Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកស្រីសន្ធរ រៀបចំប្រណាំងទូក ង ចូលរួមអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា

បានផុស

នៅ

រដ្ឋបាល​ស្រុក​ស្រី​សន្ធរ បាន​រៀបចំ​ការ​ប្រណាំង​ទូក ង លក្ខណៈ​ប្រពៃណី ដើម្បី​ចូលរួម​អបអរសាទរ ថ្ងៃ​ជ័យជម្នះ ៧ មករា (១៩៧៩-២០២៣) និង​បង្ក​ភាព​សប្បាយ​រីករាយ​ក្រោម​ម្លប់​សុខ​សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះសង្ឃ រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ពិធី​ប្រណាំង​ទូក ង នៅ​ក្នុង​ឃុំ​ព្រែក​រំ​ដែង ស្រុក​ស្រី​សន្ធរ បាន​លើក​ឡើង​ថា ពេល​ប្រទេសជាតិ​មាន​សន្តិភាព​គ្មាន​សង្គ្រាម ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ដើរ​ហើរ​យ៉ាង​សប្បាយរីករាយ។ ពិធី​ប្រណាំង​ទូក ង លក្ខណៈ​ប្រពៃណី​នៅ​ពេលនេះ គឺ​បង្ហាញ​ពី​ការ​អភិរក្ស​ប្រពៃណី​ខ្មែរ និង​ទំនៀមទម្លាប់​ពី​ការ​ប្រណាំង​ទូក​ទាំង​ខ្នាត​អន្តរជាតិ និង​ខ្នាត​វែង។

លោក ស៊ឹម គង់ អភិបាលស្រុក​ស្រី​សន្ធរ បាន​បញ្ជាក់​ដែរ​ថា ការ​រៀបចំ​ពិធី​ប្រណាំង​ទូក ង ​ពេលនេះ មិន​ត្រឹម​ដើម្បី​ជួយ​ថែរក្សា​ប្រពៃណី បង្កើត​នូវ​ក្ដី​ស្រឡាញ់ និង​ទំនាក់ទំនង​មិត្តភាព​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ក៏បាន​ចូលរួម​បង្កើន​ស្មារតី​សាមគ្គីភាព យោគយល់ និង​អធ្យាស្រ័យ​គ្នា​ផង​ដែរ។

លោក​អភិបាល​ស្រុក​បន្ថែម​ទៀត​ថា ចំពោះ​ការ​ប្រណាំង​ទូក​ពេលនេះ ទោះបី​មាន​ការ​ឈ្នះ ចាញ់ គឺជា​ការ​ប្រកួត​មិត្តភាព ប្រកួត​អស់ពី​សមត្ថភាព ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មិន​ស្អប់​គ្នា​នោះ​ទេ ពេល​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព និង​យក​ជ័យជម្នះ ៧ មករា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន។

សូម​ជម្រាប​ជូន​ដែរ​ថា ទូក ង ដែល​បាន​យក​មក​ប្រណាំង​កាលពី​ថ្ងៃ​ទី ៧ ខែ​មករា​នេះ មាន​ចំនួន ៤៥ ទូក ស្មើ​នឹង ២២ គូ ដោយ​មាន​ការ​ចូលរួម​ពី​តាម​បណ្ដា​ខេត្ត ដូចជា ខេត្ត​កណ្ដាល ខេត្ត​ព្រៃវែង និង​តាម​បណ្ដា​ស្រុក នៃ​ខេត្ត​កំពង់ចាម​ផង​ដែរ៕

អត្ថបទ និង​រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម