Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ថា ឆ្នាំ២០២២នេះ ជាឆ្នាំដែលកងទ័ពមានភារកិច្ចមមាញឹកខ្លាំងក្នុងការថែរក្សាសន្តិសុខជាតិ

បានផុស

នៅ

ឆ្នាំ២០២២នេះ ជាឆ្នាំដែលកងទ័ពមានភារកិច្ចមមាញឹកខ្លាំងក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ដោយសាតែឆ្នាំនេះ កម្ពុជា ជាប្រធានអាស៊ាន និងរៀបចំការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥។ នេះ គឺជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០៧ ខែមេសា នេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់របស់យោធភូមិភាគទី៥ នៅខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា វគ្គហ្វឹកហ្វឺនទាំងនេះ ពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការផ្ទាល់របស់យោធភូមិភាគទី៥ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចលើការងារធានាឱ្យការត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ ក៏ដូចជា សកម្មភាពការងារប្រចាំថ្ងៃ និងភារកិច្ចផ្សេងៗទៀតរបស់កងឯកភាព ដូចជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយជាដើម។

បើតាមលោក ហ៊ុន ម៉ាណែត ជោគជ័យនេះ កើតចេញពីការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដែលនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយលោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាសម្រាប់កសាង និងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់អង្គភាពនាពេលចំពោះមុខ និងតទៅអនាគត។

បន្ថែមលើនេះ លោក ហ៊ុន ម៉ាណែត អះអាងថា កងទ័ពជើងគោក ពិតជាមានការទទួលខុសត្រូវខ្ពស់ ដោយសារត្រូវបំពេញទាំងការងារស្នូលជាប្រចាំផង និងភារកិច្ចបន្តប្រយុទ្ធនឹងជំងឺរាតត្បាតផង​។ លោកថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែបន្ត និងមិនទាន់បញ្ចប់ ប៉ុន្តែអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានដោយសារជោគជ័យ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្នើឲ្យបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ៕ 

ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម