ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ពិតជាគួរអោយអាម៉ាស់ផងដែរខណៈដែលប្រទេសជាតិកំពុងមានការព្រួយបារម្ភ លើវិបត្តិជំងឺកូវី១៩ ឆ្លងចូលសហគថ្ងៃ២៨វិច្ឆិកា នៅក្នុងខេត្តកំពង់ឆ្នាំងបែរជាមានប្រជាពលរដ្ឋនាំគ្នាផឹកស្រាស ស្រាថ្នាំ ពុលជាង១០០នាក់ និងមានអ្នកពុលស្លាប់ដល់ទៅ៨នាក់។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ក្នុងពិធីកំទេចចោលស្រា ស ស្រាថ្នាំ ជាង៥០០ប៊ីដុង នៅជិតទីតាំងពន្ធនាគារថ្មី ស្ថិតក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូលស្រុករលាប្អៀរ ក្រោយពេលដែលប្រជាពលរដ្ឋនៅស្រុកទឹកផុសបាននាំគ្នាពុលជាង១០០នាក់និងស្លាប់ចំនួន៨នាក់ក្នុងព្រឹត្តិការណ៍ថ្ងៃ២៨ខែវិច្ឆិកា កន្លងមក។
ឯកឧត្តមបានបន្តទៀតថា ករណីពុលស្រាខាងលើនេះ គឺជាចំណែកទទួលខុសត្រូវមួយរបស់ អាជ្ញាធរភូមិ ឃុំនិងអភិបាលស្រុកផងដែរ ដែលមិនបានគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរឯកឧត្តមសំណូមពរអាជ្ញាធរនិងមន្ត្រីជំនាញកាំកុងត្រូល មន្ទីរពាណិជ្ជកម្ម ត្រូវគិតគូរឡើងវិញ អំពីចំណីអាហារ មិនផ្តោតតែលើស្រានេះទេ ដែលមានដាក់លក់នៅលើទីផ្សារ ក៏ដូចនៅក្នុងមូលដ្ឋានជនបទផងដែរ ដើម្បីកុំឲ្យកើតហេតុការដូចរឿងខាងលើនេះកើតឡើងទៀត។
ដូច្នេះការផលិតស្រា ការបិទស្រា ការលាយស្រាលក់ គ្មានបច្ចេកទេសគ្មានច្បាប់ទម្លាប់ ត្រូវតែផ្អាកមួយរយៈសិន ព្រោះថាបើតាមផ្លូវច្បាប់ការដាក់លក់ស្រា ត្រូវបិតផ្លាកយីហោទទួលខុសត្រូវត្រឹមត្រូវ ទើបអនុញ្ញាតឲ្យចរាចរលក់ដូរបាន។
នៅក្នុងពិធីនេះដែរ ឯកឧត្តម ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ថ្ងៃ២៨វិច្ឆិកា អ្នកពុលស្រាសរុបមានចំនួន១៣១នាក់ ក្នុងនោះបង្កឲ្យស្លាប់មានចំនួន៨ នាក់ ។ នៅក្នុងហេតុការណ៍នេះសមត្ថកិច្ច បានចុះប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនអ្នកបិតស្រា និងលាយស្រាពុលមានជាតិមេតាណុលខ្ពស់ចំនួន៩នាក់ក្នុងនោះ៥នាក់ មានស្រី៣នាក់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ដោយឡែកអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងសមត្ថកិច្ចនិងមន្ត្រីជំនាញ បានចុះប្រតិបត្តិការដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបិតកន្លែងផលិតស្រាចំនួន៥១៥កន្លែង កន្លែងលក់ស្រា១១១៥ កន្លែង ដកហូតស្រាបាន៣៨៩៥លីត្រ និង៥១៥ប៊ីដុង ក្នុងនោះដែរក៏មានមេស្រាចំនួន៧៥លីត្រមេតំបែរ១កញ្ចប់និងមេស្រាកាច់ចំនួន កន្លះលីត្រផងដែរ ដែលសមត្ថកិច្ច បានដឹកយកមកកម្ទេចចោលនៅថ្ងៃនេះទាំងអស់ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងការកម្ទេចស្រានិងមេស្រាពុលទាំងអស់ខាងលើនេះ គឺសមត្ថកិច្ចនិងក្រុមការងារបានចាក់ស្រាចោលនៅលើដី ហើយបានប្រើប្រាស់រថយន្តបាញ់ទឹកបន្សាបស្រាទាំងនោះនៅលើដីផងដែរ ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ