ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ គន់ គីម ផ្តាំផ្ញើឲ្យអ្នកពាក់ព័ន្ធត្រៀមកម្លាំង ដើម្បីជួយសង្គ្រោះជនរងគ្រោះឲ្យទាន់ពេលវេលា
នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាដៃគូទាំងអស់ ត្រៀមសម្ភារៈ កម្លាំងជំនាញ និងធនធានបច្ចេកទេស ដើម្បីជួយជនរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយ ដែលកើតមានជាយថាហេតុ ឲ្យបានទាន់ពេលវេលា។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើង ខណៈអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជន របស់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង និងមន្ត្រីពាក់ព័ន្ធដែលបានបញ្ចូលទិន្នន័យគ្រោះមហន្តរាយទៅក្នុងប្រព័ន្ធ PRISM និងបញ្ជូនតាមប្រព័ន្ធ Tablet ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ និងឆ្លើយតបទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមកស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានចលនាតាមមន្ទីស្ថាប័នជុំវិញខេត្ត ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនបានចំនួន៣៨ខ្នង ក្នុងនោះលោកផ្ទាល់បានជួយ៥ខ្នង។ ចំពោះអ្នកអត់ដី អត់ផ្ទះ១០០គ្រួសារ លោកបានឲ្យខេត្ត និងមន្ត្រីពាក់ព័ន្ធខិតខំដោះស្រាយចែកឡូត៍ ដើម្បីផ្តល់ជូនពួកគាត់ទាំង១០០គ្រួសារឱ្យបានឆាប់ និងទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាដៃគូត្រៀមសម្ភារៈ ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីផ្ដល់របាយការណ៍បឋម ក្នុងករណីមានគ្រោះមហន្តរាយកើតមានជាយថាហេតុ គឺត្រូវដឹង និងដោះស្រាយឲ្យបានទាន់ពេលវេលា ជាពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះ ជីវិតមនុស្ស និងធ្វើការឆ្លើយតបទៅតាមសភាពជាក់ស្តែង និងទាន់ពេលវេលា។
តាមរបាយការណ៍របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ខេត្តកំពង់ឆ្នាំងបានជួបនូវគ្រោះមហន្តរាយចំនួន២៩លើក ក្នុងនោះរួមមាន គ្រោះរាំងស្ងួត២លើក ប៉ះពាល់ស្រូវប្រាំងចំនួន១,៨៤០ហ.ត, ខ្យល់កន្ទ្រាក់២៤លើក និងរន្ទះបាញ់៥លើក ដែលបណ្តាលឲ្យស្លាប់មនុស្សម្នាក់។ ខេត្តបានជួបប្រទះជំនន់ទឹកភ្លៀងបណ្តាលឲ្យខូចខាតស្រូវចំនួន១,៧៩២ ហ.ត ខូចខាតផ្លូវជាតិ និងផ្លូវកៅស៊ូ១,១៧០ម៉ ផ្លូវក្រាលគ្រោះក្រហម និងផ្លូវលំ ប្រវែង ៤៧,៩៤០ម៉ និងខូចខាត ទំនប់ ប្រឡាយ ប្រវែង៥,៣៧០ម៉។

បើតាមលោក ធន ធឿន សមាគមអតីតយុទ្ធជនខេត្ត បានទទួលថវិកាបេឡាមរណៈសង្គ្រោះរបស់សម្តេចតេជោ ផ្តល់ជូនគ្រួសារនៃសពសមាជិកស.អ.កចំនួន៨៨សព សរុបថវិការ អស់ ៣៥២,០០០,០០០៛ សាងសង់ផ្ទះថ្មីបានចំនួន៧ខ្នងសម្រាប់ផ្តល់ជូនអតីតយុទ្ធជន និងប្រគល់ផ្ទះជូនសមាជិកអតីតយុទ្ធចំនួន១២ខ្នង។ អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច សរុបចំនួន២,០៨៨ ហិកតា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?