ព័ត៌មានជាតិ
ក្រសួងអប់រំ ចាប់ផ្ដើមបើកដំណើរការប្រឡងសិស្សពូកែថ្នាក់ជាតិលើកទី ២៧ នៅព្រឹកនេះ
ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមបើកដំណើរការប្រឡងសិស្សពូកែថ្នាក់ជាតិលើកទី ២៧ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ នៅកម្រិតថ្នាក់ទី ៩ និងថ្នាក់ទី ១២ នាវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបង ដែលចាប់ពីព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នេះតទៅ។

បើតាមលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅក្នុងពិធីបើកការប្រឡងសិស្សពូកែថ្នាក់ជាតិ លើកទី ២៧ កាលពីថ្ងៃទី ១១ មិថុនា ថា សម្រាប់ឆ្នាំ ២០២៣ នេះ មានសិស្សចូលរួមប្រឡងសិស្សពូកែចំនួន ៤៥០ នាក់ មកពី ២៥៨ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជនថ្នាក់ទី ៩ និងទី ១២ ហើយដំណើរការប្រឡងប្រព្រឹត្តទៅរយៈពេល ៨ ថ្ងៃ គឺដំណើរការសំណេរ ៣ ថ្ងៃ កំណែ ៣ ថ្ងៃ និងកម្មវិធីបិទ-បើករយៈពេល ២ ថ្ងៃ។

លោកបណ្ឌិតសភាចារ្យ បានបន្តថា ការរៀបចំការប្រឡងសិស្សពូកែនេះ មានគោលដៅសម្រិតសម្រាំងសិស្សពូកែទូទាំងប្រទេស លើកទឹកចិត្តសិស្សនៅមធ្យមសិក្សា ឲ្យផ្ដោតការយកចិត្តទុកដាក់លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ និងផ្ដល់តម្លៃដល់ជ័យលាភីសិស្សពូកែក្នុងគោលដៅផ្ដល់រង្វាន់ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសនៅកម្រិតថ្នាក់ទី ៩ និងថ្នាក់ទី ១២។

លោកបណ្ឌិតសភាចារ្យ បានបន្តទៀតថា «សិស្សពូកែ នឹងក្លាយជាមូលធនមនុស្សសម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចចក្ខុវិស័យឆ្នាំ ២០៣០ និង២០៥០»។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី ៩ និងថ្នាក់ទី ១២ ក្រសួងជ្រើសរើសយក ៦០ នាក់ ក្នុងនោះថ្នាក់ទី ៩ ចំនួន ៣០ នាក់ និងថ្នាក់ទី ១២ ចំនួន ៣០ នាក់ ដោយ ១ មុខវិជ្ជាៗ ជ្រើសរើសយក ១០ នាក់។
ចំពោះជ័យលាភីវិញ ក្រសួង បានផ្ដល់ចាប់ពីលេខ ១ ដល់លេខ ១០ តែជ័យលាភីលេខ ១ ដល់លេខ ៣ ទទួលបានពានអមដោយថវិកាពីក្រសួង។ ចំពោះប្រាក់រង្វាន់លេខ ១ ទទួលបានចំនួន ៣ លាន ៥ សែនរៀល,ចំណាត់ថ្នាក់លេខ ២ ទទួលបានចំនួន ៣ លាន ២ សែនរៀល,លេខ ៣ ទទួលបាន ២ លាន ៩ សែនរៀល,លេខ ៤ ទទួលបាន ២ លាន ៦ សែនរៀល,លេខ ៥ ទទួលបាន ២ លាន ៣ សែនរៀល,លេខ ៦ ទទួលបាន ២ លានរៀល,លេខ ៧ ទទួលបាន ១ លាន ៧ សែនរៀល,លេខ ៨ ទទួលបាន ១ លាន ៤ សែនរៀល,លេខ ៩ ទទួលបាន ១ លាន ១ សែនរៀល,និងលេខ ១០ ទទួលបាន ៨០ ម៉ឺនរៀល។
ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកការប្រឡងជ្រើសរើសសិស្សពូកែនៅទូទាំងប្រទេសរយៈពេល ២ ឆ្នាំជាប់ៗគ្នា ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែក្រោយពេលស្ថានភាពជំងឺនេះបានធូរស្រាល ក្រសួង បានចាប់ផ្ដើមប្រឡងឡើងវិញនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


