទទួល​សាលារៀន​គោលដៅ​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន

បានផុស

នៅ

សៀម​រា​ប ៖ នៅ​សាលាបឋមសិក្សា​ដូន​ឪ ស្ថិត​នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប នា ១៧ ខែមីនា ឆ្នាំ​២០២២​នេះ មាន​ប្រារព្ធ​ពិធី​ពិធី​ផ្ទេរ និង​ទទួល​សាលារៀន​គោលដៅ​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ក្រោម អធិបតីភាព​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជូន ណា​រ៉ុង រដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន និង កីឡា ឯកឧត្តម W.Patrick Murphy ឯកអគ្គ រដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់ លោក លោកស្រី​ជា រដ្ឋលេខាធិការ គណៈ​អភិបាលខេត្ត នាយិកា​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក អង្គការ​ដៃគូ និង អាជ្ញាធរ​ស្រុក មេឃុំ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ស្វាគមន៍​នោះ​លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់​ថា ពិ​ធី​ផ្ទេរ​.​ទទួល​សាលារៀន​គោលដៅ​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​នេះ បាន​បង្ហាញ​អំពី​ការ​តាំង​ចិត្ត​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ផ្ទេរ​.​ទទួល កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន និង បង្ហាញ​ពី ការ​យកចិត្តទុកដាក់ ក្នុង​ការ​លើកកម្ពស់​និង​ផ្តល់​ឱកាស​ដល់​សិស្ស​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅតាម​សហគមន៍ ឲ្យ​ទទួលបាន​នូវ​សិទ្ធ​ជា​មូលដ្ឋាន ជាពិសេស​ការទទួលបាន​សេវា​អប់រំ​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យាប​ន្ន ព្រមទាំង​ផ្តល់ឱកាស​សិក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា ។ ម្យ៉ាងទៀត​បញ្ហា​សេសសល់​ទាមទារ​ឲ្យ​វិស័យ​អប់រំ និង​អ្នកពាក់ព័ន្ធ​ជួយ​គាំទ្រ​បន្ថែម ទៀត​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ថវិកា បច្ចេកទេស​ជាដើម។

តាម​ការ​បញ្ជាក់​របស់​លោកស្រី Claire Conan នាយិកា​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​ឲ្យ​ដឹង ថា ការផ្តល់​អាហារ​នៅតាម​សាលារៀន​នេះ ជាការ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ តាមរយៈ​ការទិញ​នូវ កសិផល​ក្នុង​សហគមន៍ ហើយ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ជាការ​វិនិយោគ​មួយបែប​ក្នុង​ការ​កសាង​ធនធានមនុស្ស​ដែលជា​មូលដ្ឋាន​គ្រឹះ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

លោកស្រី​បន្ត​ទៀត​ថា ឆ្នាំ​១៩៩៩​មក មាន​កុមារ​ជាង​២​លាន​នាក់​នៃ​សាលាបឋមសិក្សា​សរុប​ចំនួន​១​ពាន់​១១៣​សាលា​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១០ ដែល​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន។ ពី​ឆ្នាំ​២០១៩​មក កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ផ្ទេរ​សាលា​បាន​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ចំនួន​២៩០​សាលា ដែល​ក្នុង​នោះ​បាន​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង​៣​លាន​ដុល្លារ ពេលនេះ​ក៍បាន​ផ្ទេរ​សាលា​ចំនួន​៨៥​បន្ថែមទៀត ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ក្នុងនោះដែរ​ក៏មាន​សាលា​ចំនួន ៨៥​សាលា ក្នុងស្រុក​ពួក ,​ស្រុក​ប្រាសាទបាគង និង ស្រុក​អង្គរធំ នៃ​ខេត្តសៀមរាប​ផងដែរ។

មានប្រសាសន៍​នោះដែរ​ ឯកឧត្តម W.Patrick Murphy ឯកអគ្គ រដ្ឋទូត​សហរដ្ឋអាមេរិក ក៏បាន​បញ្ជាក់ ពី​សារសំខាន់​នៃ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលា​នេះ ក្រសួងកសិកម្ម​សហរ​ដ្ឋ​អាមេរិក បានផ្តល់​ថវិកា​ប្រមាណ​ជាង​៨៤​លាន​ដុល្លា​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​គាំទ្រ​ដល់​កម្មវិធី​នេះ សម្រាប់​សិស្ស​បឋមសិក្សា​ទូទាំងប្រទេស​កម្ពុជា​។ ឯកឧត្តម​រំពឹងថា បើ​ទោះណាជា​ជំនួយ​ត្រូវ​បានបញ្ចប់​នៅពេល​ណាមួយ កម្មវិធី​នេះ​នៅតែ​អាច​បន្ត​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា ។

មានប្រសាសន៍​នា​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់​ថា កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន ជា​អាទិភាព​មួយ​របស់​វិស័យ​អប់រំ ក្នុងចំណោម​កម្មវិធី​ជំនួយ​សង្គម​ជាច្រើន ដូច​មានចែង​ក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​ការ​គាំពារ​សង្គម ។ ក្រសួង​អប់រំ ក្នុងនាម​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល និង​ជា​ស្ថាប័ន​ប្រតិបត្តិ បាន​ប្ដេជ្ញា​អនុវត្ត និង​សម្រេច​ឱ្យបាន​នូវ សូចនាករ​នានា ដូច​មានចែង​ក្នុង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​ស្តីពី​ការ​គាំពារ​សង្គម ក្នុង​នោះ​រួមមាន កម្មវិធី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​, និង​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន សំដៅ​ធានា​ដល់​ការធ្វើ​ឲ្យ​មាន​លំនឹង​ប្រាក់ចំណូល​របស់​ប្រជាជន ស្ថិតក្នុង​ក្រុមគ្រួសារ​ក្រីក្រ​, ងាយ​រងគ្រោះ​, និង​ទទួលបាន​អត្ថប្រយោជន៍ ពី​កម្មវិធី​ជំនួយ​សង្គម ប្រកបដោយ​សមធម៌ និង​បរិ​យាប​ន្ន ជាពិសេស​ក្នុងដំណាក់កាល​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។

ឯកឧត្តម បញ្ជាក់ថា ក្នុង​ឆ្នាំ​សិក្សា ២០២១-២០២២ នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ក្រសួង​ពង្រីក​វិសាលភាព​របស់​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ពី​ចំនួន ២០៥ សាលា ទៅដល់ ២៩០​សាលា ក្នុង​ខេត្ត​គោលដៅ​ចំនួន ៩ ទោះបី​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ យ៉ាងណាក៏ដោយ ។ ទន្ទឹម​ជាមួយ​នោះ ផែនការ​យុទ្ធសាស្ត្រ ផ្ទេរ​-​ទទួល កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន កំពុង​ត្រូវបាន​ពិភាក្សា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​ធានា​ឲ្យ​ការអនុវត្ត​ប្រព័ន្ធ​ជំនួយ​សង្គម កាន់​តែមាន​គុណភាព គណនេយ្យភាព សង្គតិភាព ចីរភាព និង បរិ​យាប​ន្ន សម្រាប់​ឆ្នាំ​២០២៣ ដល់​ឆ្នាំ ២០២៨ ។ ជា​ជំហាន​បន្ទាប់ ក្រសួង​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អ្នក​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​ដាក់ចេញ​នូវ​អនុក្រឹត្យ និង​ប្រកាស​អន្តរក្រសួង​ស្តីពី ការអនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម