ព័ត៌មានជាតិ
ក្រមសីលធម៌វិជ្ជាជីវៈ ៥យ៉ាង ដែលអ្នកសារព័ត៌មានគ្រប់រូបគួរអនុវត្តន៍តាម
កាលពីពេលថ្មីៗនេះ មានករណីដ៏ចម្រូងចម្រាសមួយបានកើតឡើង ហើយបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន នោះ គឺអ្នកសារព័ត៌មាន១រូប បាននិយាយពេញៗមាត់ពេលផ្សាយផ្ទាល់ថា ព្រះសង្ឃ១អង្គបែកថ្នាំ ខណៈឃើញព្រះអង្គមានអាការៈវង្វេងវង្វាន់បន្តិច ដោយសារតែបញ្ហាសុខភាព។ តាមពិត ព្រះសង្ឃអង្គនោះ មានជំងឺរលាកស្រោមខួរក្បាល តែអ្នកសារព័ត៌មាន បានចោទទាំងបំពានថា ព្រះអង្គ ជាអ្នកញៀនថ្នាំទៅវិញ។ មហាជន ក៏ដូចជា អ្នកសារព័ត៌មានមួយចំនួនធំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនូវទង្វើអសីលធម៌នេះ។
ហេតុដូច្នេះហើយ ថ្ងៃនេះ “កម្ពុជាថ្មី” នឹងធ្វើការដកស្រង់នូវក្រមសីលធម៌របស់អ្នកសារព័ត៌មាន ៥ចំណុច ចេញពីពីក្លិបអ្នកកាសែតកម្ពុជា ដើម្បីឲ្យមហាជន ក៏ដូចជា អ្នកសារព័ត៌មានបានជ្រាបដូចតទៅ៖

១.ការស្វែងរក និងរាយការណ៍ព័ត៌មានដែលពិត
- រាល់ការសរសេរ ការនិយាយព័ត៌មានទាំងឡាយណា អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរនូវភាពត្រឹមត្រូវជានិច្ច។
- ត្រូវបែងចែកឲ្យដាច់រវាងព័ត៌មាន និងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ដើម្បីញែកឲ្យដាច់ពីគ្នារវាងហេតុការណ៍ និងការបញ្ចេញមតិ។
- រាល់ការបញ្ចេញមតិ ឬ រិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។
- រាយការណ៍តែហេតុការណ៍ណាដែលបានឃើញ និងដឹងប្រភពច្បាស់លាស់ ដើម្បីផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ។
- អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិត មិនលំអៀង និងច្បាស់លាស់ដល់សាធារណជន ដើម្បីកុំឲ្យមហាជនមានភាពភាន់ច្រឡំ។
- អ្នកសារព័ត៌មានគួរផ្តល់ឱកាសដល់គ្រប់ភាគីដែលពាក់ព័ន្ធក្នុងសាច់រឿង។
- ព្យាយាមស្វែងរក និងផ្តល់ឱកាសដល់អ្នកមានភាពពាក់ព័ន្ធក្នុងសាច់រឿង ដើម្បីឲ្យពួកគេបានបកស្រាយនូវបញ្ហាដែលពាក់ព័ន្ធនឹងរូបគេ ឬ បទចោទប្រកាន់ណាមួយដែលធ្វើឡើងដោយភាគីម្ខាងទៀត។

២.ការទទួលខុសត្រូវ
- អ្នកសារព័ត៌មាន ត្រូវទទួលខុសត្រូវចំពោះការផ្សាយដែលខុសពីការពិត ហើយត្រូវចុះផ្សាយកែតម្រូវអនុលោមតាមច្បាប់របស់អ្នកសារព័ត៌មាន។
- អ្នកសារព័ត៌មានត្រូវប្រកាន់នូវភាពថ្លៃថ្នូរ ចៀសវាងការធ្វើឲ្យខូចប្រយោជន៍ ឬ ធ្វើឲ្យបែកបាក់សាមគ្គីភាពរបស់អ្នកសារព័ត៌មាន។
៣.ប្រភព
- ក្នុងករណីប្រភពស្នើសុំមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួន អ្នកសារព័ត៌មានគួរធ្វើតាម មិនត្រូវបង្ខំ ឬ បង្ហាញមុខប្រភពដោយគ្មានការអនុញ្ញាតឡើយ។
៤.សិទ្ធិបុគ្គលឯកជន
- អ្នកសារព័ត៌មានត្រូវគោរពសិទ្ធបុគ្គលតាមគោលការណ៍ច្បាប់។
៥.ការរើសអើង
- អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬ សេចក្តីបញ្ចាក់នានា ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជនដែលមានពិការភាព ឬ អ្នកជំងឺផ្លូវកាយ និងផ្លូវចិត្ត។
- អ្នកសារព័ត៌មានគួរចៀសវាងការសរសេរដែលមានពាក្យពេចន៍សម្អប់ បុរេវិនិច្ឆ័យ ប្រើអាកប្បកិរិយាមើលងាយ និងប្រកាន់ពូជសាសន៍ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការភាពរាងកាយ ពិការភាពស្មារតី។
ទាំងនេះ គឺគ្រាន់តែជាការដកស្រង់នូវក្រមសីលធម៌មួយចំនួនពីក្លិបអ្នកកាសែតកម្ពុជាប៉ុណ្ណោះ ដើម្បីឲ្យសាធារណជន ក៏ដូចជា អ្នកសារព័ត៌មានគ្រប់រូបបានដឹង ចៀសវាងការបង្កភាពចលាចល អនាធិប្បតេយ្យ និងប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានផ្សេងទៀតនៅកម្ពុជា។ អ្នកសារព័ត៌មានគ្រប់រូប គួរប្រកាន់ខ្ជាប់នូវក្រមសីសធម៌វិជ្ជាជីវៈរបស់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


