ព័ត៌មានជាតិ
ពលរដ្ឋជិត ៣០០គ្រួសារ រស់នៅភូមិស្រែថ្មី ស្រុកបូទុមសាគរ ស្នើសុំអាជ្ញាធររក្សាទុកផែឈើដែលទើបសង់
ក្រុមប្រជាពលរដ្ឋ រស់នៅភូមិស្រែថ្មីជិត ៣០០គ្រួសារ បានទទូចស្នើសុំអាជ្ញាធរស្រុកបូទុមសាគរ រក្សាទុកនូវផែថ្មីសង់ ពីឈើប្រវែងជាង ២០០ម៉ែត្រ ចៀសវាងរុះរើចោល ខណៈតម្រូវការចូលចតទូក និងលើកដាក់ផលនេសាទទៅលក់នៅទីផ្សារ។

តំណាងពលរដ្ឋភូមិស្រែថ្មី ឃុំថ្មស បានរៀបរាប់ថា ផែចាស់ដែលកំពុងមានផលលំបាកចូលចតទូក ងាយប្រឈមប៉ះពារបង្កគ្រោះថ្នាក់ដល់មនុស្ស ព្រមទាំងលើកដាក់ទំនិញប្រមូលទៅកាន់ទីផ្សារក៏ពុំបានទាន់ពេលវេលាផងដែរ ដូច្នេះទើបពួកគាត់មានបំណងស្នើអាជ្ញាធរស្រុកបូទូមសាគរកុំរុះរើផែថ្មីចេញ។

បើតាមតំណាងពលរដ្ឋ ក៏បន្ថែមទៀតថា ការទទួលបានផែថ្មីនេះ ព្រោះមានសប្បុរសជនម្នាក់នៅក្នុងភូមិ បានចេញមុខធ្វើវាឡើងបម្រើដល់ប្រយោជន៍រួមជាសាធារណៈ ពិសេសប្រជានេសាទដែលមានតម្រូវការចង់បានផែនេះតែម្តង។ ហើយពុំមែនជាសម្បត្តិឯកជនណាម្នាក់ឡើយ។
នៅពេលមានផែលើកដាក់ផលនេសាទដែលប្រមូលបានពីផ្ទៃទឹកសមុទ្រមក គឺពួកគាត់ជាប្រជានេសាទរីករាយជាខ្លាំង ដោយបង្កលក្ខណៈងាយស្រួលដល់ការចូលចតទូក និងដឹកជញ្ចូនផលនេសាទៅកាន់តែទីផ្សារនៅទីរួមខេត្ត ឬបណ្តារាជធានីខេត្តផ្សេងបានឆាប់រហ័ស។

តំណាងប្រជាពលរដ្ឋ លើកឡើងបន្តថា ពួកគាត់ពិតជាសប្បាយចិត្ត និងគាំទ្រឱ្យមានជាផែឈើទទឹង៥ម៉ែត្រកន្លះ និងកម្ពស់ផុតពីទឹកជាង២ម៉ែត្រ ខណៈផែថ្មនៅមួយកន្លែងទៀតមានទូកជាច្រើនចូលចត និងពិបាកដឹកជញ្ចូនផលនេសាទឡើងមកលើគោក។ ពលរដ្ឋជឿជាក់ថា ប្រធានសហគមន៍នេសាទនិងអាជ្ញាធរពាក់ព័ន្ធយោគយល់ពីតម្រូវការចង់របស់ពួកគាត់ជាអ្នកប្រកបមុខរបរនេសាទ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក សន ចេក មេភូមិស្រែថ្មី និងលោក ហ៊ិន ឡា នាយផ្នែកជលផលស្រុកបូទុមសាគរ បានទទួលស្គាល់ស្រដៀងថា ផែឈើខាងលើមានប្រវែងជាង២០០ម៉ែត្រ ទទឹង៥មែ៉ត្រកន្លះ និងកម្ពស់ផុតពីទឹក២ម៉ែត្រ ដែលធ្វើសង់ផែវែងបែបនេះតម្រូវតាមស្ថានភាពទឹកជ្រៅអាចចូលទូកចតបាន។
ទាំងមេភូមិស្រែថ្មី និងលោក ហ៊ិន ឡា នាយផ្នែកជលផលស្រុកបូទុមសាគរ អះអាងថា ផែនេះវាពិតជាតម្រូវការចាំបាច់របស់ពលរដ្ឋអ្នកភូមិស្រែថ្មីប្រាកដមែន ស្របពេលពួកគាត់ស្នើសុំច្រើនឆ្នាំមកហើយ ក្នុងន័យបម្រើដល់វិស័យនេសាទប្រចាំថ្ងៃ។ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋប្រមូលផ្តុំគ្នាស្នើសុំដល់អាជ្ញាធរភូមិឃុំ និងមន្រ្តីជំនាញ ស្នើសុំរក្សាទុកផែនេះទៅតាមនីតិវិធីច្បាប់។

ភ្ជាប់ជាមួយការធ្វើផែឈើនេះដែរ លោក លី រស់ ជាសប្បុរសម្នាក់មានធនធានក្នុងភូមិស្រែថ្មី លើកឡើងថា លោកមិនមានគម្រោងធ្វើផែឈើវែងដូច្នេះទេ ប៉ុន្តែដោយមានការស្នើសុំពីប្រជាពលរដ្ឋអ្នកនេសាទក្នុងភូមិក៏បន្តធ្វើផែបន្ថែមព្រោះមើលឃើញពីជីវភាពលំបាករបស់ពលរដ្ឋចង់បានផែចតទូកព្រមទាំងលើក មឹក បង្គារ ក្តាម និងត្រី បានងាយស្រួល។
លោក លី រស់ បច្ចុប្បនផែឈើនេះ សម្រេចបានជាង៩០ភាគរយនៅពេលផែនេះសង់រួច និងមានការអនុញ្ញាតសម្រេចពីអាជ្ញាធរស្រុក វានឹងផ្តល់ប្រយោជន៍ប្រជានេសាទបានទាំងមូលក្នុងភូមិស្រែថ្មី ឃុំថ្មស។

ដោយឡែកលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ ឱ្យដឹងរសៀលថ្ងៃទី១៦ ខែតុលា ថា លោកទទួលយកសំណើរបស់ពលរដ្ឋទៅពិនិត្យសម្រេច ករណីប្រសិនបើផែឈើនេះជាសេចក្តីត្រូវការចង់បានជាប្រយោជន៍ប្រាកដមែន គឺលោកឯកភាពដោយដឹកនាំក្រុមការងារចុះវាស់វែងពិនិត្យលម្អិតជាថ្មីម្តងទៀត។
លោកអភិបាលស្រុក មិនជំទាស់រាល់ការស្វែងរកលទ្ធភាពស្តារសេដ្ឋកិច្ចឡើងវិញក្រោយបញ្ហាធូរស្រាលជំងឺកូវីដតាមអាស្រ័យផលនេសាទរបស់ប្រជាពលរដ្ឋដោយឈរលើគោលការណ៍ច្បាប់រួមចំណែកទប់ស្កាត់ការចូលកាប់ទន្រ្ទានដីព្រៃកោងកាង និងដីចំណីព្រែកសមុទ្រ។
តែទោះយ៉ាងណាលោកអភិបាលស្រុកបូទុមសាគរ ទទូចសំណូមពរដល់ប្រជាពលរដ្ឋ និងសប្បុរសជជនវិញផងដែរ មុននឹងចង់កសាងអ្វីមួយត្រូវមានជាសំណើរតាមច្បាប់ត្រឹមត្រូវ ចៀសវាងធ្វើអ្វីមួយតាមតែចង់បានរបស់ខ្លួនដែលប្រឈមនឹងការអនុវត្តច្បាប់ជាធរមាន៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ