Connect with us

ព័ត៌មានជាតិ

លោក ជុំ សុន្ទរី ៖ ដំណើរ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាម៉េរិក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មិនមាន​ការប្រែប្រួល​ទេ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃទី​០៩ ខែឧសភា នេះ​ថា ការអញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាម៉េរិក នៅ​រដ្ឋធានី​វ៉ា​សី​ន​តោន សហរដ្ឋ​អាម៉េរិក របស់​សម្តេច​តេ​ជោ ហ៊ុន សែន មិនមាន​អ្វី​ប្រែប្រួល​ទេ​។

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក នឹងធ្វើ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​១២ និង​ទី​១៣ ខែឧសភា ឆ្នាំ​២០២២ ហើយ​បើតាម​គម្រោង សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន នឹង​ដឹកនាំ​គណៈប្រតិភូ​ចាកចេញ​ពី​កម្ពុជា ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ស្អែក​នេះ​។

បើតាម​ក្រសួងការបរទេស​កម្ពុជា កិច្ចប្រជុំ​កំពូល​ពិសេស​នេះ គឺជា​កិច្ចប្រជុំ​កំពូល​ពិសេស​លើក​ទី​២ គិតពី​ឆ្នាំ​២០១៦ ហើយ​ជាការ​ជួបប្រជុំគ្នា​ដោយផ្ទាល់​មុខ​លើក​ទី​១ សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន គិត​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។ នៅក្នុង​កិច្ចប្រជុំ​នាពេលខាងមុខ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន និង​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន នឹង​ពិភាក្សាគ្នា​អំពី​មធ្យោបាយ និង​វិធីសាស្ត្រ​នានា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​ដែលជា​អាទិ៍ រួមមាន ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ សន្តិសុខ សុខភាព​សកល ការផ្លាស់ប្តូរ​អាកាសធាតុ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កិច្ចសហប្រតិបត្តិការ​លំហ​សមុទ្រ ការអភិវឌ្ឍ​ធនធានមនុស្ស ការអប់រំ និង​ចំណងទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា ការតភ្ជាប់ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​។ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក ក៏​នឹងធ្វើ​ការផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផល​ប្រ​យោ ជន៍ និង​កង្វល់​រួម។

នៅក្នុង​អំឡុងពេល នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះដែរ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក នឹងដាក់​ចេញ​នូវ​ទិសដៅ​អនាគត​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ហើយនឹង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ សម្រាប់​ផលប្រយោជន៍​រួម​ទៅវិញទៅមក​នៃ​ប្រជាជន​អាស៊ាន និង​ប្រជាជន​សហរដ្ឋអាមេរិក​។ កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ក៏​នឹង​បញ្ជាក់​ឡើងវិញ​ផងដែរ នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​រក្សា​ម​ជ្ឈ​ភាព និង​ឯកភាព​អាស៊ាន តាមរយៈ​យន្តការ​នានា ដែល​ដឹកនាំ​ដោយ​អាស៊ាន ក៏ដូចជា ដើម្បី​បង្កើន​ជំនឿ និង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម