Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ មិនប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យទេ

បានផុស

នៅ

អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយ បានលើកឡើងថា ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ មិនមានផលប៉ះពាល់ទៅលើដំណើរការប្រជាធិបតេយ្យ ហើយក៏ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងគោរពតាមនីតិវិធីទាំងអស់ផងដែរ។ ការលើកឡើងនេះ បន្ទាប់ពីអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន ​បានបង្ហាញ​ក្តី​ព្រួយ​បារម្ភ ​ចំពោះ​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៥ ខែកក្កដានេះថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនមានផលប៉ះពាល់ទៅលើដំណើរការប្រជាធិបតេយ្យ ហើយក៏មិនឲ្យបាត់បង់នូវសិទ្ធិ និងអំណាចរបស់ប្រជាពលរដ្ឋនោះទេ។

លោកថា «ដូចខ្ញុំបានពិនិត្យមើល ក្នុងសេចក្ដីព្រាងវិសោធនកម្មហ្នឹង ហើយផ្ទុយទៅវិញយើងឃើញថា វិសោធនកម្មនេះ គឺបានទៅបំពេញនូវចន្លោះប្រហោង ឬក៏ភាពមិនច្បាស់លាស់ នៅក្នុងការធានានិរន្តភាពនៃការគ្រប់គ្រងរដ្ឋ ដែលពីកន្លងមកហ្នឹងយើងឃើញនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង ហាក់ដូចជាមានភាពខ្វះចន្លោះ ដែលមិនច្បាស់លាស់ អញ្ចឹងការធ្វើវិសោធនកម្មនេះ បង្កើតឲ្យមានភាពច្បា​ស់លាស់បន្ថែម ទៅលើរដ្ឋធម្មនុញ្ញដែលយើងមានកន្លងមកហើយ»។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា បា​នលើកឡើងដែរថា ដោយសារប្រទេសកម្ពុជា ជាប្រទេសប្រ​កាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូច្នេះ ក៏ប្រាកដជាមានមតិរិះគន់ ឬមតិជំទាស់ទៅលើគម្រោងនានារបស់រាជរដ្ឋាភិបាល ដែលជារឿងមួយចៀសមិនរួចឡើយ។ ប៉ុន្តែ ពាក់ព័ន្ធនឹងរឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញវិញ លោកបណ្ឌិត គិន ភា យល់ថា ការលើកឡើង ឬក៏ការបារម្ភរបស់អង្គការសង្គម​ស៊ីវិល និងគណបក្សនៅក្រៅរដ្ឋាភិបាលនោះ មិនមានភាពឡូហ្សិក និងមិនមានលក្ខណៈច្បាប់ប៉ុន្មាននោះទេ ដោយពួកគាត់មើលទៅលើនិន្នាការនយោបាយច្រើនជាង។

អ្នកវិភាគរូបនេះ បានបន្ថែមទៀតថា «អ្វីដែលវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ខ្ញុំមើលទៅវាអត់មានប្រមូលផ្ដុំអំណាចទៅឲ្យនរណា ឬក៏កាត់បន្ថយអំណាចប្រជាពលរដ្ឋ ឬក៏ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននយោបាយណាមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទេ អញ្ចឹងជួនកាលជាការបារម្ភរៀងជ្រុលបន្តិច»។

ចំណែកឯលោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយមួយរូបដែរនោះ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា សំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺជាការធ្វើឡើងដោយត្រឹមត្រូវ និងគោរពតាមនីតិវិធីទាំងអស់ ហើយអ្នកដែលរិះគន់ជុំវិញសំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយសារពួកគេមិនយល់អំពីនីតិវិធីច្បាប់។

លោក សួន សេរីរដ្ឋា បានបន្ថែមថា «ដូចរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គាត់លើកអញ្ចឹងគឺថា អ្នកដែលនិយា​យនោះ គឺថា គាត់អត់យល់ពីនីតិវិធីច្បាប់ទេ គាត់មិនមែនជាអ្នកច្បាប់ទេ គាត់ព្យាយាមបកស្រាយច្បាប់ ខ្ញុំក៏ឯកភាពដែរនៅក្នុងអ្វីដែលឯកឧត្ដ កើត រិទ្ធ លោកលើកឡើង គឺការលើកឡើងវិភាគរបស់មនុស្សមួយក្រុមនោះថា វិសោធនកម្មរបស់រដ្ឋធម្មនុញ្ញ ដែលការធ្វើលើកទី ៩ហ្នឹង គឺជាវិសោធនកម្មអាក្រក់បំផុត ប៉ុន្តែពិនិត្យមើលមែនទែនទៅ ការបកស្រាយ ការពន្យល់របស់គាត់ហ្នឹង វាអត់ផ្អែកទៅលើគេហៅថា គំនិតជាតិនិយមទេ គេហៅថា គំនិតអារម្មណ៍និយម ដែលពួកគាត់គាំទ្រក្រុមមួយណានោះ»។

អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយរូបនេះ ក៏យល់ស្របដែរថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាការពារឧត្តមប្រយោជន៍ជាតិ ខណៈដែលចាប់តាំងពីឆ្នាំ ១៩៩៣មក ប្រទេសកម្ពុជា ទើបតែធ្វើវិសោធនកម្ម ១០លើកប៉ុណ្ណោះ បើគិតទាំងលើកនេះទៀត ខណៈដែលប្រទេសមួយចំនួននៅលើពិភពលោក បាន​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ពួកគេ ច្រើនដងរួចទៅហើយ។

នៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ កាលពីរសៀលថ្ងៃទី ១៤ ខែកក្កដាម្សិលមិញ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងថា ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺអនុវត្តទៅតាមនីតិវិធី ដែលចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមានចំណុចណាមួយដែលនិយាយថា ជារឿងលាក់បាំង ជាការសំងាត់​​ នោះទេ។ លោកបន្ថែមថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងធានាការពារឧត្ដមប្រយោជន៍របស់ជាតិ។

សូមជម្រាបថា យោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៨ ខែកក្កដាកន្លងទៅនេះ បានឲ្យដឹងថា សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ មានគោលបំណងសំខាន់ចំនួនពីរ គឺទី១. ធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ។ ទី២. ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយ របស់ប្រទេសជាតិគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្ដីសុខសាន្ដរបស់ប្រជាជនកម្ពុជា៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម