ព័ត៌មានជាតិ
ក្រសួងសុខាភិបាល កំពុងសង់អគារមន្ទីរពេទ្យថ្មីទំនើបៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ពិភពលោក
ក្រសួងសុខាភិបាល បាននិងកំពុងកសាងអគារមន្ទីរពេទ្យថ្មីទំនើបៗជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរីកចម្រើនផ្នែកវេជ្ជសាស្ត្ររបស់ពិភពលោកនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងកាសចុះពិនិត្យមើលអគារពហុព្យាបាលកម្ពស់ ៨ ជាន់ នៅមន្ទីរពេទ្យអង្គឌួងនៅព្រឹកថ្ងៃទី ១កញ្ញានេះ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថាបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងសាងសង់អគារមន្ទីរពេទ្យថ្មីៗ និងបំពាក់នូវឧបករណ៍ទំនើបៗជាច្រើនទាំងនៅថ្នាក់កណ្តាលទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅតាមមន្ទីរពេទ្យនានា។

លោករដ្ឋមន្ត្រីបានបន្តថា ជាក់ស្តែងអគារដែលកំពុងសាងសង់រួមមានអគារនៅមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យកាលម៉ែត សាកលវិទ្យាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងអគារមន្ទីរពេទ្យនៅតាមបណ្តាខេត្តមួយចំនួនដូចជានៅខេត្តប៉ៃលិន ត្បូងឃ្មុំ មណ្ឌលគីរី រតនគីរីនិងតាមបណ្តាខេត្តផ្សេងៗទៀតដែលបានបង្ហាញពីការរីកចម្រើនបន្ថែមទៀតរបស់ក្រសងសុខាភិបាល ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ទន្ទឹមនឹងការពង្រីកអគារមន្ទីរពេទ្យឧបករណ៍បរិក្ខារពេទ្យទំនើបៗក្រសួងក៏ត្រូវបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់វិស័យសុខាភិបាលនាពេលថ្មីៗនេះ ពិសេសឆ្លើយតបទៅនឹងការរកចម្រើនរបស់ពិភពលោកផងដែរ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានបន្ថែមថា យើងនឹងខិតខំបញ្ចប់ការសាងសង់អគារមន្ទីរពេទ្យទាំងនោះនៅឆ្នាំ ២០២៣ ខាងមុខជាមួយនឹងអគារល្អ មានបច្ចេកទេសគ្រប់គ្រាន់ មានគុណភាព មាន ប្រពន្ធទឹកភ្លើង ព័ត៌មានវិទ្យា និងប្រព័ន្ធសុវត្ថិភាព ដើម្បីការការពារការចំលងរោគដល់អ្នកជំងឺ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះអគារមន្ទីរពេទ្យកម្ពស់ ៨ ជាន់ នៅមន្ទីរពេទ្យអង្គឌួងនេះគ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំនេះ ដែលនឹងអាចជួយពង្រីកកន្លែងថែទាំអ្នកជំងឺប្រមាណ ២០០ គ្រែបន្ថែមទៀត ដោយក្នុង ១ ថ្ងៃ មានអ្នកជំងឺមកពិនិត្យជំងឺទាំងអ្នកក្រីក្រ ពិការភាព កម្មកររោងចក្រនិងប្រជាពលរដ្ឋទូទៅប្រមាណ ១៦០០ ទៅ ១៧០០ នាក់ ព្រោះថាឥឡូវនេះមន្ទីរពេទ្យបានពង្រីកគ្រប់ឯកទេសហើយដូចជាវះកាត់ទូទៅ វះកាត់ច្រមុះ ត្រចៀកបំពង់ក ភ្នែកនិងវះកាត់ជំងឺដទៃទៀត។

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា អគារពហុព្យាបាល ដែលមានកម្ពស់ ៨ ជាន់នេះ បានចាប់ផ្តើមសាងសង់កាលពីខែមេសា ឆ្នាំ ២០២១ ដែលរហូតមកដល់ពេលនេះសម្រេចការសាងសង់បានចំនួន ៩០ ភាគរយ ដោយចំណាយថវិកាប្រមាណ ៣ លានដុល្លារអាមេរិកជាថវិការបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។


លោកសាស្ត្រាចារ្យ រង បានបន្តថា បច្ចុប្បន្ននេះមន្ទីរពេទ្យមានអគារថ្មីចំនួន ៣ រួចមកហើយ គឺទី១អគារព្យាបាលភ្នែកមានកម្ពស់ ៣ ជាន់ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ទី ២ អគារត្រចៀកច្រមុះបំពង់កកម្ពស់ ៥ ជាន់តម្លៃ ៨ លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងអគារកម្ពស់ ៥ ជាន់ដែលជាថវិការបស់រដ្ឋសម្រាប់ព្យាបាលជំងឺទូទៅដែលមានគ្រែសរុប ៥៣០ គ្រែ ខណៈកាលពីឆ្នាំ ២០០៨ មន្ទីរពេទ្យមានគ្រែត្រឹមតែ ៨០ គ្រែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលអគារកម្ពស់ ៨ ជាន់ដាក់ដំណើរការនឹងធ្វើឱ្យចំនួនគ្រែកើនឡើងដល់ទៅ ៧៣០ គ្រែ។
លោកនាយកមន្ទីរពេទ្យ សង្ឃឹមថា នៅពេលសាងសង់អគារបានរួចរាល់នោះ នឹងធ្វើឱ្យមន្ទីរពេទ្យព្រះអង្គឌួងក្លាយជាមន្ទីរពេទ្យរដ្ឋមួយទំនើប ក្នុងចំណោមមន្ទីរពេទ្យរដ្ឋផ្សេងៗទៀត ពិសេសជួយក្នុងការសម្រួលដល់ការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យផ្ទាល់តែម្តង ពិសេសជួយបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក៏ដូចជាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យឱ្យបានកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


