Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា វិនិយោគយ៉ាង​សម្បើមក្នុងប្រវត្តិសាស្ត្រ​ក្នុងវិស័យយោធា​​ ស្របពេល​​ពិភពលោក​បែកបាក់

បានផុស

នៅ

ប្រទេស​កាណា​ដា​ បានជ្រើសរើសក្រុមហ៊ុន​ការពារជាតិអាល្លឺម៉ង់ ដើម្បី​សាងសង់​ នាវាមុជទឹកថ្មី​របស់កងទ័ពជើងទឹក​របស់ខ្លួន ជាកិច្ច​ព្រម​ព្រៀង​ផ្គត់ផ្គង់យោធា​ដ៏ធំបំផុតក្នុង​ប្រវត្តិសាស្ត្រកាណាដា​។

នាយករដ្ឋមន្ត្រី​កាណា​ដា​ លោក​ Mark Carney បាន​ប្រកាសកាល​ពីថ្ងៃចន្ទថា រដ្ឋាភិបាលកាណាដា​បាន​ជ្រើសរើស​ក្រុមហ៊ុន TKMS របស់​អាល្លឺម៉ង់​សម្រាប់​កិច្ចសន្យានាវា​ចំនួន ១២គ្រឿង​ មានតម្លៃរាប់ពាន់លាន​ដុល្លារ​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

នាយករដ្ឋមន្ត្រី​កាណា​ដា​ លោក​ Mark Carney ។ រូបភាព៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​នេះធ្វើឡើង​មុនពេល លោក Carney ចាកចេញ​ទៅចូល​រួមកិច្ចប្រជុំកំពូល​ណាតូ​នៅប្រទេសតួក​គី ជាកន្លែង​ដែលសមាជិក​ណាតូ​ប្រឈម​នឹង​សម្ពាធ​ ដើម្បីបង្ហាញថាពួកគេ​កំពុង​ជំរុញ​ការ​វិនិយោគ​លើវិស័យការពារជាតិ​។

ចាប់​តាំងពីឡើងកាន់​តំណែង​មក លោក Carney បាន​បង្កើនការចំណាយលើវិស័យការពារជាតិ​របស់ប្រទេសកាណាដា​ដល់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយប្តេជ្ញាចិត្តថា​នឹងឈានដល់ ៥% នៅឆ្នាំ ២០៣៥​ ។

យោង​តាមរដ្ឋាភិបាលកាណាដា​ ប្រទេស​នេះ​មានតែនាវាមុជទឹកមួយ​ក្នុងចំណោម ៤គ្រឿងប៉ុណ្ណោះ​ដែល​អាចធ្វើដំណើរតាម​​សមុទ្រនាពេលបច្ចុប្បន្នបាន​។

លោក Carney លើក​ឡើង​ថា៖ « នៅ​ក្នុងពិភពលោក​ដ៏គ្រោះថ្នាក់ និង​បែកបាក់គ្នាកាន់​តែច្រើន ប្រទេសកាណាដា​ត្រូវតែត្រៀមខ្លួន​ ដើម្បីការពារ​ផលប្រយោជន៍ ការពារប្រជាពលរដ្ឋ កសាងសេដ្ឋកិច្ច និង​ធានា​អនាគត​របស់យើង។ ដើម្បីសម្រេចគោល​ដៅនោះ យើងកំពុងធ្វើការ​ផ្គត់ផ្គង់សម្ភារៈការពារជាតិ​ដ៏ធំបំផុតនៅ​ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង​ជាមួយនឹងល្បឿន មហិច្ឆតា និង​មាន​វិន័យ»។

យ៉ាង​ណា រដ្ឋាភិបាល​មិនទាន់បានចេញផ្សាយ​តម្លៃប៉ាន់ស្មាន​ សម្រាប់កិច្ចព្រមព្រៀងនេះនៅ​ឡើយទេ។

លោក Carney បន្ថែម​ថា៖ « គម្រោងនេះ​គឺលើសពីការទិញ​នាវាមុជទឹក​ទៅទៀត។ វាកសាងសមត្ថភាព​ឧស្សាហកម្មរបស់ប្រទេសកាណាដា»។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុនការពារ​ជាតិ​ TKMS របស់​អាល្លឺម៉ង់​ ជាក្រុមហ៊ុនផលិត​នាវា​មុជ​ទឹកមិនមែននុយក្លេអ៊ែរ​ធំជាងគេបំផុត​របស់ពិភពលោក បានប្រកួតប្រជែងជាមួយក្រុមហ៊ុន​ផលិតនាវា Hanwha Ocean របស់​កូរ៉េខាងត្បូង សម្រាប់ការ​ដេញថ្លៃនាវាមុជទឹក៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម