Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីន ប្រកាសក្រុង-ស្រុក ៤ នៃខេត្តពោធិ៍សាត់ អស់មីន

បានផុស

នៅ

នៅ​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ ២០២៣ អាជ្ញាធរ​មីន បាន​រៀបចំ​ពិធី​អបអរសាទរ​ការ​ប្រកាស​ក្រុង​ពោធិ៍សាត់ ស្រុក​បាកាន ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង ជា​ក្រុង-ស្រុក​អស់​មីន ក្រោម​អធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រកាស​នេះ មាន​កិច្ច​សហការ​រៀបចំ​រវាង​អាជ្ញាធរ​មីន រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​អង្គភាព​ស៊ីម៉ាក់ ព្រមទាំង​មាន​ការ​ចូលរួម​ពី​តំណាងរាស្ត្រ អាជ្ញាធរ​ដែនដី​គ្រប់​ជាន់​ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស។

លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ទោះបី​សង្គ្រាម​ផ្ទៃក្នុង​ត្រូវ​បាន​បញ្ចប់​ហើយ សន្តិភាព​កើត​មាន​ក៏​ពិត​មែន ប៉ុន្តែ​វត្តមាន នៃ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅតែ​បន្ត​ជា​ឧបសគ្គ និង​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ជាតិ និង​ប្រជាជន។ ខេត្ត​ពោធិ៍សាត់ គឺជា​ខេត្ត​មួយ​ធ្លាប់​រងគ្រោះ​ដោយសារ​សង្គ្រាម​យ៉ាង​ធ្ងន់ធ្ងរ។ គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ ២០២៣ ខេត្ត​ពោធិ៍សាត់ មាន​ជនរងគ្រោះ​ចំនួន ៣៩៣៥ នាក់ ស្មើនឹង ៦,០៥% និង​ជាប់​ចំណាត់ថ្នាក់​ទី ៥ នៃ​គ្រោះថ្នាក់​ទូទាំង​ប្រទេស បន្ទាប់ពី​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ក្នុង​ចំណោម​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សរុប​ចំនួន ៦៥០២៥ នាក់។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា តាំងពី​ចាប់ផ្ដើម​ស្ដារ​ការ​រស់​ឡើងវិញ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​សកម្មភាព​មីន ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​គោល​នយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សំខាន់ៗ ព្រមទាំង​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​គ្រាប់មីន ទៅជា​ប្រទេស​ដែល​ចែករំលែក​បទពិសោធន៍​លើ​ឆាក​អន្តរជាតិ នៅ​តាម​បណ្ដា​ប្រទេស​កំពុង​ជួបប្រទះ​នឹង​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។

ក្នុង​ឱកាស​នោះ លោក ស៊ុយ សែម បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន ដែល​បាន​បំពេញ​ការងារ​ទទួល​ជោគជ័យ​ប្រកប​ទៅ​ដោយ​ផ្លែផ្កា ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ទទួល​ស្គាល់​នូវ​សមត្ថភាព​លើ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា។ ជាមួយគ្នា​នោះ លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​បណ្ដា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ សប្បុរសជន​នានា និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ ដែល​តែងតែ​ជួយ​ដល់​រាជរដ្ឋាភិបាល ផ្ដល់​នូវ​ការឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ ថវិកា និង​បច្ចេកទេស សម្រាប់​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ៣០ ឆ្នាំនេះ។

ក្នុង​របាយការណ៍​របស់ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី ១ អាជ្ញាធរ​មីន បាន​ឲ្យ​ដឹង​ថា ខេត្ត​ពោធិ៍សាត់ ចាប់ពី​ឆ្នាំ ១៩៩៣ គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ៨៨.៧២៦ គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ៤១៤ គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដទៃ​ទៀត ចំនួន ៧៩.៣៨៦ គ្រាប់ ត្រូវ​បាន​រក​ឃើញ និង​កម្ទេច​ចោល ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​ជា ៥៤.៩១៤.១២៦ ម៉ែត្រក្រឡា ស្មើនឹង ៨៨៥ ចម្ការ​មីន​/​គ្រាប់ ដោយ​ប្រតិបត្តិ​ករ​ចំនួន ៥ រួមមាន ៖ ស៊ីម៉ាក់ កងកម្លាំង​រក្សា​សន្តិភាព Halo Trust, MAG និង​អង្គការ​ដោះ​មីន​កម្ពុជា (CSHD)។ ក្នុង​នោះ ផ្ទៃដី​មាន​មីន​/​គ្រាប់​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ ស្រុក​បាកាន ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ដែល​ត្រូវ​ប្រកាស​អស់​មីន ចំនួន ៨.៦៨៩.១៦៥ ម៉ែត្រក្រឡា ត្រូវ​បាន​បោស​សម្អាត​រួច ដោយ​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ៦៣.៩៩៣ គ្រាប់ មីន​ប្រឆាំង​រថក្រោះ ៥៥ គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដទៃ​ទៀត ៣៣.៣៦៦ គ្រាប់។

លោក​ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ទោះបី​បញ្ចប់​វត្តមាន​គ្រាប់មីន​ដែល​យើង​បាន​ដឹងក្នុង​ក្រុង​ស្រុក​ចំនួន ៤ នឹង​ត្រូវ​ប្រកាស​អស់​មីន​ក៏ដោយ ខេត្ត​ពោធិ៍សាត់ នៅសល់​ស្រុក​ចំនួន ០៣ ទៀត កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ រួមមាន ស្រុក​ភ្នំ​ក្រវាញ ស្រុក​វាលវែង និង​ស្រុក​តា​លោ​សែន​ជ័យ ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​ជា ៧០.០៤៩.៥៦៩ ម៉ែត្រក្រឡា ស្មើ​នឹង ៦៨៣ ចម្ការ​មីន និង​គ្រាប់ និង​តំបន់​សង្ស័យ​ថ្មីៗ​មួយ​ចំនួន​ទៀត ដែល​ប្រតិបត្តិ​ករ​របស់​យើង​បាន​រក​ឃើញ និង​កំពុង​ពិនិត្យ​វាយតម្លៃ​ដោយ​អាជ្ញាធរ​មីន។

លោក​ទេសរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​បន្ថែម​ថា រយៈពេល ៣០ ឆ្នាំ ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ខែ​មីនា ឆ្នាំ ២០២៣ កម្ពុជា បាន​រំដោះ​ផ្ទៃដី​ពី​ការ​គំរាម​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ចំនួន ២.៥៧៩ គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​បោសសម្អាត​សម្រាប់​យក​ទៅ​ប្រើប្រាស់ និង​បង្កបង្កើនផល ក្នុង​នោះ​វិស័យ​កសិកម្ម ៧៦ ភាគរយ និង​ផ្សេងៗ ២៤ ភាគរយ រួមមាន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌល​សុខភាព ជាដើម។ ប៉ុន្តែ ទោះបី​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​មាន​ការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ កម្ពុជា បន្ត​នៅ​សល់​ផ្ទៃដី​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជា ១៨៨៥ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ១២.៦០៧ ចម្ការ​មីន​/​គ្រាប់ និង​មាន​ប្រជាពលរដ្ឋ​ជាង ១,១ លាន​នាក់ កំពុង​បន្ត​រស់នៅ​លើ​តំបន់​សង្ស័យ​ទាំងនេះ។ ក្នុង​នោះ ផ្ទៃដី​មាន​មីន ៥៦៣ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ៦៩២០ ចម្ការ​មីន ដែល​កម្ពុជា មាន​មហិច្ឆតា​ត្រូវ​បោសសម្អាត​ឲ្យ​អស់​ត្រឹម​ឆ្នាំ ២០២៥ ស្របតាម​ចក្ខុវិស័យ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ។ ដោយឡែក ផ្ទៃដី​សង្ស័យ​មាន​គ្រាប់បែក​ចង្កោម​ចំនួន ៧២៩ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ២៥១៤ ចម្ការ​គ្រាប់ និង​ផ្ទៃដី​សង្ស័យ​មាន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៥៩៣ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ៣១៧៣ ចម្ការ​គ្រាប់ យើង​នឹង​ត្រូវ​បន្ត​ដោះស្រាយ​ក្រោយ​ឆ្នាំ ២០២៥ បន្ទាប់ពី​បញ្ចប់​ការងារ​បោស​សម្អាត​មីន។

សម្រាប់​ឆ្នាំ ២០២៣ នេះ ដោយ​មាន​ការ​តាំងចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​មាន​ការ​ចូលរួម​ពី​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍ ផ្ទៃដី​មាន​មីន​ប្រមាណ​ជា ៣៥៦ គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​រៀបចំ​ផែនការ​បោសសម្អាត។ កម្ពុជា នឹង​មាន​រាជធានី-ខេត្ត​ចំនួន ១៨ ត្រូវ​ប្រកាស​អស់​មីន ហើយ​ក្រោយ​ឆ្នាំ ២០២៣ កម្ពុជា អាច​នឹង​នៅសល់​ផ្ទៃដី​មាន​មីន ដែល​បាន​ដឹង​ខេត្ត​ចំនួន ០៧ រួមមាន ៖ ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ដែល​ជា​តំបន់​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ មាន​បញ្ហា​មីន​ស្មុគស្មាញ និង​ហានិភ័យ​ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម