Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិក​និង​អ៊ីរ៉ង់​ បរាជ័យ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​​ទំនាក់​ទំនងផ្ទាល់ សម្រាប់​ជូនដំណឹង​នៅ​​ច្រកហ័រមូស​ ដូច​បាន​ឯកភាព​នៅស្វីស​​

បានផុស

នៅ

សហរដ្ឋអាមេរិក និង​ អ៊ីរ៉ង់​​​​​នៅ​តែមិនទាន់​អាច​​ បង្កើត​ប្រព័ន្ធ​​​ទំនាក់​ទំនង​គ្នា​ដោយ​ផ្ទាល់​ (direct communication channel) នៅឡើយ​ទេ​ ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​នៅតំបន់​ច្រក​សមុទ្រ​ហ័រមូស ​បើទោះបី​ជា​​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បង្កើត​​​ប្រព័ន្ធ​ទំនាក់​ទំនងដោយ​ផ្ទាល់ ក្នុងការ​ចរច​ា​លើក​ដំបូង​​កាល​ថ្ងៃទី​២១​ខែមិថុនា នៅ​ឯប្រទេសស្វីស។​

អនុប្រធានាធិបតីអាមេរិក លោក JD Vance ​ក្នុងពេល​ជួប​ជាមួយ​ភាគី​សម្របសម្រួល​ ប៉ាគីស្ថាន​និង​កាតា​ នៅ​​ប្រទេស​ស្វីស​​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងសារ​ព័ត៌មាន West Asia News Agency (WANA) អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានច្រានចោ​ល​សេចក្កីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងមន្ត្រីអាមេរិកដែលអះអាងថា បណ្តាញទំនាក់ទំនងផ្ទាល់មួយត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទាក់ទងនឹងច្រកសមុទ្រហ័រមូស ដោយហៅ​ការ​ចុះ​ផ្សាយ​ទាំងនោះថា «មិនពិតទាំងស្រុង (completely false)»។

ឧត្តមសេនីយ៍ឯក ម៉ូសេនី (Mohseni) អ្នកនាំពាក្យរបស់ IRGC បានឆ្លើយតបទៅនឹង​សេចក្តីរាយការណ៍​ដែលចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ដើម្បីគ្រប់គ្រងឧប្បត្តិហេតុដែលអាចកើតមាននៅក្នុងច្រកសមុទ្រហ័រមូស ដោយបញ្ជាក់ថា «ការអះអាងថា បណ្តាញទំនាក់ទំនងផ្ទាល់មួយត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទាក់ទងនឹងច្រកសមុទ្រហ័រមូស គឺមិនពិតទាំងស្រុង ហើយត្រូវបានបដិសេធយ៉ាងដាច់អហង្ការ។ យន្តការបែបនេះមិនទាន់ត្រូវបានបង្កើតឡើង ហើយវាក៏នឹងមិនត្រូវបានបង្កើតឡើងដែរ»​។

លោក ក៏បានសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់អ៊ីរ៉ង់លើផ្លូវទឹកយុទ្ធសាស្ត្រនេះ ដោយបន្ថែមថា «ច្រកសមុទ្រហ័រមូសគឺជាទឹកដីអ៊ីរ៉ង់ ហើយមិនមានអ្វីទាក់ទងនឹងសហរដ្ឋអាមេរិកទេ»។

សហរដ្ឋអាមេរិក​ បាន​បើក​ការ​វាយ​ប្រហារ​​លើ​អ៊ីរ៉ង់​ជាថ្មីទៀត​​នៅថ្ងៃទី​២៦ខែ​​​​មិថុនា បន្ទាប់​ពី​ចោទ​ប្រកាន់​អ៊ីរ៉ង​់​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​​ដើម្បី​វាយ​ប្រហារ​លើ​កប៉ាល់​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ហ័រមូសកាលថ្ងៃទី​២៤ខែ​មិថុនា ។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចឹមប្រទេស​ បាន​រាយការណ៍​​ដោយដកស្រង់សេចក្តីថ្លែងការណ៍ចុងក្រោយនៃការចរចា​រវាង​សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ នៅ​ប្រទេសស្វីស ដោយ​លើក​ឡើង​ថា បណ្តាញទំនាក់ទំនងមួយត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួលពីរនាក់។

យន្តការ​នៃ​កា​របង្កើត​​​បណ្តាញ​ទំនាក់​ទំនង​ផ្ទាល់​នោះ មានបំណងទប់ស្កាត់ឧប្បត្តិហេតុនៅក្នុងច្រកសមុទ្រហ័រមូស ដែលអាចកើនឡើងដល់ការប្រឈមមុខដាក់គ្នាខាងយោធា និងដើម្បីអនុវត្តមាត្រាប្រាំនៃអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ។

សេចក្តីរាយការណ៍​របស់​អ៊ីរ៉ង់ ក៏បានអះអាងផងដែរថា អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា នាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវតែប្រើប្រាស់ផ្លូវដែលកំណត់ដោយអាជ្ញាធរអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ IRGC បដិសេធយ៉ាងច្បាស់អំពីអត្ថិភាពនៃការរៀបចំទំនាក់ទំនងដោយផ្ទាល់បែបនេះរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕​​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម