ព័ត៌មានជាតិ
កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានបង្ហាញជូនសម័យប្រជុំលើកទី ៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី ៤៩ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេសតាមប្រធានបទ និងប្រទេសជាក់លាក់ចំនួន ៤១ កិច្ចពិភាក្សាទូទៅចំនួន ៩ និងកិច្ចពិភាក្សាជាក្រុមចំនួន ៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់សរុបចំនួន ៣៥។ នេះបើតាមការឲ្យដឹងពីលោក អាន សុខខឿន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ។
លោក អាន សុខខឿន បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងអំឡុងនៃកិច្ចប្រជុំរយៈពេល ៥សប្តាហ៍ (ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមទ្បើងថ្លែងបទអន្តរាគមន៍សរុប ៣៣ លើកបង្ហាញពីកិច្ចប្រឹងប្រែងសមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់គោលនយោបាយ និងការអនុវត្តជាក់ស្តែង របស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា៖ សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។ គណៈប្រតិភូកម្ពុជា ក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានា ស្ដីពី ការពង្រឹងរបៀបរបបការងារ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេស ព្រមទាំងប្រធានបទ ស្តីពី ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមួយចំនួនផងដែរ។
បើតាមលោក អាន សុខខឿន នៅក្នុងកិច្ចប្រជុំរយៈពេល ៥សប្តាហ៍នោះ លោកបានលើកឡើងពីបញ្ហាមួយចំនួនដូចជា៖ ការឆ្លើយតបរបស់កម្ពុជា ចំពោះជំងឺរាតត្បាតកូវីដ-១៩ ដោយបានប្រកាន់គោលការណ៍សិទ្ធិមនុស្សជាស្នូល ជាពិសេសសិទ្ធិមានជីវិត សុខភាព និងការរស់រាន, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃរបស់កម្ពុជាជាដើម, ការបរិច្ចាកម៉ាស់ការពាររាប់លាន រួមជាមួយវ៉ាក់សាំង និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត ដល់ប្រទេសមួយចំនួន ឈរលើស្មារតីសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយអនុវត្តតាមការលើកឡើងថា “គ្មាននរណាម្នាក់អាចមានសុវត្ថិភាពឡើយ ប្រសិនបើគ្រប់គ្នាពុំមានសុវត្ថិភាព”, ការផ្តល់លទ្ធភាពជូនជនពិការ ទទួលបានសេវាសុខុមាលភាពសង្គម ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (២០១៩-២០២៣), សិទ្ធិទទួលបានរបបអាហារ, ការលុបបំបាត់អំពើហិង្សាលើកុមារនៅទូទាំងពិភពលោក, ការផ្តល់សច្ចាប័នលើអនុសញ្ញា ទាក់ទងនឹងវប្បធម៌ជាច្រើន, ភាពសុខដុមរមនាផ្នែកសាសនា, គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច, ការគាំពារសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី, កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្រ្តី លើកទី២ ក្រោមប្រធានបទ “កសាងចីរភាព បរិយាប័ន្ន និងភាពធន់៖ សហគ្រិនភាពរបស់ស្រ្តីនៅអាស៊ាន”, ការដោះស្រាយចំពោះការកើនឡើងនៃការប្រើប្រាស់ភាសាស្អប់ខ្ពើម ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់។
ជាមួយគ្នានោះ ក៏បានលើកឡើងពីការគាំទ្ររបស់កម្ពុជា នូវរាល់កិច្ចខិតខំប្រឹងប្រែងសំដៅកែលម្អការងាររបស់អ្នករាយការណ៍ពិសេស រួមទាំងការអំពាវនាវឱ្យបង្កើតយន្តការត្រួតពិនិត្យ ដើម្បីធានាការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌ របស់អ្នករាយការណ៍ពិសេសផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


