Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំអនុវត្តគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គពីដីឥដ្ឋទៅថ្មគរ កុំយកប្រាក់ពីពលរដ្ឋដែលឆ្លងកាត់ស្ពាននេះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា សម្ដេច បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមកថា ការអនុវត្តគម្រោងស្ពាន​ឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋស្រុកកៀន​ស្វាយ ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម ត្រូវធ្វើយ៉ាងណាកុំឲ្យមានការយកប្រាក់ពីប្រជាពលរដ្ឋ ដែលឆ្លងកាត់ស្ពាននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរំលឹករបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ។

សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែងថា គម្រោងដើមដែលបានសិក្សាកន្លងមក គឺស្ពាន​ឆ្លងកាត់ទន្លេមេគង្គនេះ ត្រូវវិនិយោគដោយមិត្តចិន ហើយបើតាមគម្រោងសរុបទាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានេះ នឹងត្រូវចំណាយថវិកាអស់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

បើសិនជាអនុវត្តនូវគម្រោងដើមទាំងនោះ នឹងត្រូវតម្រូវឲ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពាន​ឆ្លងកាត់ទន្លេមេគង្គនេះ បង់ប្រាក់។ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា អនុវត្តគម្រោងបែបណា កុំឲ្យមានការយកប្រាក់ពីប្រជាពលរដ្ឋ ដែលឆ្លងកាត់ស្ពាននេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អញ្ចឹងទេ ខ្ញុំបានប្រាប់ថុល (លោក ស៊ុន ចាន់ថុល) បញ្ជៀសយ៉ាងម៉េច កុំឲ្យមានការយកប្រាក់ពីប្រជាពលរដ្ឋទៅលើការឆ្លងស្ពាន រឿងនេះយើងធ្លាប់មានពិសោធន៍រួចហើយ ស្ពានមួយចំនួនយើងបានទិញយកមកវិញ ដូចជា ស្ពានព្រែកព្នៅរបស់ លី យ៉ុងផាត់ ស្ពានឆ្លងកាត់ដៃសមុទ្រនៅឯកោះកុងរបស់លី យ៉ុងផាត់»។

​សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា ថ្ងៃខ្លះ អាចមានប្រជាពលរដ្ឋម្នាក់ ត្រូវឆ្លងកាត់ស្ពាន ៥ដង។ ដូច្នេះប្រសិនបើមានការតម្រូវឲ្យបង់ប្រាក់នោះ ត្រូវបង់ប្រាក់រហូតដល់ទៅ ៥ដងឯណោះ។

សូមជម្រាបថា ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឲ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋស្រុកកៀន​ស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី ៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់​ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០​ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង​ការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។

ស្ពានឆ្លងកាត់​ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម