ព័ត៌មានជាតិ
កម្ពុជាស្រាវជ្រាវរកឃើញពូជពោតក្រហមថ្មី ទទួលបានទិន្នផលខ្ពស់ ក្នុង ១ហិកតាពី ៩ ទៅ ១០តោន
កម្ពុជាបានស្រាវជ្រាវរកឃើញពូជពោតក្រហមថ្មី ដែលមានឈ្មោះថា ពូជ CHM01 ដែលជាគ្រាប់ពូជអីប៊្រិដកម្ពុជាទី ១ ជាពូជដ៏ល្អ និងអាចប្រកួតប្រជែងជាមួយពូជនាំចូលមកពីបរទេសបាន ដោយក្នុង ១ហិកតាទទួលបានទិន្នផលខ្ពស់រហូតដល់ ៩ទៅ ១០តោន។
ការរកឃើញពូជពោតក្រហមថ្មី CHM01នេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២១ ខែកក្កដា ក្នុងឱកាសជួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយលោកបណ្ឌិត Song Young Ju ប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KOPIA។
លោកបណ្ឌិត Song Young Ju បានមានប្រសាសន៍ថា ពូជ CHM01 គឺបានមកពីកិច្ចខិតខំប្រឹងប្រែងសិក្សាស្រាវ ជ្រាវ និងបង្កាត់ដោយអ្នកជំនាញការកូរ៉េ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែកលើផ្ទៃដី ៧ហិកតា ដើម្បីចែកជូនកសិករតាមខេត្តគោលដៅ។
លោកបណ្ឌិតបន្តថា ពូជ CHM01 ដែលជាគ្រាប់ពូជអីប៊្រិដកម្ពុជា ទី ១នេះ គឺជាពូជដ៏ល្អ និងអាចប្រកួតប្រជែងជាមួយពូជនាំចូលមកពីបរទេសបាន ហើយតាមផែនការអនុវត្ត ៣ឆ្នាំ ២០២១-២០២៣ នៃគម្រោងនេះ គឺនឹងចែកជូនប្រជាកសិករក្នុងមួយគ្រួសារទទួលបាន ២០គីឡូ សម្រាប់ធ្វើការដាំដុះក្នុង ១ហិកតា ដោយត្រូវចែកជូនកសិករដាំដុះឲ្យបាន ៣០០ហិកតាដោយទិន្នផល ដែលរំពឹងនឹងអាចទទួលបានពី ៩-១០ តោនក្នុង ១ហិកតា។
លោកបណ្ឌិត បានបន្ថែមថា ចំពោះគម្រោងផ្សេងៗដូចជា គម្រោងការធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4 និងគម្រោងសាកវប្បកម្ម កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្តផ្តល់ការគាំទ្របន្ថែមទៀតផងដែរ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា នេះគឺជាជោគជ័យដ៏ធំមួយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រោះថា ពោតក្រហម គឺជាដំណាំដ៏មានសក្ដានុពល សម្រាប់កម្ពុជា ហើយតាមរយៈពូជថ្មីនេះ លោកសង្ឃឹមថា នឹងអាចពង្រីកផលិតកម្មឲ្យកាន់តែច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់ក្រសួង ក្នុងការជំរុញការផលិត ផ្គត់ផ្គង់ទូទាំងប្រទេសសម្រាប់ផលិតចំណីសត្វ និងឈានទៅធ្វើការនាំចេញពោតក្រហម ឲ្យបានច្រើនថែមទៀត។
លោករដ្ឋមន្រ្តី ស្នើដល់ភាគីកូរ៉េ និងអគ្គនាយកដ្ឋានកសិកម្ម បន្តកិច្ចសហការដ៏ល្អនេះ ជំរុញការផលិត និងបន្តការបង្កាត់ពូជថ្មីៗបន្ថែមទៀត គឺពូជ CHM02 និង CHM03។ ទន្ទឹមនឹងនេះ ដើម្បីនិរន្តរភាពនៃការផលិត និងបង្កាត់ពូជថ្មីនេះ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស លោករដ្ឋមន្ត្រី បានណែនាំថា គួរពិនិត្យ ពិចារណា និងជ្រើសរើសវិស័យឯកជន ដែលមានទាំងធនធាន និងសក្ដានុពលឲ្យចូលរួមក្នុងការងារនេះ។
ចំណែកអគ្គនាយកដ្ឋានកសិកម្ម ក៏ត្រូវប្រើប្រាស់យន្តការត្រួតពិនិត្យ និងបញ្ជាក់គុណភាពនៃពូជនេះឲ្យបានល្អប្រសើមុន និងក្រោយប្រគល់ជូនប្រជាកសិករ និងគួរមានកិច្ចសហការ និងកន្លែងដាំបង្ហាញពូជពោតក្រហម CHM01 នៅតាមសាកលវិទ្យាល័យ និងសាលាកសិកម្ម ដើម្បីនិស្សិតអាចចូលរួមធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ផងដែរ។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានស្នើឲ្យភាគីកូរ៉េជួយពិនិត្យ ពិចារណាដល់ការបញ្ជ្រាប និងបញ្ចូលបច្ចេកវិទ្យា បច្ចេកទេសថ្មីទំនើបក្នុងអនុវិស័យសាកវប្បកម្ម ដូចជា ការជំរុញការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពបៃតង និងជំរុញដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍អំពីការដាំដុះផ្កា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាកសិករកម្ពុជា៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ