Connect with us

ព័ត៌មានជាតិ

ជំងឺគ្រុនចាញ់នៅកម្ពុជា ថយចុះទាំងស្រុងក្នុងរយៈពេល៦ខែឆ្នាំនេះ ខណៈលែងមានអ្នកស្លាប់តាំងពីឆ្នាំ២០១៨

បានផុស

នៅ

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាមិនបានរកឃើញជំងឺគ្រុនចាញ់ឆ្លងថ្មីក្នុងស្រុកទេ មានន័យថា គ្រុនចាញ់បានថយចុះទាំងស្រុង និងពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតរបស់ក្រសួងសុខាភិបាល ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការលុបបំបាត់ការចម្លងជំងឺ គ្រុនចាញ់ក្នុងស្រុក តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១–២០២៥។ សមិទ្ធផលនេះ បានមកពីប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រក្នុងការរុករក ការព្យាបាល ការបង្ការ ការតាមដាន និងការធ្វើអន្តរាគមន៍លើករណីជំងឺគ្រុនចាញ់បានឆាប់ និងទាន់ពេលវេលា ដែល ដឹកនាំអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងខាភិបាល រួមជាមួយអ្នកពាក់ព័ន្ធនៅគ្រប់កម្រិតនានា មានដូចជា អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងក្រសួង ស្ថាប័ននានា អាជ្ញាធរ ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន និងសហគមន៍ទូទាំងប្រទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។


ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល «ទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ» ដើម្បីឈានទៅទទួលវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០៣០ ពីអង្គការសុខភាពពិភពលោក។ ប្រទេសកម្ពុជាអាចនៅប្រឈមហានិភ័យ ចំពោះការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេសផ្សេងទៀត ដែលកំពុងមានការ ចម្លងជំងឺគ្រុនចាញ់ តាមរយៈការធ្វើដំណើរផ្លាស់ទីរបស់ប្រជាជនប្រឈម ចូលមកប្រទេសកម្ពុជា រួមទាំងគ្រុន ចាញ់នាំចូលតាមរយៈសត្វស្វា។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាមិនបានរកឃើញជំងឺគ្រុនចាញ់ឆ្លងថ្មីក្នុងស្រុកទេ មានន័យថា គ្រុនចាញ់បានថយចុះ ១០០% និងពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។

ប្រភពដដែល បានបញ្ជាក់ទៀតថា សព្វថ្ងៃ ប្រទេសកម្ពុជាកំពុងដំណើរការប្រព្រឹត្តទៅយ៉ាងសកម្មដ៏មានប្រសិទ្ធភាពក្នុងការតាមដាន និងរុក រកករណីជំងឺគ្រុនចាញ់ តាមរយៈប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា ២៤ម៉ោង (real-time) មាននៅគ្រប់ បណ្តាភូមិសាស្ត្រ ក្នុងសហគមន៍ជាអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ និងបណ្តាញសេវាសុខាភិបាល សាធារណៈ ជាប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីឈាន ទៅការឆ្លើយតបរហ័ស ២៤ម៉ោង និងការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់បានទាន់ពេលវេលា។ ជាលទ្ធផលនៃប្រសិទ្ធភាពប្រព័ន្ធព័ត៌មានជំងឺគ្រុនចាញ់នេះ ជំងឺគ្រុនចាញ់ឆ្លងក្នុងស្រុកថ្មីនាឆ្នាំ២០២៦ ក៏កំពុងត្រូវ បានរកឃើញថា មិនមានករណីជំងឺគ្រុនចាញ់សង្ស័យណាមួយលេចចេញតាមបណ្តាព្រំដែនប្រទេសកម្ពុជានោះទេ។

ជាមួយគ្នានេះ ក្រសួងក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ចូលរួមបង្ការជំងឺគ្រុនចាញ់តាមរយៈការការពារខ្លួនកុំឱ្យមូសខា ត្រូវសម្រានក្នុងមុងគ្រប់ពេល និងត្រូវស្វែងរកសេវាពិគ្រោះប្រឹក្សាយោបល់ ឬធ្វើតេស្ត​ និងព្យាបាលឱ្យបានទាន់ពេលវេលា តាមរយៈអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ឬមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិតបំផុត ប្រសិនបើសង្ស័យថា បានឆ្លងជំងងឺគ្រុនចាញ់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម