ព័ត៌មានជាតិ
អ្នកជំនាញ៣រូប អះអាងថា ដើម្បីលុបបំបាត់សារព័ត៌មានគ្មានក្រមសីលធម៌ វិជ្ជាជីវៈ គឺត្រូវមានការចូលរួមគ្រប់ភាគី
បច្ចុប្បន្ន ជាសម័យឌីជីថលសម្បូរទៅដោយអ្នកយកព័ត៌មានតាមរយៈការ Live ក្នុងផេករបស់ខ្លួន ដែលមនុស្សទាំងនោះ ខ្លះមានក្របខណ្ឌសារព័ត៌មានត្រឹមត្រូវ ឯខ្លះទៀតមិនមានឡើយ។ ហេតុនេះ អ្នកជំនាញផ្នែកសារព័ត៌មាន៣រូប បានណែនាំពីគន្លឹះមួយចំនួនដល់អ្នកសារព័ត៌មានដែលគ្មានក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរឡើង។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានថ្លែងមកកាន់ “កម្ពុជាថ្មី” ថា ដើម្បីឲ្យវិស័យសារព័ត៌មាន មានភាពល្អប្រសើរ និងលុបបំបាត់អ្នកសារព័ត៌មានដែលគ្មានក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន គឺទាមទារឲ្យមានការចូលរួមពីសាមីខ្លួន ប្រជាជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ អ្នកសារព័ត៌មាន គួរអនុវត្ត និងគោរពទៅតាមមាគ៌ាច្បាប់ទម្លាប់ និងសីលធម៌ជាអ្នកសារព័ត៌មានរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមវគ្គបណ្តុះបណ្តានានាទាក់ទងនឹងសារព័ត៌មានឲ្យបានច្រើន។ ចំពោះអ្នកទទួលព័ត៌មានវិញ លោកថា គួរតាមដានតែព័ត៌មានណាដែលត្រឹមត្រូវ និងមានប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ ជាជាងតាមដានព័ត៌មានដែលគ្មានប្រយោជន៍ផ្សេងៗ។ ជាមួយគ្នានេះ ភាគីពាក់ព័ន្ធទាំងអស់ គួរតែបន្ត និងប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យមានវគ្គបណ្តុះបណ្តាដល់អ្នកសារព័ត៌មាន និងអ្នកទទួលព័ត៌មានផ្សេងៗទៀត បានជ្រាបពីបញ្ហាដែលកំពុងតែប្រឈមសព្វថ្ងៃនេះ។

ចំណែក លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាវិញ បានឲ្យដំណោះស្រាយ ៣ចំណុច ឆ្លើយតបនឹងបញ្ហានេះ។ ទី១ ក្នុងនាមលោកជាប្រធានក្លិបអ្នកកាសែតកម្ពុជា គឺលោកនឹងនៅតែបន្តធ្វើ និងលើកកម្ពស់វិស័យសារព័ត៌មានឲ្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេស ធ្វើការណែនាំដល់អ្នកសារព័ត៌មានអនឡាញតែម្តង។ ទី២ គួរបង្កើតនូវយន្តការផ្សេងៗក្រៅពីច្បាប់ដែលបានចែងមក ក្នុងនោះ ក្លិបអ្នកកាសែតកម្ពុជា ក៏មានគម្រោងលើកយកបញ្ហាក្រមសីលធម៌អ្នកសារព័ត៌មាននេះ យកមកពិភាក្សាក្នុងវេទិកានិពន្ធនាយក ដែលគ្រោងធ្វើនៅខែធ្នូខាងមុខនេះ ក្រោយពីប្រធានបទនេះបានយកមកពិភាក្សាម្តងរួចហើយកាលពី១០ឆ្នាំមុន ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទៀត។ ទី៣ គឺវគ្គសិក្សាពីការផ្ទៀងផ្ទាត់ព័ត៌មាន ពោល គឺប្រជាជនកម្ពុជាបច្ចុប្បន្ន នៅមិនទាន់អាចថ្លឹងថ្លែងរវាងព័ត៌មានពិត និងមិនពិតបានឡើយ។ ដូច្នេះ ប្រជាជនគ្រប់រូបគួរឆ្លងកាត់នូវវគ្គសិក្សានេះជាមុន ដើម្បីអាចឲ្យពួកគេចេះបែងចែកព័ត៌មានបានល្អ។

រីឯ លោក ម៉ៃ ទិត្យថារ៉ា ជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងធ្លាប់ជាអ្នកសារព័ត៌មានដ៏ឆ្នើមមួយរូប បានលើកឡើងថា កត្តាដែលអាចធ្វើឲ្យវិស័យព័ត៌មាន មានភាពល្អប្រសើរនោះ គឺកើតចេញពីកត្តា ២ យ៉ាង។ ទី១ ប្រជាជនគ្រប់រូប គួរបញ្ឈប់ការគាំទ្រ និងតាមដានចំពោះ ព័ត៌មានណាដែលមិនល្អ។ ទី២ អង្គការ និងស្ថាប័នសារព័ត៌មានមួយចំនួន គួរតែខិតខំប្រឹងប្រែងបន្តទៀតក្នុងការបញ្ជ្រាបនូវចំណេះដឹងផ្នែកព័ត៌មានផ្សេងៗឲ្យបានច្រើមនបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគេបានយល់ដឹង និងឈប់តាមដានព័ត៌មានដែលគ្មានវិជ្ជាជីវៈទាំងនោះ។

ជាមួយគ្នានេះ លោកថា អ្នកសារព័ត៌មាននៅកម្ពុជា ហាក់មានភាពល្អប្រសើរជាងមុនមែន ក៏ប៉ុន្តែ បញ្ហាប្រឈមនោះ គឺ មនុស្សមួយចំនួនដែលធ្វើការ Live តាមរយៈប្រព័ន្ធអនឡាញ រួចតាំងខ្លួនថា ជាអ្នកសារព័ត៌មាន ដោយមិនបានចុះបញ្ជីត្រឹមត្រូវ។ បើតាមលោក ម៉ៃ ទិត្យថារ៉ា គឺពួកគេបានធ្វើការ Live ដោយខ្វះនូវក្រមសីលធម៌នៅក្នុងខ្លួន បង្កឲ្យហុចផលមិនល្អដល់អ្នកសារព័ត៌មានស្អាតស្អំផ្សេងទៀត។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប គួរបែងចែក និងថ្លឹងថ្លែងឲ្យបានត្រឹមត្រូវ ចំពោះព័ត៌មានដែលពិត និងមិនពិត៕
ដោយ៖ អុន ស្រីមាន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


