Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំ ៖ ការរៀនពេញម៉ោង ឬមិនពេញម៉ោង អាស្រ័យលើស្ថានភាពការជាក់ស្តែងរបស់សាលានីមួយៗ

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បច្ចុប្បន្ននេះការរៀន នៅក្នុងថ្នាក់ពេញម៉ោង ឬមិនពេញម៉ោង គឺអាស្រ័យលើស្ថានភាពជាក់ស្តែង របស់សាលានីមួយៗ ជាអ្នកសម្រេចពីព្រោះថា រហូតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់មានចេញសេចក្តីណែនាំថ្មីណាមួយនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅព្រឹកថ្ងៃទី ៩ ខែឧសភានេះថា សម្រាប់នៅរាជធានីភ្នំពេញ ការសិក្សាគឺសាលានីមួយៗ ជាអ្នករៀបចំទៅតាមជាក់ស្តែងដោយសាលាខ្លះមានសិស្សតិច បញ្ចូលគ្នារៀនបានពេញម៉ោង នៅក្នុងថ្នាក់រៀន។ ចំណែកសាលាខ្លះទៀត ដែលមានសិស្សច្រើនអាចរំលែកគ្នារៀនឆ្លាស់គ្នា គឺរៀនក្នុងថ្នាក់ផង និងរៀនតាមអនឡាញផង ពីព្រោះថារហូតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់មានចេញសេចក្តីណែនាំណាមួយថ្មីនៅឡើយទេ។

ប៉ុន្តែសាលាទាំងនោះ ត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាលដដែល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសាលារៀន។ លោក លឹម ចន្ថា នាយកវិទ្យាល័យចំណេះទូទៅ និងបចេ្ចកទេសហ៊ុនសែនជម្ពវូ័ន បានឲ្យដឹងនៅព្រឹកនេះដែរថា សាលារបស់លោកបានបើកបង្រៀន និងរៀននៅក្នុងថ្នាក់ពេញលេញឡើងវិញហើយ បន្ទាប់ពីក្រោយចូលឆ្នាំខ្មែររួចមក។

លោកបានបន្តថា ការអនុញ្ញាតឲ្យសិស្សបានរៀនពេញលេញនេះ ដោយសារតែសាលាមើលឃើញថាស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលច្រើន។ ប៉ុន្តែការអនុវត្តវិធានការពាក់ម៉ាស ការវ៉ាស់កម្តៅ និងបាញ់អាកុល លាងសំអាត សម្លាប់មេរោគ នៅតែបន្តអនុវត្តដដែល ពេលលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលថ្នាក់រៀន ដើម្បីការពារការឆ្លងរាលដាលនៅក្នុងសាលារៀន។ លោក លឹម ចន្ថា បានបន្តទៀតថា បច្ចុប្បន្ននេះ នៅក្នុង ១ថ្នាក់ អាចដាក់សិស្ស ៦០នាក់ មានការចង្អៀតបន្តិច។ ប៉ុន្តែនៅឆ្នាំក្រោយ សាលានឹងដាក់តាមស្តង់ដា ៤៥នាក់ បន្ទាប់ពីសាងសង់អគាររួចរាល់។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកឲ្យមានការរៀន និងបង្រៀនពេញលេញឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូស្រាល។ ប៉ុន្តែគ្រឹះស្ថានសិក្សានានា ត្រូវបន្តអនុវត្តវិធានការ ៣កុំនិង ៣ការពារ ដើម្បីធានាសុវត្ថិភាពសុខភាពសិក្សា។

លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា យោងតាមស្មារតីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ កាលពីថ្ងៃ ២៥ ដល់ថ្ងៃទី២៧ ខែមេសា ២០២១ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តអនុវត្តការរៀន និងបង្រៀនពេញលេញនៅទូទាំងប្រទេស ដោយបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាសុវត្ថិភាពសុខភាពសិក្សា នៃដំណើការគ្រឹះ​ស្ថានសិក្សាតាមគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ ជាពិសេសបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំរបស់សម្តេចតេជោ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម