ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងអនុប្រធានាធិបតីឥណ្ឌា អញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារ ដែលចុះហត្ថលេខារួចចំនួន ៤
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Jagdeep Dhankha អនុប្រធានាធិបតីឥណ្ឌា បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារ ដែលចុះហត្ថលេខារួចចំនួន ៤ បន្ទាប់ពីមានជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ឯកសារទាំង ៤នោះ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យា ឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់ បេតិកភណ្ឌកម្ពុជា។

២. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វារវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។
៣. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថរវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។ ៤. កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ ខេត្តសៀមរាប។

សូមជម្រាបដែរថា នៅក្នុងជំនួបពិភាក្សាទ្វេភាគី នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Jagdeep Dhankha អនុប្រធានាធិបតីឥណ្ឌា បានសម្តែងនូវសេចក្ដីពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលកំពុងមាននាពេលបច្ចុប្បន្ន និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ជាពិសេសនៅលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជា ចំពោះប្រទេសឥណ្ឌាជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយលោកJagdeep Dhankha បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ របស់រដ្ឋាភិបាលឥណ្ឌ សម្រាប់ការគាំទ្រនេះ។
ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងផងអំពីទំនាក់ទំនងជាមិត្តភាព ដ៏យូរលង់រវាងប្រជាជាតិទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសភ្ជាប់ទំនាក់ទំនងការទូតទីមួយ ដែលបានទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស ហើយនិងបានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចជាលើកទី ១របស់សម្តេចទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំ ១៩៨១ ដែលជាការបើកទំព័រថ្មី ក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា។
លោកអនុប្រធានាធិបតី Jagdeep Dhankha បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការលើកកម្ពស់ទំនងទំនងទ្វេភាគីទៅកាន់កម្រិតខ្ពស់ ជាងមុន។ លោកអនុប្រធានាធិបតី Jagdeep Dhankha បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ប្រទសឥណ្ឌាកំពុងរំពឹងដល់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំក្រោយ និងដំណើរទស្សនកិច្ចទៅកាន់ប្រទេស ឥណ្ឌា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីរំឭកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀត។
ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ខណៈដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីសោមនស្សរីករាយ ចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគី និងបានលើកទឹកចិត្តឲ្យភាគីទាំងពីរស្វែងរកលទ្ធភាព ដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត។ សម្ដេចតេជោ ក៏បានជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយកម្ពុជាឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួន «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្ស ការអភិរក្សប្រាសាទ បុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់វិស័យកសិកម្ម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ