Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ៖ ទោះបីជា​ប្រ​ឈម​​ជំងឺ​កូ​វីដ​-១៩ ក៏​អត្ថន័យ និង​ស្មារតី​ជ័យជម្នះ៧​មករា ​នៅរស់​រវើក​ជានិច្ច​​​

បានផុស

នៅ

ការលើកឡើង​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​សារ​ជូន​ពរប្រជាពលរដ្ឋ ក្នុង​ឱកាស​រំ​ឮ​ក​ខួប​ទី​៤២ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដែលជា​ទិវា​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​ផ្តួលរំលំ​រប​ប​ប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យ​រស់​រានមានជីវិត​ឡើងវិញ និង​បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ខ្លឹមសារ​យ៉ាងដូច្នេះ​ថា “​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​គម្រប់​ខួប​៤២​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ ជា​ប្រវត្តិសាស្ត្រ ដែល​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យ​រស់​រានមានជីវិត​ឡើង​វិញ​បាន​ទាន់ពេលវេលា ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា គឺ​ឯករាជ្យ សេរីភាព ប្រជា​ធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។ សារ​របស់​សម្តេច​តេ​ជោ​លើកឡើង​ទៀត ចាប់ផ្តើម​ពីថ្ងៃ​ជ័យជម្នះ​៧​មករា ប្រជាជន​យើង​បាន​ជ្រោង​ទង់​មហា​សាមគ្គី​ជាតិ ពុះពារ ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​ការពារ​ការ​រស់​រាន​មានជីវិត​របស់ខ្លួន ស្តារ និង​កសាង ប្រទេស​ឡើងវិញ​ពី​ចំណុចសូន្យ ធ្វើ​ឲ្យមាន​ការផ្លាស់ប្តូរ រីក​ចម្រើន​ជា​ជំហានៗ រហូតមកដល់​បច្ចុប្បន្ន​នេះ​”​។​

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ទៀត​ថា ក្នុង​ស្មារតី​ចងចាំ​ជានិច្ច មហា​ឧក្រិដ្ឋកម្ម​ដែល​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​បង្កឡើង និង​ចងចាំ​ជានិច្ច​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​ នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ប្រយុទ្ធ ធ្វើ​ពលិកម្ម​យ៉ាង​អង់​អាច ដើម្បី​វាយ​រំលំ​របប​ប្រល័យពូជសាសន៍ និង រាំង​ស្កាត់​មិនឲ្យ​របប​អប្រិយ​នេះ​អាច​វិលត្រឡប់​មកវិញ​បាន​នោះ ប្រជាជន​យើង​តែង​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​នៃ​ទិវា​ជ័យជម្នះ ៧​មករា យ៉ាង​អធិកអធម​ជា​រៀងរាល់ឆ្នាំ ជាមួយនឹង​ការ​សាទរ​ចំពោះ​សមិទ្ធផល​លើ​គ្រប់​វិស័យ​ដែល​យើង​សម្រេចបាន​ក្នុង​ឆ្នាំ​កន្លងទៅ​។​

បើតាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្រាប់​ឆ្នាំនេះ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែលជា​វិបត្តិ​សុខភាព​សកល បាននិងកំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្គម សេដ្ឋកិច្ចកម្ពុជា​នោះ បាន​តម្រូវ​ឲ្យ​យើង​ត្រូវ​ផ្អាក​ការ​ជួបជុំ​ធ្វើ​មីទ្ទីង ដើម្បី​ប្រមូលផ្តុំ​ការប្រឹងប្រែង​ប្រយុទ្ធ ទប់ស្កាត់ និង​បង្ការ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ ទោះបីជា​យ៉ាងនេះ​ក្តី ក៏​អត្ថន័យ និង​ស្មារតី​ជ័យជម្នះ ៧មករា ស្ថិត​នៅ​រស់​រវើក​ជានិច្ច​ក្នុង​មនសិការ​របស់​ប្រជាជន​កម្ពុជា​។ ប្រជាជន​យើង​បាន​ប្រសិទ្ធ​នាម​ថ្ងៃ​ជ័យជម្នះ ៧ មករា ជា​ថ្ងៃកំណើត​ទី​ពីរ​របស់ខ្លួន​។ ជ័យជម្នះ ៧មករា ជាមូលដ្ឋានគ្រឹះ​នៃ​ការកកើត​ឡើងវិញ និង​ការរីកចម្រើន​នូវ​អ្វីៗ​គ្រប់យ៉ាង ដែលជា​គុណ​តម្លៃ​សម្រាប់​សង្គមជាតិ បើ​គ្មាន​ជ័យជម្នះ៧​មករា យើង​ពិតជា​គ្មាន​ជីវិត និង​គ្មានអ្វីៗ​ទាំងអស់​ដូច​ក្នុងពេល​បច្ចុប្បន្ន​នេះឡើយ​។​

សម្តេច​បញ្ជាក់ថា រយៈពេល​៤២ឆ្នាំមកនេះ ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ធំៗ​ ប្រកប​ដោយ​វីរភាពក្នុងការ ការពារ និង​ការ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​។ នៅ​លើ​វិថី​ដ៏​សែន​លំ​បាក​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ការ​តស៊ូ​រំដោះជាតិ​ពីរ​បប​ប្រល័យពូជសាសន៍ បាន​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព បន្ត​ដឹកនាំ​ប្រទេស​ឆ្លង​កាត់​ឧបសគ្គ​តូចធំ​ច្រើន​រាប់មិនអស់ រហូតមកដល់​ដំណាក់កាល​អភិវឌ្ឍន៍​ក្នុង​សន្តិភាព​ប្រកបដោយ​មោទនភាព​។ ពី​ទឹកដី​មួយ​ជា​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍​, ជា​សមរភូមិ​នៃ​សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ , ជា​ប្រទេស​ក្រីក្រ​ឱនថយ​បំផុត​ផ្នែក​សេដ្ឋកិច្ច​, ជា​ប្រជាជាតិ​ត្រូវគេ​ប្រមាថ និង​ឯកោ​យ៉ាង​អយុត្តិធម៌ ឥឡូវ​កម្ពុជា គឺជា​ប្រទេស​ដែល​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជា​ធិប​តេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ , ជា​ទឹកដី​ដែលមាន​សុខសន្តិភាព​ពេញលេញ​, ជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​កំពុង​លូតលាស់យ៉ាង​លឿន​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ព្រម​ជាមួយ​នេះ កិត្យានុភាព​ជាតិ​របស់​កម្ពុជា ក៏បាន​លើកកម្ពស់​ឡើងវិញ​លើ​ឆាក​អន្តរជាតិ​។ ទាំងអស់នេះ គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប គ្រប់​ជនជាតិ គ្រប់​ជំនឿ​សាសនា គ្រប់​និន្នាការ​នយោបាយ ដែល​យើងទាំងអស់គ្នា ត្រូវ​រួមគ្នា​ការពារ ថែរក្សា ពូន​ជ្រំ មិន​ឲ្យ​បុគ្គល​ណា ក្រុម​ណា ឬ​បរទេស មក​បំផ្លាញ​ទៅវិញ​បានឡើយ ។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​សន្តិភាព​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​ឡើយ សន្តិភាព និង​ស្ថិរភាព​នយោបាយ ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍន៍​។ លើ​មូលដ្ឋាន​សន្តិ​ភាព​នេះហើយ ទើប​កម្ពុជា​អាច​ងើបឈរ​ឡើងវិញ​ដោយ​ខ្លួនឯង ហើយ​បាននិងកំពុង​បោះជំហាន​ទៅ​មុខ​លើ​វិថី​អភិវឌ្ឍន៍​។ ជា​អកុសល វិបត្តិ​ជំងឺ​កូវ​ដ​-១៩ បាន​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​ការ​អភិវឌ្ឍន៍ ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល​៣​ទសវត្សរ៍​កន្លងមក ជាមួយគ្នានេះ គ្រោះទឹកជំនន់​ក៏បានផ្តល់​ផលវិបាក​ដល់​យើង​បន្ថែមទៀត​។ ទោះបីជា​ដូច្នេះ​ក្តី ក៏​ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់​ជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​រក្សា​ភាពជា​ម្ចាស់​លើ​ការងារ​ជា​អាទិភាព​ចម្បង​ទាំងពីរ​គឺ ទី​១, ការរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍ និង​ទី​២ គឺ​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ឲ្យ​បានល្អ​ប្រសើរ និង​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​ភារកិច្ច ដែល​ខ្ញុំព្រះករុណាខ្ញុំ​បានដាក់​ចេញ ដើម្បី​សន្តិភាព សុវត្ថិភាព សុខុមាលភាព​ប្រជាជន និង​ការអភិវឌ្ឍន៍​”​។​

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជាទីសក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ដើម្បី​សម្រេច​សមិទ្ធផល​ថ្មីៗ​ទៀត ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​។ ជាមួយគ្នានេះ ត្រូវ​បន្ត​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​រាល់ វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ជម្នះ​ផលវិបាក ដែល​ជំងឺ​នេះ​បង្កឡើង និង​ផលវិបាក​នៃ​គ្រោះទឹកជំនន់​ឆ្នាំ​២០២០កន្លងទៅ សំដៅ​ធ្វើឲ្យ​មាន​ប្រក្រតី​ភាព​ឡើងវិញ​ឆាប់រហ័ស ​នូវ​ដំណើរ​រីកចម្រើន​នៃ​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា​។ សម្តេច​ថា សម្តេច​មាន​សេចក្តីរំភើប​ឥត ឧបមា​​ដែល​បានឃើញ​ការចូលរួម​ដ៏​ផុលផុស​បំផុត​របស់​បងប្អូន​ជនរួមជាតិ​គ្រប់​ស្រទាប់ វណ្ណៈ​ គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុងប្រទេស ទាំង​ក្រៅប្រទេស​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្លា​យជា​ចលនា​ជាតិ​ដ៏​ទូលំទូលាយ​ដើម្បី ការពារ​ខឿន​សុខភាព​របស់​ប្រជាជន​។​

នៅ​ទីបញ្ចប់​នៃ​សារ​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា “​បញ្ជា​ស្មារតី ៧ មករា គឺ​សាមគ្គីភាព វី​ភាព និង​ជ័យជម្នះ ។ ស្មារតី ៧ មករា ធ្វើឱ្យ​យើង​ត្រូវ​ប្តូរផ្តាច់​ថែរក្សា​រាល់សមិទ្ធ​ផល​នៃ​សង្គមជាតិ និង​ការពារ​មិនឲ្យកើតមាន​ជាថ្មី​នូវ​អំពើ​ប្រល័យពូជសាសន៍ សង្គ្រាម និង​ការបែក​បាក់​ផ្ទៃក្នុង​ជាតិ ​ដូចពេលមុន​ទៀត ។ ស្មារតី ៧​មករា ជា​ស្មារតី​មហា​សាមគ្គី​ប្រជាជាតិ​ខ្មែរ ដើម្បី​យក​ឈ្នះ​លើ​រាល់​ឧបសគ្គ និង​ការលំបាក​នានា​របស់​ជាតិ​។ ស្មារតី ៧ មករា មានគុណ​តម្លៃ​ជា​អមតៈ​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ក្នុង​ការបន្ត ដំណើរ​ទៅមុខទៀត​លើ​មាគ៌ា​ឯករាជ្យ សន្តិភាព​សេរី​ភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣២ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម