Connect with us

ព័ត៌មានអន្ដរជាតិ

គុយបា ចោទអាមេរិកថា «ប្រឌិតរឿងដ្រូន» ធ្វើលេស​ដាក់ទណ្ឌកម្ម និងលូកដៃកិច្ចការផ្ទៃក្នុង

បានផុស

នៅ

បន្ទាប់ពីមានការលេចធ្លាយព័ត៌មានសម្ងាត់ពីរដ្ឋាភិបាលអាមេរិក ​ថា ប្រទេសគុយបា បានលួចប្រមូលទិញដ្រូនវាយប្រហារជាង ៣០០គ្រឿងមកនោះ ពេលនេះ ខាងភាគីគុយបា បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លាវិញម្តង។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់​ The Strait Times។

លោក Bruno Rodriguez (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៧ ខែឧសភា រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានចេញមុខចោទប្រកាន់សហរដ្ឋអាមេរិកចំៗថា បានប្រឌិត «រឿងរ៉ាវភូតកុហក» នេះឡើង ក្នុងបំណងយកទៅធ្វើជាលេស ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម និងត្រៀមលក្ខណៈលូកដៃផ្នែកយោធាមកលើប្រទេសរបស់លោក។

ការចេញមុខមកបកស្រាយរបស់រដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសារព័ត៌មាន Axios បានចុះផ្សាយព័ត៌មានស៊ើបការណ៍សម្ងាត់ ដោយចោទថា ទីក្រុងឡាហាវ៉ាន បានពិភាក្សាគ្នាពីផែនការប្រើប្រាស់ដ្រូនទាំងនោះ ទៅវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកអាមេរិក នៅ​តំបន់​ឆ្នេរ​សមុទ្រ Guantanamo នាវាចម្បាំង និងទីក្រុងមួយចំនួន ក្នុងរដ្ឋផ្លរីដា។ លោក Rodriguez បានសរសេរនៅលើបណ្តាញសង្គម ដោយសង្កត់ធ្ងន់ថា គុយបា មិនដែលគំរាមកំហែង ឬចង់បង្កើតសង្គ្រាមជាមួយនរណាឡើយ ប៉ុន្តែអ្វីដែលគុយបាកំពុងធ្វើ គឺគ្រាន់តែជាការរៀបចំខ្លួន ដើម្បីប្រឈមមុខនឹងការឈ្លានពានពីខាងក្រៅ ស្របតាមសិទ្ធិការពារខ្លួនស្របច្បាប់ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ (UN) តែប៉ុណ្ណោះ ទោះបីជាលោកមិនបានរំលឹកចំៗ ពីព័ត៌មានរឿងទិញដ្រូននោះក៏ដោយ។

យ៉ាង​ណាមិញ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានទម្លាយថា ព័ត៌មានសម្ងាត់រឿងដ្រូននេះ បានក្លាយជាហេតុផលចម្បងដែលធ្វើឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ចាត់ទុកគុយបាជាការគំរាមកំហែងលំដាប់ខ្ពស់ ដោយសារតែការវិវត្តនៃបច្ចេកវិទ្យាសង្គ្រាមដ្រូន និងវត្តមានរបស់ទីប្រឹក្សាយោធាអ៊ីរ៉ង់នៅលើ​ប្រទេស​កោះ​មួយ​នេះ។ ស្ថានភាពរវាងប្រទេសទាំងពីរ កាន់តែឡើងកម្តៅខ្លាំង បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក បានបង្ហើបពីផែនការត្រៀមចោទប្រកាន់អតីតមេដឹកនាំគុយបា លោក Raul Castro វ័យ ៩៤ឆ្នាំ ពីបទពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះមនុស្សធម៌មួយ​កាលពីឆ្នាំ ១៩៩៦។

ការរៀបចំចោទប្រកាន់លើនិមិត្តរូបបដិវត្តន៍ដ៏មានឥទ្ធិពលរូបនេះ គឺជាយុទ្ធសាស្ត្របង្កើនសម្ពាធយ៉ាងធ្ងន់ធ្ងរពីរដ្ឋបាលលោក ត្រាំ ដែលជានិច្ចកាលតែងតែរិះគន់រដ្ឋាភិបាលកុម្មុយនិស្តគុយបា ថាពុករលួយ និងអសមត្ថភាព។ កន្លងមក អាមេរិក ធ្លាប់បានប្រើប្រាស់ប្រព័ន្ធច្បាប់ប្រឆាំងនឹងមេដឹកនាំបរទេស ដើម្បីធ្វើជាលេសបើកផ្លូវដល់ការធ្វើអន្តរាគមន៍យោធារួចមកហើយ ដូចជា ករណីចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីខែមករាកន្លងទៅនេះជាដើម ខណៈ​លោក ត្រាំ ធ្លាប់បានព្រមាន​ថា ប្រទេសបន្ទាប់គឺ «គុយបា» នេះឯង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម