ព័ត៌មានជាតិ
កម្ពុជានឹងបញ្ជូនក្រុមគ្រូពេទ្យផ្នែក ត្រចៀក ច្រមុះ បំពង់ក សិក្សានៅប្រទេសកូរ៉េ
កម្ពុជានឹងបញ្ជូនក្រុមគ្រូពេទ្យផ្នែក ត្រចៀក ច្រមុះ បំពង់ក ពីមន្ទីរពេទ្យព្រះអង្គឌួង ទៅបន្តការសិក្សារយៈពេលខ្លីនៅប្រទេសកូរ៉េ ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រង និងថែទាំអ្នកជំងឺឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោក គីម ខ្វាងវុក (Kim Kwang Wook) អនុប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី តម្រង់ទិសមុនពេលចេញដំណើរ ថ្ងៃទី ៧ ខែកក្កដានេះថា ក្រុមគ្រូពេទ្យដែលត្រូវទៅបន្តការសិក្សាខ្លីនៅប្រទេសកូរ៉េមានចំនួន ៨ នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ១ នាក់ និងគិលានុបដ្ឋាក/យិកា ៧ នាក់ ដែលពួកគាត់មកពីមន្ទីរពេទ្យព្រះអង្គឌួង។

លោកបានបន្តថា ការបណ្តុះបណ្តាលនេះគឺ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និង មជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រ ស៊ុន ជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ តាមកម្មវិធីបណ្តុះបណ្តាលសម្រាប់គិលានុបដ្ឋាក/យិកា។ កម្មវិធីបណ្តុះបណ្តាលនេះ ស្ថិតនៅក្នុង “គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង”។

លោកបានបន្តទៀតថា ពួកគាត់ និងទៅបណ្តុះបណ្តាលរយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១០ ខែកក្កដា ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ ដោយគ្រោងនឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ។ គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺ ទី១ ការយល់ដឹងអំពីការការពារ និងការត្រួតពិនិត្យការឆ្លង ទី២ ការកសាងសមត្ថភាព នៃនាយកដ្ឋានផ្នែកគ្រប់គ្រងសេវាជំងឺសម្រាកពេទ្យ/ផ្នែកសេវាជំងឺពិគ្រោះជំងឺក្រៅ និងផ្នែកគ្រប់គ្រង និងបច្ចេកទេសថែទាំគិលានុបដ្ឋាក/យិកា និង ទី៣ ការកែលម្អចំណេះដឹងផ្នែកពិសេស (បន្ទប់វះកាត់ បន្ទប់ផ្គត់ផ្គង់សម្ភារៈ ។ល។ ) ការគ្រប់គ្រង និងបច្ចេកទេសថែទាំ គិលានុបដ្ឋាក/យិកា។

លោកបានបន្តទៀតថា ដើម្បីជួយសម្រួលដល់កម្មវិធីបណ្ដុះបណ្ដាលនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានផ្តល់កម្មវិធីតម្រង់ទិសមុនពេលចេញដំណើរដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក/យិកា ដើម្បីសម្រួលដល់ពួកគាត់ស្គាល់ពីវប្បធម៌កូរ៉េ និងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតក្នុងជីវិតរបស់ពួកគាត់នៅសាធារណរដ្ឋកូរ៉េ ព្រមទាំងបានផ្តល់ប្រធានបទចាំបាច់សំខាន់ៗស្តីអំពី ទី១ ព័ត៌មានអំពីប្រទេសកូរ៉េ ទី២ ព័ត៌មានវគ្គសិក្សា និង ទី៣ ក្រមសីលធម៌ស្តីអំពីសុចរិតភាព និងការជៀសវាងការបៀតបៀនផ្លូវភេទសម្រាប់សិក្ខាកាមជាដើម។
លោក គីម ខ្វាងវុក បានស្នើឱ្យអ្នកចូលរួម ដែលបានទទួលបានឱកាសដ៏ល្អនេះ សិក្សាស្វែងយល់អំពីការអភិវឌ្ឍរបស់ប្រទេសកូរ៉េក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគាត់នៅសាធារណរដ្ឋកូរ៉េ និងពេលត្រឡប់មកប្រទេសកម្ពុជាវិញ សូមចែករំលែកបទពិសោធន៍របស់ពួកគាត់ទៅគិលានុបដ្ឋាក/យិកាកម្ពុជា នៅក្នុងប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

គួររំលឹកថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានអញ្ជើញវេជ្ជបណ្ឌិតចំនួន ៦ នាក់ មកពីមន្ទីរពេទ្យព្រះអង្គឌួង ទៅចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី “កម្មវិធីបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិត” ស្ថិតនៅក្នុង “គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង” នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២ រយៈពេល ២១ ថ្ងៃសម្រាប់វេជ្ជបណ្ឌិតចំនួន ៣ នាក់ និងកាលពីថ្ងៃទី ១១ ខែឧសភា ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ រយៈពេល ៣០ ថ្ងៃ សម្រាប់វេជ្ជបណ្ឌិតចំនួន ៣ នាក់ផ្សេងទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


