Connect with us

ព័ត៌មានជាតិ

នៅសល់អភិបាលរងរាជធានីភ្នំពេញ ១រូបទៀត មិនទាន់ត្រូវបានតែងតាំង

បានផុស

នៅ

បើតាមច្បាប់ថ្មី គឺគណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១រូប ក៏ប៉ុន្តែនាពេលបច្ចុប្បន្នមានចំនួន ១០រូបប៉ុណ្ណោះ។ ដូច្នេះនៅសល់អភិបាលរង ១រូបទៀត មិនទាន់ត្រូវបានតែងតាំង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រកាសតែងតាំងអភិបាលរង រាជធានីភ្នំពេញចំនួន ៣រូប កាលរសៀលពីថ្ងៃទី ១៧ ខែសីហា លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបន្ថែមអភិបាលរងចំនួន ៤រូប ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែពេលនេះរាជរដ្ឋាភិបាល បានប្រកាសតែងតាំងចំនួន ៣រូបសិន នៅសល់ ១រូបទៀត ដែលនឹងត្រូវរៀបចំតែងតាំងនាពេលខាងមុខទៀត។

អភិបាលរង រាជធានីភ្នំពេញទាំង ៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនាពេលនេះ រួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វា, លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ, និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍។

នាពេលបច្ចុប្បន្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ មានចំនួន ៩រូប ក្នុងនោះរួមមាន៖ លោក កើត ឆែ, លោក មាន ចាន់យ៉ាដា, លោក ហួត ហៃ, លោកស្រី កែវ សុខពិសី, លោក ស៊ុយ សេរិទ្ធ, លោក នួន ផារ័ត្ន, លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ, និងលោក ហ៊ុន សុរិទ្ធី។ បើបូកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមួយរូបទៀត គឺគណៈអភិបាលរាជធានីភ្នំពេញមានចំនួន ១០រូប។ ប៉ុន្តែបើយោងតាមមាត្រា១៤០ ថ្មី នៃច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺគណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១រូប។ ដូច្នេះនៅសល់អភិបាលរង ១រូបទៀត មិនទាន់ត្រូវបានតែងតាំង។

សូមជម្រាបថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវច្បាប់ ស្តីពី វិសោធនកម្មមាត្រា ១៤០ ច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ មាត្រា ១៤០ នៃច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖

-មាត្រា ១៤០ ថ្មី៖ គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១ (ដប់មួយ)រូប, គណៈអភិបាលខេត្តមានចំនួនពី ៧ (ប្រាំពីរ)រូប ទៅ១១ (ដប់មួយ)រូប, គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ (ប្រាំ)រូប ទៅ ៧ (ប្រាំពីរ)រូប។ ចំនួនជាក់ស្ដែង នៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ បានចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួន គណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក និងគណអភិបាលខណ្ឌ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ចំពោះរាជធានីភ្នំពេញ មានគណៈអភិបាលចំនួន ១១រូប និងតាមបណ្ដាខេត្តនានា មានគណៈអភិបាលចំនួន ១១រូប។ ដោយឡែកចំពោះ ក្រុង ខណ្ឌ និងស្រុក មានចំនួនគណៈអភិបាល ៧រូប។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍កាលពីថ្ងៃទី ១ ខែសីហាថា ការបន្ថែមចំនួនអភិបាលរងរាជធានីភ្នំពេញ គឺដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព។

លោក ផៃ ស៊ីផាន បានថ្លែងថា «កម្ពុជាយើងកំពុងតែអនុវត្តពង្រឹង រដ្ឋបាលថ្នាក់ក្រោមជាតិ គឺខេត្ត ក្រុង រាជធានីនេះឯង ដូច្នេះនៅក្នុងខេត្ត ក្រុង រាជធានី មានការផែនការងារច្រើនណាស់ ដែលតម្រូវឲ្យមានអភិបាលរងនីមួយៗ ទទួលបន្ទុក សូម្បីតែនៅក្នុងវិស័យព័ត៌មាន ក៏យើងមានអភិបាលរងម្នាក់ នៃខេត្ត ឬរាជធានីហ្នឹង គឺទទួលបន្ទុកខាងព័ត៌មាន ហើយមាននៅក្នុងវិស័យផ្សេងៗទៀត ក៏តម្រូវមានអភិបាលរង ដែលលោកត្រូវតែទទួលនៅក្នុងផែនការងាររបស់លោកដែរ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម