ព័ត៌មានជាតិ
លោក កឹម សុខា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក
លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រចាំង ដែលកំពុងរងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសនោះ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក ក៏ដូចជាបច្ចុប្បន្ន ហើយសង្ឃឹមថា ទៅអនាគត នឹងជួយកម្ពុជាបន្តទៀត លើវិស័យនានា ដូចជាវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម។
ការលើកឡើងរបស់លោក កឹម សុខា ខណៈជួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី កាលពីរសៀលថ្ងៃទី២៨ ខែមករា នេះ នៅគេហដ្ឋាន ដែលស្ថិតនៅខណ្ឌទូលគោក រាជធានីភ្នំពេញ។
លោក កឹម សុខា បានឲ្យដឹងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា នៅដើមនៃឆ្នាំថ្មីនេះ បន្ទាប់ពីជួបតំណាងប្រទេសមហាអំណាចទ្វីបអឺរ៉ុប កាលពីដើមសប្តាហ៍ លោកក៏បានជួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលជាតំណាងប្រទេសមហាអំណាច ជាមិត្តចាស់របស់កម្ពុជា ហើយដែលទើបតែមានប្រធានាធិបតីថ្មី រដ្ឋាភិបាលថ្មី ចូលកាន់តំណែង។

នៅក្នុងជំនួបនោះ លោកបានសម្តែងនូវការអបអរសាទរ និងជូនពរប្រធានាធិបតីអាមេរិក លោក Joe Biden ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការដឹកនាំ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិក និងជាពិសេសក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងប្រជាធិបតេយ្យក្នុងពិភពលោកដែលជាគុណតម្លៃរបស់សហរដ្ឋអាមេរិកផងដែរ។

បើតាមលោក កឹម សុខា ក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានស្វែងយល់ និងពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមក និងទៅអនាគត។ ជាពិសេសសម្រាប់រដ្ឋបាលថ្មីរបស់អាមេរិក តើនឹងអាចមានអ្វីថ្មី ? ហើយលោកក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក បច្ចុប្បន្ន និងសង្ឃឹមថា ទៅអនាគត លើវិស័យនានា ដូចជាវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ដោយផ្សារភ្ជាប់ជីវភាពរស់នៅ និង សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។

ដោយឡែក លោកក៏បានអរគុណផងដែរ ដែលសហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតមុនៗ ក៏ដូចជាលោក Patrick Murphy ដែលទទួលស្គាល់ នូវគុណតម្លៃឲ្យលោក ក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងគោលជំហររបស់លោក ដែលប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។

ជាក់ស្តែងក្នុងពេលថ្មីៗនេះ ទោះបីលោកមិនមានសិទ្ធិសេរីភាពពេញលេញក៏ដោយ ក៏លោកនៅតែខ្វាយខ្វល់ ទៅជួប និងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ តាមលទ្ធភាព និងឱកាស ដែលអាចធ្វើបាន។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ អាចជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ បើរកឃើញការពិតដូចការចោទប្រកាន់នោះមែន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


