ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ប្តេជ្ញាអនុវត្តឲ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែន
ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា- វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលកិច្ចប្រជុំនោះ ដឹកនាំដោយសហប្រធាន គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា ជាមួយលោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ ទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅ កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

តាមលទ្ធផល នៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានកត់សម្គាល់ឃើញពីមិត្តភាពរឹងមាំជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួមទាំងការលើកកម្ពស់បន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបានគូសបញ្ជាក់តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ និងប្រព័ន្ធវីដេអូរបស់ថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាបន្តបន្ទាប់ នាពេលកន្លងមក។ ភាគីទាំងពីរបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ស្របពេល ដែលកំពុងខិតខំរក្សាលំហូរពាណិជ្ជកម្មនៃទំនិញឆ្លងកាត់ព្រំដែន និងការវិនិយោគ។

សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងការសម្របសម្រួលជំហរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន និងអង្គការសហប្រ ជាជាតិ។ ភាគីវៀតណាម បានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដែលភាគីកម្ពុជាបានផ្ដល់ដល់ប្រទេសវៀតណាម ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២០ និងបានសន្យាផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំឲ្យបានជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមកនៅថ្នាក់តំបន់ និងអន្តរជាតិ បន្តសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើស ដែលបានគ្រោងទុក និងបទល្មើសអ៊ីនធឺណែត និងធ្វើឲ្យប្រសើរនូវយន្តការសម្រាប់ការផ្លាស់ប្តូរព័ត៌មាននៅគ្រប់វិស័យ។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងធនធានមនុស្ស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសមភាគីវៀតណាម ដែលបានសម្របសម្រួលឲ្យនិស្សិតកម្ពុជា អាចចូលទៅប្រទេសវៀតណាមឡើងវិញបាន ដើម្បីបន្តការសិក្សារបស់ពួកគេ។ ភាគីទាំងពីរ បានឯកភាពបន្តផ្តល់អាហារូបករណ៍ឲ្យគ្នាទៅវិញទៅមក ដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២០ និង២០២១។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការគ្រប់គ្រងសកម្មភាព កេងប្រវ័ញ្ចខុសច្បាប់នានា ការដឹកជញ្ជូននិងការជួញដូរឈើហ៊ុប និងសត្វព្រៃខុសច្បាប់ឆ្លងដែន។ ភាគីទាំងពីរ ក៏បានឯកភាពធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យសត្វ និងរុក្ខជាតិ ជលផល កៅស៊ូ ផ្លែឈើ ផលិតផលសាច់គោ សាច់ជ្រូក និងប្រព័ន្ធ ធារាសាស្ត្រ។ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នា ដើម្បីអនុវត្តឲ្យបានជោគជ័យនូវគម្រោងនានាផ្នែកបរិស្ថាន ធនធានទឹក និងឧតុនិយម។ ភាគីទាំងពីរ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ ការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ក៏ដូចជាការជំរុញការការពារ និងអភិរក្សបរិស្ថាន សកម្មភាពពាក់ព័ន្ធអាកាសធាតុ កំណើនបៃតង និងការគ្រប់គ្រងដីធ្លី។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ភាគីទាំងពីរបានឯកភាពក្នុងការស្វែងរក កាលានុវត្តនភាព សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងវិស័យថាមពល និងការសិក្សាស្រាវជ្រាវរួម ស្តីពីការអភិវឌ្ឍថាមពលស្អាត និងកកើតឡើងវិញ។ ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះការវិវឌ្ឍយ៉ាងខ្លាំងក្នុងពាណិជ្ជកម្មទ្វេភាគី ដោយទំហំពាណិជ្ជកម្ម មានចំនួន ៥,២៧ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលចំនួននេះលើសពីទំហំគោលដៅ៥ ប៊ីលានដុល្លារអាមេរិក មុនកាលកំណត់ឆ្នាំ ២០២០ និងបានអះអាងថា នឹងជួយសម្រួលដល់សកម្មភាពនាំចូលនិងនាំចេញរវាងប្រទេសទាំងពីរ។ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ ភាគីទាំងពីរបានឯកភាពចាត់វិធានការសមស្របទាក់ទងនឹងការសម្រួលផ្នែកវិនិយោគ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងវិស័យសេដ្ឋកិច្ច។

សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការថែទាំសុខភាព ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “កិច្ចព្រមព្រៀង ស្តីពីការធ្វើចត្តាឡីស័កផ្នែកសុខភាព នៅតាមព្រំដែន” ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលទាំង ពីរក្នុងឆ្នាំ២០០៦ នៅរាជធានីភ្នំពេញ និង សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតប និងទប់ស្កាត់ទាន់ពេលវេលាចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការផ្ទុះឡើងនៃមេរោគដទៃទៀត នៅតាមព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តនៅជាប់ព្រំដែននៃប្រទេសទាំងពីរ រួមមាន ការផ្ដល់អាហារូបករណ៍ ការរៀបចំវគ្គបណ្ដុះបណ្ដាល ទស្សនកិច្ចសិក្សា សិក្ខាសាលា ឬសន្និសីទស្ដីពីការថែទាំសុខភាព។
ចំពោះបញ្ហាព្រំដែន ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានលើកទឹកចិត្តដល់គណៈកម្មការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក(JBCs) នៃប្រទេសទាំងពីរ ឲ្យធ្វើការយ៉ាងជិតស្និទ្ធ និងពិភាក្សាយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានទាំងសងខាង ដោយអនុលោមតាមច្បាប់អន្តរជាតិ ចំពោះព្រំដែនគោកចំនួន១៦ ភាគរយទៀត ដែលពុំទាន់បានខណ្ឌសីមានៅឡើយ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការផ្សេងៗទៀត នៅក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សហគ្រាសមីក្រូ ធុនតូចនិងមធ្យម ពន្ធគយ ការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ទូរគមនាគមន៍ ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាគមនាគមន៍(ICTs) ហិរញ្ញវត្ថុ និងធនាគារ វប្បធម៌ កីឡា ទេសចរណ៍ ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបញ្ហាច្បាប់ និងយុត្តិធម៌។ ភាគីទាំងពីរ ក៏បានឯកភាពពន្លឿនការអនុវត្តគម្រោង និងសកម្មភាពដែលមិនទាន់សម្រេចបានផ្សេងទៀត ខណៈពេលកំពុងរិះរកមធ្យោបាយ និងវិធីសាស្ត្រជាក់លាក់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
បន្ទាប់ពីកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក ផាម ប៊ិញមិញ បានធ្វើការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម និងធ្វើការផ្លាស់ប្តូរលិខិតុបករណ៍នៃការផ្ដល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ លោក ប្រាក់ សុខុន ៖ ទូតសិង្ហបុរី បានចូលរួមលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី