ព័ត៌មានជាតិ
ក្រសួងការងារប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដែលគ្របដណ្ដប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម។ ការប្រកាសផ្សព្វផ្សាយនេះធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានឱ្យដឹងថា ការបញ្ជ្រាបចំណេះដឹងស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងការអប់រំទូទៅ និងផ្ទៃក្នុងនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺអាចកសាងអនាគតកម្មករជំនាញជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពការងារល្អជាងមុន។ ក្នុងនាមអង្គការសហជីព ប្រធានក្រុមប្រឹក្សាជាតិសហជីពរូបនេះបានប្ដេជ្ញាចូលរួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ អង្គការនិយោជក និងដៃគូផ្សេងទៀត ដើម្បីអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ឱ្យប្រកបដោយផ្លែផ្កា។
លោក ទេព សុភ័ណ្ឌ នាយកគ្រប់គ្រងទូទៅនៃសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានបង្ហាញក្ដីរំពឹងថា ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នឹងក្លាយជាយន្តការនៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានាក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារជូនកម្មករនិយោជិត។
លោក ទុន សោភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំកម្ពុជា បានវាយតម្លៃឃើញថា ការអនុវត្តបានល្អប្រសើរនូវសុវត្ថិភាព និងសុខភាពការងារកាលពីពេលកន្លងទៅ គឺបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ នាំឱ្យបង្កើនផលិតភាពការងារក្នុងរោងចក្រ សហគ្រាស។ លោកថា បញ្ហាសុវត្ថិភាព និងសុខភាពការងារនេះ គឺអង្គការ ILO មានការយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមានការចែងបទប្បញ្ញត្តិជាបន្តបន្ទាប់ និងតម្រូវឱ្យរដ្ឋជាសមាជិកចូលរួមអនុវត្តឱ្យបាន។
លោក អ៊ិត សំហេង ក៏បានលើកឡើងថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន៦ និងផែនការសកម្មភាពលម្អិតជាមួយនឹងយន្តការត្រួតពិនិត្យ និងវាយតម្លៃដែលជាក់លាក់អាចវាស់វែងបានអាចអនុវត្តបានប្រាកដនិយម និងតាមពេលកំណត់ (SMART) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្នុងផ្នែកសុវត្ថិភាព និងសុខភាពការងារ ដែលជាប្រយោជន៍ដល់និយោជក និងកម្មករនិយោជិតគ្រប់វិស័យទាំងអស់ ដោយមិនផ្អែកទៅតាមវិស័យសេដ្ឋកិច្ចទំហំនៃសហគ្រាស គ្រឹះស្ថាន ឬកន្លែងធ្វើការបែបណានោះទេ៕
ប្រភព ៖ ក្រសួងការងារ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


