ស្វែងយល់​ពី​ប្រវត្តិ​ខ្លះៗ​ នៃការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្វែងយល់​ពី​ប្រវត្តិ​ខ្លះៗ​ នៃការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​

Published

on

ពិធី «​បុណ្យមាឃបូជា​» តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ នៅ​ថ្ងៃសីល​ពេញបូណ៌មី ​១៥​កើត​ ខែ មាឃ​ ខណៈ​នៅ​ឆ្នាំនេះ​ពិធីបុណ្យ​នេះ​នឹង​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃទី​២៨​និង​២៩ ​ខែមករា​ឆ្នាំ​២០២១​នេះ​។​

បើ​យោងតាម​គេហទំព័រ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា​ មាឃបូជា គឺជា​ពិធីបុណ្យ​មួយ​ដែល ពុទ្ធសាសនិកជន​គ្រប់​ប្រទេស​ អ្នក​កាន់​ព្រះពុទ្ធសាសនា តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ មិនដែល​ខក​ខាន​។​

ពិធីបុណ្យ​នេះ​ប្រារព្ធ​ឡើងជា​រៀងរាល់ថ្ងៃ​១៥​កើត ខែមាឃ​ ដើម្បី​រំឭក​ទៅដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់ ២ចំណុច​ដែល​បា​នកើត​ឡើង​នៅក្នុង​ពេលដែល​ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​ព្រះ​ធរមាន​នៅឡើយ​។​

ព្រឹត្តិការណ៍​សំខាន់​ទី​១ គឺ​ពេល​ដែល​ព្រះអង្គ​ទ្រង់​ប្រជុំ​ព្រះ​ភិក្ខុសង្ឃ​ចំនួន​១២៥០​អង្គ ជាការ​ប្រជុំ​លើក​ដំបូង ដើម្បី​ប្រកាស​នូវ​គោលការណ៍​មូលដ្ឋាន​នៃ​សាសនា​ ដែល​ហៅថា ​ឱវាទបាតិមោក្ខ​។​

ចំពោះ​ខ្លឹមសារ​សង្ខេបនៃ​ឱវាទ បាតិមោក្ខ​នោះ​មាន ៣​គាថា​គឺ​៖ គាថា​ទី​១ ទ្រង់​សម្តែង​ថាៈ កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំងពួង កិរិយា​បំពេញ​កុសល​ កិរិយា​ធ្វើ​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់ ទាំងនេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​។​

គាថា​ទី​២ ទ្រង់​សម្តែង​ថាៈ អំណត់​ គឺ​សេចក្តី​អត់ធន់​ជា​តបធម៌​ដ៏​ឧ​ត្ត​ម​ ព្រះពុទ្ធ​ទាំងឡាយ​ទ្រង់​ត្រាស់​ថា ព្រះ​និព្វាន​ជា​គុណជាតិ​ដ៏​ឧ​ត្ត​ម​ អ្នកបួស​ដែល​បៀតបៀន​សត្វ​ដទៃ សម្លាប់សត្វ​ដទៃ មិនមែនជា​បព្វជិត​ មិនមែនជា​សមណៈ​ឡើយ​។​ គាថា​ទី​៣ ទ្រង់​សម្តែង​ថាៈ កិរិយា​មិន​តិះដៀល​អ្នកដទៃ​១កិរិយា​មិន​បៀតបៀន​អ្នកដទៃ​១ កិរិយា​សង្រួម​ក្នុង​ព្រះ​បាតិមោក្ខ​១ ភាវៈ​ដឹង​ប្រមាណ​ក្នុង​ភត្តាហារ​១ ទី​ដេក និង​ទី​អង្គុយ​ដ៏​ស្ងាត់​១ កិរិយា​បំពេញ​ព្យាយាម​ក្នុង​អធិចិត្ត​១ ទាំងនេះ​ជា​ពាក្យ​ប្រដៅ​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ​។​

ក្នុង​អង្គប្រជុំ​នេះ ព្រះអង្គ​ក៏​ទ្រង់​រៀបចំ​តែងតាំង​អគ្គសាវ័ក​ឆ្វេង​ស្តាំ​របស់​ព្រះអង្គ​ផង​គឺ​៖ ព្រះ​សារីបុត្រ​ដែលជា​កំពូល​លើស​អស់​ភិក្ខុ​ទាំងឡាយ ផ្នែក​ខាង​បញ្ញា​ត្រូវបានតែងតាំង​ជា​អគ្គ​-សាវ័ក​ទី​១ ឬ អគ្គ​សាវ័ក​ស្តាំ ចំណែក​តំណែង​ជា​អគ្គសាវ័ក​ទី​២ ឬ​អគ្គសាវ័ក​ឆ្វេង​ បាន​ទៅលើ​ព្រះ​មហា​មោគ្គល្លាន ដែល​ជា​កំពូល​លើស​អស់ភិក្ខុ​ទាំងឡាយ​ផ្នែក​ខាង​ឫទ្ធិ​។​

អង្គសន្និបាត​នេះ ​មាន​លក្ខណៈពិសេស ប្រកប​ដោយហេតុ៤​យ៉ាង​ ទើប​មាន​ឈ្មោះថា​ចតុរង្គ​សន្និ​បាត​ ដែល​ហេតុ​ទាំង៤​យ៉ាងនោះ​គឺ ៖​ទី​១.ថ្ងៃនោះ​ចំ​ថ្ងៃពេញបូណ៌មី ​ខែមាឃ​ទី​២.ភិក្ខុសង្ឃ​ចំនួន ១២៥០​អង្គ​ ដែល​មក​ប្រ​ជុំគ្នា​នោះ ឥតមាន​អ្នកណា​និមន្ត​ទុក​មុន​មក​ទេ​ គឺ​និមន្ត​ដោយ​អង្គ​ឯង​តែម្តង​ទី​៣. ភិក្ខុសង្ឃ​ទាំង១២៥០​អង្គ​នោះ សុទ្ធតែជា​ឯ​ហិ​ភិក្ខុ​ គឺ​ព្រះពុទ្ធ​ទ្រង់​បំបួស​ផ្ទាល់​ទាំងអស់​​ និង​ទី​៤. ភិក្ខុសង្ឃ​ទាំង១២៥០​អង្គ​នោះ​ សុទ្ធតែជា​ព្រះអរហន្ត ដែល​បានសម្រេច​អភិញ្ញា៦​ទាំងអស់​។​អង្គសន្និ​បាត​នេះ​កើតមានឡើង​ក្រោយពី​ព្រះពុទ្ធ​អង្គ​ទ្រង់​បាន​ត្រា​ស់ដឹង​រយៈពេល៩ខែ​គត់​។​

ចំណែក​ព្រឹត្តិការណ៍​ទី​២​នៃ​ពិធីបុណ្យ​មាឃបូជា​ គឺ​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ដែល​ព្រះ​ពុទ្ធអង្គ​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ នៅ​ចំពោះមុខ​មារ​។ ព្រឹត្តិការណ៍​នេះ​កើតឡើង​ក្រោយពេល​ដែល​ព្រះ​ពុទ្ធអង្គ​ទ្រង់​គង់​ចាំ​វស្សា​ទី​៤៥ ដែលជា​វស្សា​ចុងក្រោយ ដោយ​ក្នុង​កាលនោះ​ស្តេច​មារ បាន​ចូលគាល់​ព្រះអង្គ​ហើយ ក៏​អារាធនា​ដើម្បី​ឲ្យ​ព្រះអង្គ​ទ្រង់​ចូល​បរិនិព្វាន​។​

ពេលនោះ​ព្រះអង្គ​ទ្រង់​ប្រកាស​ចំពោះមុខ​មារ​ថា “ ម្នាល​មារ​មានចិត្ត​បាប​ចូរ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ចុះ ការ​បរិនិព្វាន​របស់​តថាគត មិនយូរប៉ុន្មាន​ទេ កន្លង​៣​ខែអំពី​ថ្ងៃនេះ​ទៅ តថាគត​នឹង​បរិនិព្វាន​ហើយ​”​។​

ការប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​នេះ បានធ្វើ​ឲ្យ​ភិក្ខុសង្ឃ​និង​បរិស័ទ​ទាំងឡាយ​មាន​សេចក្តី​តក់ស្លុត​ជាខ្លាំងដោយ​ដឹងថា ព្រះពុទ្ធ​ជា​បរមគ្រូ​នឹង​ត្រូវ​យាង​ចូល​បរិនិព្វាន ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​។​ការប្រ​កាស​នេះ​កើតមានឡើង​នៅ​ថ្ងៃ១៥​កើត ខែមាឃ ឆ្នាំម្សាញ់ មុន​ព្រះអង្គ​បរិនិព្វាន​៣​ខែ​។​

អាស្រ័យ​ព្រឹត្តិការណ៍​សំខាន់​ទាំង​២ខាងលើ​នេះហើយ ​ដែល​ពុទ្ធសាសនិកជន​គ្រប់​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធសាសនា​ តែង​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ ជា​រៀងរាល់ថ្ងៃ១៥​កើត ខែមាឃ​ ដើម្បី​សម្តែង​នូវ​សេចក្តី​ដឹងគុណរបស់ខ្លួន​ចំពោះ​ព្រះអង្គ ដោយ​ការបូជា​គ្រឿង​សក្ការៈ​ផ្សេងៗ សូត្រធម៌ សមាទាន​សីល ស្តាប់ធម៌​ទៅតាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​។​

កម្មវិធី​បុណ្យ​មាឃបូជា ក៏ដូចជា​ពិសាខបូជា​ដែរ​គេ​តែង​ប្រារព្ធ​ឡើង​ចាប់ពី​ពេល​ល្ងាច​តទៅ​ដោយ​តម្រូវ​ទៅតាម​ព្រឹត្តិការណ៍​ដែល​កើតមានឡើង​នៅ​ពេល​ល្ងាច​ផង​ តម្រូវ​ទៅតាម​ពេលវេលា​ដែល​មនុស្ស​ម្នា​ទាំងឡាយ​សម្រាក​ពី​ការងារ​ផ្សេងៗ​ផង​ ហើយ​ស្ថិត​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញវង់​ស្អាត​ល្អ​ផង​។ គ្រឿង​ស​ក្ការៈបូជា​សំខាន់ៗ​នៅក្នុង​កម្មវិធី​បុណ្យ​នេះ​មានដូចជា ទៀន ធូប ផ្កា​ភ្ញី ផ្កាកម្រង គ្រឿង​ក្រអូប​ផ្សេងៗ​ ទៅតាម​លទ្ធភាព និង​សេចក្តី​ជ្រះថ្លា​។​

ដោយឡែក នៅក្នុង​វត្តអារាម​វិញ ព្រះសង្ឃ​និង​អារាមិកជន​ទាំងអស់​នាំគ្នា​រៀបចំ​សម្អាត​វត្ត និង​រៀបចំ​គ្រឿង​សក្ការៈ​ផ្សេងៗ​តាក់តែង​ភ្លើង ក្បូរក្បាច់​រចនា​ទៅតាមទំនៀមទម្លាប់​របស់​វត្ត​នីមួយៗ​។​

ជាការ​កត់សម្គាល់ នៅក្នុង​ប្រទេស​កម្ពុជា​យើង កម្មវិធី​បុណ្យមា​ឃបូជា​ពី​វត្ត​មួយ​ទៅ​វត្ត​មួយ​មិន​ដូចគ្នា​ទាំងស្រុង​នោះទេ ប្លែក​គ្នា​ខ្លះ​ទៅតាម​តំបន់​ ស្រុកទេស​រៀងៗ​ខ្លួន តែមាន​អត្ថន័យ​រួម​តែមួយ​គឺ​ដើម្បី​សម្តែង​នូវ​ការដឹងគុណ​ដល់​ព្រះពុទ្ធ​ជា​ម្ចាស់ដែលជា​បរមគ្រូ​។​ ការប្រព្រឹត្តទៅ​នៃ​កម្មវិធី​បុណ្យមាឃ​បូ​ជា ជាទូទៅ​រួមមាន​ ការ​ដង្ហែ​គ្រឿង​សក្ការៈបូជា​ប្រទក្សិណ​បូជនីយដ្ឋាន​នានា​មាន​ព្រះវិហារ​ជាដើម​ បន្ទាប់មក​វេរ​គ្រឿង​សក្ការៈ​ទាំងនោះ​​ថ្វាយ​ចំពោះ​ព្រះ​រតនត្រ័យ នមស្ការ សមា​ទានសីល​ ហើយ​ព្រះ​សង្ឃ ឬ អាចារ្យ​ដឹកនាំ​ប្រកាស​មាឃ​- បូជា​ និង​ស​ម្តែង​ព្រះធម៌​ទេសនា​អំពី​ពុទ្ធប្រវត្តិ និង​ប្រវត្តិ​មាឃ​បូជា​តទៅ​។​

វត្ត​ខ្លះ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នាំគ្នា​សូត្រធម៌ ឬ​ស្មូត​អំពី​ពុទ្ធប្រវត្តិ​រហូតទល់​ភ្លឺ​ វត្ត​ខ្លះទៀត​សម្តែង​ពុទ្ធប្រវត្តិ​ទៅតាម​កណ្ឌ​នីមួយៗ ឆ្លាស់គ្នា​នឹង​សំឡេង​ស្មូត​ទល់​ភ្លឺ​។​ តែ​វត្ត​ខ្លះ​ប្រារព្ធ​កម្មវិធី​ត្រឹម​ម៉ោង ១០ ឬ ១១​យប់​ក៏​បញ្ចប់ទៅ អាស្រ័យ​ទៅតាម​លទ្ធភាព​ និង​សេចក្តី​ជ្រះថ្លា​។​ ខ្លឹមសារ​សំខាន់​ដែល​យើង​ត្រូវ​សិក្សា ពី​កម្មវិធី​បុណ្យមា​ឃបូជា​ គឺ​នៅត្រង់​ការយក​ឱវាទ​របស់ព្រះអង្គ​មក​គោរព​ប្រតិបត្តិ រឹត​ចំណង​សាមគ្គី​រួមរស់​ដោយ​សុខសន្តិភាព ក្នុងនាម​ជា​ពុទ្ធសាសនិកជន និង​មនុស្សជាតិ​ទូទៅ​ ហើយ​បង្កើតបាន​នូវ​ពិភពលោក​មួយ ដែល​ប្រាសចាក​ការ​បៀតបៀន​គ្នា​ សម្លឹង​មើល​គ្នា​ដោយ​ទឹកចិត្ត​មេត្រី ស្រឡាញ់​រាប់អាន​គ្នា​ជា​រៀងរហូត​។​

​នេះ​ជា​ពិធីបុណ្យ​នៃ ព្រះពុទ្ធសាសនា​ដ៏​សំខាន់​មួយ​ដែល​ដូនតា​ខ្មែរ​បាន​គោរព​និង​រក្សា​មក​រហូតដល់​សព្វថ្ងៃ​។ ពិធី​នេះ​បាន​ក្លាយ​ជា​ទំនៀម​ប្រពៃណី​របស់​ខ្មែរ​ទៅហើយ​។ ការរក្សាបាន​នូវ​ទំនៀមប្រពៃ​ណី​នេះ ក៏​ឈ្មោះថា​រក្សា​នូវ​អត្តសញ្ញាណ​របស់​ខ្មែរ ដែល​ធ្វើ​ឲ្យ​វប្បធម៌​ខ្មែរ​នៅតែ​បន្ត​រស់រានមានជីវិត​ជា​អមតៈ​។​

គួរ​បញ្ជាក់ថា​ រាជរដ្ឋាភិបាល​ក៏បាន​ចាត់ចែង​រៀបចំ​កម្មវិធី​បុណ្យ​នេះ​នៅ​បរិវេណ​ព្រះមហាសក្យមុនី​ចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ (​ឧ​ត្តុ​ង្គ​)​ស្រុក​ពញាឮ ខេត្តកណ្ដាល​ ដោយមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ គ្រូ​ សិស្ស សីលវន្ត សីលវតី និង​ពុទ្ធបរិស័ទ​ចូលរួម​បំពេញ​កុ​សល​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ផងដែរ​៕

អត្ថបទ​ ៖ ​សំអឿន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ47 mins ago

​កាក​​សំណល់​​អាហារៈ​​ ចំនួន​៩០០​លាន​តោន​​​ត្រូវ​​បាន​​​បោះ​​ចោល​

ព័ត៌មានជាតិ8 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ12 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ13 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ13 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services