Connect with us

ព័ត៌មានជាតិ

រដ្ឋ​មន្ត្រី​មហាផ្ទៃ និង​ប្រធាន គ​.​ជ​.​ប ហាម​មិន​ឲ្យ​បក្សនយោបាយ​កៀរគរ​កម្លាំង​ឆ្លង​រាជធានី ខេត្ត ក្នុង​ចេតនា​បង្ក​អសន្តិសុខ ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម

បានផុស

នៅ

​សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការបោះឆ្នោត និង​លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃទី​០២ ខែមិថុនា នេះ បានចេញ​សេចក្តីណែនាំ​មួយ​ដល់​គណបក្សនយោបាយ ក៏ដូចជា​បេក្ខជន មិន​ត្រូវធ្វើ​សកម្មភាព​កៀរគរ ប្រមូល​កម្លាំង​ពី​រាជធានី ខេត្ត​ណាមួយ ទៅធ្វើ​សកម្មភាព​នៅ​រាជធានី ឬ​ខេត្ត​ផ្សេង ក្នុង​ចេតនា​បង្កចលាចល អសន្តិសុខ​សង្គម ដើម្បី​បំផ្លាញ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​នោះឡើយ​។

​អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ក្នុង​គោលបំណង​ធានា​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅដោយ​រលូន ស្ថិតក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​គណៈបញ្ជាការ​សន្តិ​សុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត (​គ​.​ស​.​អ​) បានធ្វើ​ការណែនាំ​៖

​ទី​១, គណបក្សនយោបាយ និង​បេក្ខជន មិន​ត្រូវធ្វើ​សកម្មភាព​កៀរគរ ប្រមូល​កម្លាំង​ពី​រាជធានី ខេត្ត​ណាមួយ ដើម្បី​ទៅធ្វើ​សកម្មភាព​នៅ​រាជធានី ឬ​ខេត្ត​ផ្សេង ក្នុង​ចេតនា​បង្ក​អសន្តិសុខ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម សំដៅ​បំផ្លាញ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​នោះឡើយ។

ទី​២, គណបក្សនយោបាយ និង​បេក្ខជន ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ក្នុង​កិច្ចការពារ​ថែរក្សា​បរិយាកាស សន្តិសុខសម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​ឲ្យ​បានល្អ​ប្រសើរ ដោយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ដែល​ផ្ទុយ​ពី​គោលការណ៍​នៃ​ច្បាប់បោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ក្រមសីលធម៌​សម្រាប់ គណបក្សនយោបាយ និង​បេក្ខជន​ក្នុង​ដំណើរការ​បោះឆ្នោត ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ផ្សេងៗ ជា​ធរមាន​។

​ស្ថាប័ន​ទាំងពីរ​នេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​បោះឆ្នោត និង​សាធារណជន​ទាំងអស់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ព្រមទាំង​យន្តការ រចនាសម្ព័ន្ធ​នៃ គ​.​ស​.​អ គ្រប់​លំដាប់​ថ្នាក់ និង​សហការ​អនុវត្តតាម​សេចក្តីណែនាំ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បង្កលក្ខណៈ​សម្បត្តិ​ធានាបាន​នូវ​បរិយាកាស​ស្ងប់ស្ងាត់ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង និង​មាន​សុវត្ថិភាព​ទាំងស្រុង សម្រាប់​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

គួរ​រំលឹក​ថា សេចក្តីណែនាំ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ថ្មីៗ​នេះ មានការ​ទម្លាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​អំពី​ផែនការ​សម្ងាត់​របស់​ក្រុម​ទណ្ឌិត សម រ​ង្ស៉ី បាន​បញ្ជូន​មនុស្ស​ពី​ក្រៅ​ប្រទេស ដើម្បី​រៀបចំ​ផែនការ តាមរយៈ​គណបក្ស​ភ្លើងទៀន ក្នុង​ការ​បង្កចលាចល បំផ្លាញ​ការបោះឆ្នោត​នា​ក្រុមប្រឹក្សា ឃុំ សង្កាត់ ពេលខាងមុខ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម